នៅថ្ងៃទី ២៩មករានេះ គឺជាថ្ងៃបញ្ចប់នៃការដើរហែរក្បួនដាក់ញត្តិរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជា ១៩០ស្ថាប័ន ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធមនុស្ស ចំនួន ២៣នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៣មករា។ ក្បួនដង្ហែរបដែលមានមនុស្សប្រមាណជា ២០០នាក់ ក៏មានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចខ្លះដែរ ប៉ុន្តែ គ្មានអំពើហិង្សាណាមួយកើតឡើងទេ។ ទីបំផុត ពួកគេបានយកញត្តិទៅដាក់នៅស្ថានទូតនិងស្ថាប័នអន្តរជាតិជាច្រើន។
តំណាងអង្គការសង្គមស៊ីវិលជាតិនិងអង្គជាតិប្រមាណ ២០០នាក់ តំណាងឲ្យ ១៩៦ស្ថាប័ន នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នា ដើរហែក្បូនយកញតិទៅដាក់នៅតាមស្ថានទូតមួយចំនួនជាបន្តទៀត។ នេះគឺជាថ្ងៃចុងក្រោយនៃការដាក់ញតិបន្ទាប់ពីបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី ២១មករា។ ជាការដាក់ញត្តិនេះគឺដើម្បីទាមទារឲ្យស្ថានទូតនានាជួយអន្តរាគមន៍ឲ្យរដ្ឋាភិបាលដោះលែងសកម្មជន ដែលត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបរបស់សមត្ថកិច្ច កាលពីថ្ងៃទី២និងទី៣មករា និងសុំឲ្យបញ្ឈប់អំពើហិង្សា។នៅព្រឹកថ្ងៃពុធនេះ ក្បួនហែរបស់ក្រុមអង្គការសង្គមស៊ីវិល បានយកញត្តិ ទៅដាក់នៅស្ថានទូត សិង្ហបុរី ប្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងបញ្ចប់នៅស្ថានទូតចិន។ ស្ថាប័នអង្គការសហប្រជាជាតិក៏ត្រូវបានពួកគេយកញត្តិទៅដាក់ជូនដែរ។ យ៉ាងណាក៏ដោយ ក្រុមសកម្មជនបានជួបនឹងការរារាំងពីអាជ្ញាធរសមត្ថកិច្ច ក្នុងអំឡុងពេលកំពុង ធ្វើដំណើរចេញពីស្ថានទូតសិង្ហបុរី។
លោក រ៉ាត់ រត្នមុនី អគ្គលេខាធិការរងសហភាពសហជីពកម្ពុជាដែលបានចូលរួមក្នុងការដើរដាក់ញត្តិនោះ បានប្រាប់វិទ្យុបារាំងថា សមត្ថកិច្ចបានរារាំងការដើរហែក្បួនរបស់ក្រុមសកម្មជនសិទ្ធិមនុស្ស ហើយស្រែកប្រកាសតាមមេក្រូ ឲ្យក្រុមរបស់លោកឈប់ដើរ ដោយជើង និងរកយានជំនិះជិះវិញ។ ដើម្បីចៀសវាងការប្រឈមមុខ ក្រុមអង្គការសង្គមស៊ីវិល ក៏បានយល់ព្រមតាមសំណើររបស់សមត្ថកិច្ច ដោយនាំគ្នាជិះយានជំនិះ មានដូចជាម៉ូតូកង់បី និងម៉ូតូ ដើម្បីយកញត្តិ ទៅដាក់ស្ថានទូតផ្សេងៗជាបន្តទៀត។ នេះបើតាមលោក រ៉ាត់ រត្នមុនី។
យ៉ាងណាក៏ដោយ មន្ត្រីព័ត៌មាន នៅក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន កញ្ញា ឡុង គឹមហៀង បាននិយាយថា សមត្ថកិច្ច ក៏នៅតែបន្តឃ្លាំមើលការដាក់ញត្តិរបស់សង្គមស៊ីវិល រហូតទាល់តែចប់ ជាពិសេសគឺនៅជុំវិញស្ថានទូតវៀតណាម។ ប៉ុន្តែ ដំណើរការដាក់ញតិ្តនៅព្រឹកថ្ងៃទី២៩មករានេះ ត្រូវបានកញ្ញា គឹមហៀង អះអាងថាមានសញ្ញាវិជ្ជមានច្រើន ព្រោះថាតំណាងស្ថានទូតមួយចំនួនដែលចេញមកទទួលញត្តិបានសម្តែងការពេញចិត្តចំពោះសកម្មភាពទាមទារសិទ្ធិមនុស្សរបស់ក្រុមអង្គការសង្គមស៊ីវិល។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២១មករាមក ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានយកញត្តិទៅដាក់ជូនស្ថានទូតបរទេសចំនួន២០ស្ថានទូតហើយ។ នេះបើតាមកញ្ញា ឡុង គឹមហៀង៕