បន្ទាប់ពីសាលារាជធានីភ្នំពេញ បានជួបប្រជុំជាមួយ លោក ម៉ម សុណង់ដូ នៅរសៀលថ្ងៃសុក្រនេះ សាលារាជធានី បានសម្រេចថា មិនអនុញ្ញាតឲ្យមានបាតុកម្ម តាមការស្នើសុំ របស់លោក ម៉ម សុណង់ដូ ប្រធានវិទ្យុសបុកឃ្មុំ ដែលទាមឲ្យពង្រីកការផ្សព្វផ្សាយវិទ្យុរបស់លោកឲ្យទូលំទូលាយ នៅទូទាំងប្រទេស និងសុំបង្កើតប៉ុស្តិ៍ទូរទស្សន៏ផ្ទាល់ខ្លួនឡើយ។
សាលារាជធានីភ្នំពេញបានសម្រេចថា មិនអនុញ្ញាតឲ្យលោក ម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ធ្វើបាតុកម្មរៀងរាល់សប្តាហ៏ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដោយចាប់ពីថ្ងៃទី២៧មករាសប្តាហ៏ក្រោយតាមការស្នើសុំនោះទេ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានប្រាប់វិទ្យុបារាំង បន្ទាប់ពីការប្រជុំថា ដំបូងសាលាក្រុង បានសុំឲ្យលោក ម៉ម សុណង់ដូ ពន្យារពេលធ្វើបាតុកម្ម ក្នុងហេតុផលថា បន្ទាប់ពីមានបាតុកម្ម ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស កាលពីថ្ងៃទី ២ និង៣មករាមក ស្ថានភាពក្នុងទីក្រុង គឺមានភាពផុយស្រួយជាខ្លាំង។ ដូច្នេះ ដើម្បីទប់ស្កាត់ភាពចលាចល ដែលអាចកើតមានជាយថាហេតុ សាលារាជធានី មិនអាចផ្តល់ការអនុញ្ញាតឲ្យមានបាតុកម្មជាថ្មី ទាំងការជួបជុំ ឬការហែក្បួននោះឡើយ។
លោកឡុង ឌីម៉ង់ បានបន្តថា ប្រសិនបើមានបាតុកម្ម ដោយមិនមានការអនុញ្ញាតពីសាលារាជធានី នោះអ្នកដឹកនាំបាតុកម្ម ត្រូវតែទទួលខុសត្រូវចំពោះហេតុការណ៏ ដែលបានកើតឡើង។ លោកថា សមត្ថកិច្ច ក៏នឹងចាត់វិធានការណ៍ចំពោះបាតុកម្មនោះផងដែរ។
ចំនែក លោក ម៉ម សុណង់ដូ បានប្រកាស ដោយបញ្ជាក់ជំហរ យ៉ាងច្បាស់ៗ តាមរយៈសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រ នៅស្នាក់ការវិទ្យុសំបុកឃ្មុំដែរថា បាតុកម្មទាមទារពង្រីកការផ្សព្វផ្សាយវិទ្យុឱ្យទូលំទូលាយនៅទូទាំងប្រទេស និងការសុំបង្កើតប៉ុស្តិ៍ទូរទស្សន៍ នឹងកើតមានឡើង បើទោះណាជាអាជ្ញាធរមិនអនុញ្ញាតឱ្យធ្វើបាតុកម្មក៏ដោយ។
លោក ម៉ម សុណង់ដូ ក៏បានអះអាងថា ការស្នើសុំពង្រីកការផ្សព្វផ្សាយវិទ្យុសំបុកឃ្មុំឱ្យទូលំទូលាយនៅទូទាំងប្រទេសនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋដែលជាប្រិយមិត្តរបស់វិទ្យុតែប៉ុណ្ណោះ។ ហើយលោកថា ពលរដ្ឋនាពេលបច្ចុប្បន្នក៏ចង់ឱ្យមានទូរទស្សន៍សំបុកឃ្មុំ ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយផងដែរ។
គួររំលឹកថា ការប្រកាសធ្វើបាតុកម្មទាមទារស្នើសុំពង្រីកការផ្សព្វផ្សាយ និងសុំបង្កើតប៉ុស្តិ៍ទូរទស្សន៍នេះ គឺកើតឡើងក្រោយពេលដែលក្រសួងព័ត៌មាន បានអះអាងថា មិនមានហ្វ្រេកង់ប៉ុស្តិ៍ទូរទស្សន៍ និងវិទ្យុដែលនៅសល់ សម្រាប់វិទ្យុ និងទូរទស្សន៏សំបុកឃ្មុំនោះទេ។
យ៉ាងណាក៏ដោយ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ហ្វ្រេកង់ទូរទស្សន៍ និងហ្វ្រេកង់ផ្សាយបន្តដល់លោក ម៉ម សូណង់ដូ ព្រោះថា ព័ត៌មានការហ៊ានរិះគន់ គឺជាកញ្ចក់ឆ្លុះសង្គមមួយ ដែលអាចជួយដល់រដ្ឋាភិបាលក្នុងការកែលម្អការអនុវត្តការងារទៅវិញនោះទេ៕
Labels:
ព័ត៌មានជាតិ
Previous Article
