Pages

Friday, January 31, 2014

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផ្ដល់​ការ​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​៣​កុម្ភៈ

ជំងឺ​ភ្នែក ៦១០
ក្រុម​គ្រូពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ជំងឺ​ភ្នែក ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ខេត្ត-ក្រុង​នានា ឲ្យ​អញ្ជើញ​រួស​រាន់​មក​ទទួល​ការ​វះ​កាត់​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយ​ឥត​គិត​ថ្លៃ។ការ​ទទួល​ព្យាបាល​មាន​រយៈពេល ៥​ថ្ងៃ ដែល​នឹង​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ប្រធាន​អគារ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គ្រូពេទ្យ ឱ ធីតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា អ្នក​មាន​ជំងឺ​ភ្នែក​គ្រប់​វ័យ​តាំង​ពី​កុមារ​ដល់​មនុស្ស​ចាស់​ជរា អាច​មក​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ រួម​ទាំង​ថ្លៃ​បាយ និង​ថ្លៃ​បន្ទប់​សម្រាក​ផង។

ដោយ​ឡែក សម្រាប់​អ្នក​មាន​ជំងឺ​បាត​ភ្នែក​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម ពួក​គាត់​អាច​អញ្ជើញ​មក​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​សប្ដាហ៍​បន្ទាប់​ពី​យុទ្ធនាការ​នេះ។

អ្នកស្រី ឱ ធីតា បញ្ជាក់​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ក្រុម​គ្រូពេទ្យ​ប្រទេស​អូស្ត្រាលី ហៅ​ថា ហ្វ្រេដហាឡូស៍ (Fred Hallows Foundation) និង​មាន​ការ​ចូល​រួម​របស់​ក្រុម​គ្រូពេទ្យ​ពី​ប្រទេស​សិង្ហបុរី ផង ក្នុង​ការ​យុទ្ធនាការ​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​លើក​នេះ៕