រួចទេ ព្រោះមិនមានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទេ។លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃសុក្រ ទី៣១ ខែមករា ថា ទិសដៅនាថ្ងៃអនាគតរបស់គណបក្សប្រឆាំង គឺបន្តស្នើឲ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាច ឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ឲ្យរៀបចំបោះឆ្នោតមុនអាណត្តិ។
លោកបន្តថា គណបក្សនេះនឹងធ្វើសកម្មភាពស្វែងរកយុត្តិធម៌ទៅតុលាការជាតិ និងអន្តរជាតិ ជូនកម្មកររងគ្រោះដែលត្រូវសមត្ថកិច្ចរដ្ឋាភិបាលបាញ់សម្លាប់ក្នុងពេលធ្វើបាតុកម្មអហិង្សា ទាមទារប្រាក់ខែគោល ១៦០ដុល្លារ កាលពីដើមខែមករា។
លោក កឹម សុខា បន្ថែមថា ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ថ្មីៗនេះ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ បានកំណត់ថា ផ្អាកការធ្វើបាតុកម្មមួយរយៈពេលសិន ប៉ុន្តែបានបន្ថែមបេសកកម្មចុះមូលដ្ឋានជួបជាមួយម្ចាស់ឆ្នោត ចាប់ពីខែកុម្ភៈ តទៅ៖ «យុទ្ធសាស្ត្រយើងនៅដដែល ប៉ុន្តែយុទ្ធវិធីរបស់យើង គឺយើងធ្វើការងារទូតច្រើន ពង្រីកការការទូតដើម្បីទាក់ទាញការគាំទ្រពីអន្តរជាតិ។ ហើយក៏យើងក៏កំពុងឲ្យអន្តរជាតិ ធ្វើការគាបសង្កត់ទៅលើការដឹកនាំខុសច្បាប់របស់គណបក្សប្រជាជនកម្ពុជា ហ្នឹង។ អាហ្នឹងជាយុទ្ធសាស្ត្រធំទី១របស់យើង។ ទី២ គឺយើងនៅតែធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ គ្រាន់តែក្នុងមួយរយៈពេលនេះ គឺយើងមិនទាន់ធ្វើមហាបាតុកម្មទៀតទេ គឺយើងចុះជួបប្រជាពលរដ្ឋ ឬសកម្មជនផ្ទាល់នៅតាមមូលដ្ឋាន ឬតាមបណ្ដាខេត្តនានា»។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានកំណត់ពេលវេលាជួបចរចាជាថ្មី ជុំវិញវិវាទនយោបាយក្រោយការបោះឆ្នោតសភានីតិកាលទី៥នៅឡើយទេ។
យ៉ាងនេះក្តី លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើមេដឹកនាំគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិ គឺទាមទារឲ្យបក្សប្រឆាំងចូលប្រជុំសភាជាមុន ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬឈានដល់កែប្រែច្បាប់បោះឆ្នោត។ ប្រមុខការទូតកម្ពុជា ថ្លែងដូច្នេះនៅក្នុងជំនួបជាមួយ លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស ព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា គ្មានច្បាប់តម្រូវឲ្យមានការបោះឆ្នោតឡើងវិញទេ។ លើសពីនេះ លោកថា បើតាមរដ្ឋធម្មនុញ្ញ រូបលោក ឬព្រះមហាក្សត្រក្តី រួមនឹងរដ្ឋសភាខ្លួនឯង ក៏គ្មានសិទ្ធិរំលាយរដ្ឋសភាចោលដែរ។ លោកបន្តថា ចំពោះការបោះឆ្នោតអាចធ្វើទៅបានជារៀងរាល់ ៥ឆ្នាំម្តង ដូចបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា គឺមិនអាចបោះឆ្នោតមុនអាណត្តិបានទេ៖ «នៅកម្ពុជា មានរដ្ឋធម្មនុញ្ញមួយដែលបានកំណត់ ហើយដែលខុសពីប្រទេសដទៃ។ ប្រទេសដទៃ គឺអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីប្រកាសរំលាយសភា ប៉ុន្តែនៅកម្ពុជា មាត្រាទី៧៨ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា សភាមាននីតិកាល ៥ឆ្នាំ។ សភា មិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលរំលាយ២ដងក្នុងរយៈពេល១២ខែ។ ដូច្នេះ នៅទីនេះ នាយករដ្ឋមន្ត្រីក៏គ្មានសិទ្ធិរំលាយសភា ព្រះមហាក្សត្រក៏គ្មានសិទ្ធិរំលាយសភា និងសភាខ្លួនឯង ក៏គ្មានសិទ្ធិរំលាយសភា។ ដូច្នេះ តើនរណាមួយដែលមានសិទ្ធិរំលាយសភា ដើម្បីធ្វើការបោះឆ្នោតឡើងវិញ។ ដូច្នេះសូមអ្នកទាមទារទាំងឡាយ មើលច្បាប់ឲ្យបានច្បាស់»។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) មានប្រសាសន៍ថា អ្នកនយោបាយឈ្នះអាសនៈសភានីតិកាលទាំងពីរ ត្រូវរួមគ្នាអនុវត្តតាមរដ្ឋធម្មនុញ្ញឲ្យបានទាំងអស់គ្នា ដើម្បីបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់គោល និងជាច្បាប់កំពូលរបស់ជាតិ។ ប្រសិនបើគណបក្សទាំងពីរលោកអនុវត្តបានទៅតាមច្បាប់រដ្ឋធម្មនុញ្ញនោះ គឺជារឿងល្អប្រសើរ។ ប៉ុន្តែ អ្វីដែលយើងធ្វើការកត់សម្គាល់នោះ គឺការបកស្រាយហ្នឹង មានភាពកេងចំណេញ ដើម្បីជាផលប្រយោជន៍ទៅខាងគណបក្សតែរៀងៗខ្លួន។ ត្រង់នេះហើយ ដែលធ្វើឲ្យមានការប្រឈមរវាងគណបក្សទាំងពីរ»។
ការបោះឆ្នោតនីតិកាលទី៥ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសនៈសភាចំនួន៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ មិនយល់ព្រមទទួលយកលទ្ធផលនេះទេ ដោយចោទថា មានការបន្លំសន្លឹកឆ្នោត និងបន្តតវ៉ាទាមទារយុត្តិធម៌លើលទ្ធផលបោះឆ្នោតរហូតមកដល់ពេលនេះ៕