ហេតុអ្វី​សហភាព​អឺរ៉ុប​ប្រើ​ពេល​យូរ​ទើប ព្រម​ចុះ​ជួយ​បារាំង នៅ​អាហ្វ្រិក​កណ្តាល



ទាហាន​នៃ​កងកម្លាំង​Sangaris ធ្វើ​ត្បាត​តាម​ថ្នល់​ក្រុងបង់ហ្គី ថ្ងៃ​ទី ១៨ មករា ២០១៤
ដោយ អៀង សុខម៉ិញ
ជា​ច្រើន​សប្តាហ៍​មក​ហើយ ដែល​លោក​ប្រធានាធិបតី​បារាំង បាន​ទាមទារ​ការគាំទ្រ​​ពី សហភាព​អឺរ៉ុប។ ឥលូវ​បានទទួល​ហើយ ! រដ្ឋមន្ត្រីក្រសួង​ការបរទេស​អឺរ៉ុប​ទាំង​២៨ បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆ័ន្ទ កាលពី​ថ្ងៃ​ចន្ទ​ទី ២០​មករា ក្នុង​ចូល​ធ្វើ​អន្តរាគមន៍​នៅ​សាធារណរដ្ឋ​​អាហ្វ្រិក​កណ្តាល​ជាមួយ​បារាំង​ ដោយបាន​
សម្រេច​បញ្ជូន​​ទាហាន​កន្លះពាន់​ទៅ​បន្ថែម​ក្នុង​ប្រតិបត្តិការ Sangaris សម្រាប់​រយៈពេល​៦​ខែ។ ពេល​នេះ​បារាំង​លែង​ឯកោ​ទៀត​ហើយ ប៉ុន្តែ​សួរ​តើ​ថា​ប្រទេស​ជា​សមាជិក​អឺរ៉ុប​មួយ​ បញ្ជូនទ័ព​ប៉ុន្មាន ? តើ​ទាហាន​ទាំង​នោះមាន​តួនាទី​អ្វី​ខ្លះ​ ? ពេល​ណា​ទ័ព​បន្ថែម​នឹង​ផ្តើម​ធ្វើ​ប្រតិបត្តិការ ? ហេតុ​អ្វី​អឺរ៉ុប​ប្រើ​ពេលដល់​ទៅ​ពីរ​ខែ​ទើប​ព្រមចូល​ជួយ ? 
ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប នៅ​ទី​បំផុត ព្រម​ផ្តល់​ការ​គាំទ្រ​ដល់​បារាំង ទាំង​ផ្នែក​សម្ភារៈ និង​កម្លាំង​មនុស្ស​ បន្ទាប់​ពី​បារាំង​ចាប់​បើ​ក​ប្រតិបត្តិការ​ « Sangari » អស់​ជិត​ពីរ​ខែ ជា​មួយ​កម្លាំង​ទ័ព​១៦០០​នាក់។ ថ្វី​បើ​បាន​​​ផ្តល់​ភ្លើង​ខៀវ​ ព្រម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ប្រកប​ដោយ​ឆន្ទៈ​​ និង​ដោយ​សំឡេង​ជា​ឯកច្ឆ័ន្ទ ក្នុង​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ​មែន ប៉ុន្តែ​នៅ​មាន​ចំណុច​លម្អិត​​​ជាក់​ស្តែង និង​លើ​សមរភូមិ​ជា​ច្រើន​ទៀត ដែល​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ ដូចជា ៖ ក្បាល​ម៉ាស៊ីន​បញ្ជាការ​យោធា ទីតាំង​ភូមិសាស្ត្រ​នយោបាយ បរិមាណ​ទ័ព​ប្រយុទ្ធ​ ឬ​ច្បាប់​វិធាន​​នៃ​កា​រប្រយុទ្ធ ... និង​ចុង​ក្រោយ​ត្រូវ​មាន​ការ​អនុម័ត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិទៀត។

បើ​និយាយ​ពី​លទ្ធផល​នៅក្រដាស ការព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​នេះ គឺ​ជា​ជោគជ័យ​នយោបាយ​​មួយ​របស់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់។ អាល្លឺម៉ង់ មិន​បោះបង់​បារាំង​ឱ្យ​ឯការ អឺរ៉ុប​ទាំង​មូល​មិន​អាច​បណ្តោយ​ឱ្យ​បារាំង​លុង​ខ្លួន​ម្នាក់​ឯង ព្រោះ​ផលវិបាក​នៃ​សង្គ្រាម​រ៉ាំរៃ​នៅអាហ្វ្រិក នឹង​ប៉ះពាល់​ប្រយោជន៍​អឺរ៉ុប​ទាំង​មូល។ បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បើ​អាហ្វ្រិក​ជួប​​​អស្ថិរភាព នោះ​នឹង​មាន​វិបត្តិ​ជនភៀសខ្លួន ភេរវកម្ម​ ដែល​អាច​ហៀមក​ដល់​អឺរ៉ុប។

អឺរ៉ុប​កម្រ​នឹង​ចេញ​ធ្វើ​ប្រតិបត្តិការ​យោធា​ណាស់ អន្តរាគមន៍​យោធា​ក្រោយ​គេ​បង្អស់​គឺ​នៅ​ឆ្នាំ​២០០៨។ ប៉ុន្តែ​ស្ថានការណ៍​នៅ​អាហ្វ្រិក​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​ទាល់​តែ​សហភាព​អាច​ជម្នះ​ភាព​ប្រទាំង​ប្រទើស​គ្នា​បាន។ តាមការពិត​ វា​គួរ​ឱ្យ​ចម្លែក​ដែរ ដែលសហភាព​អឺរ៉ុប​ត្រូវ​ការ​ពេល​វេលា​យ៉ាង​យូរ​ទម្រាំ​ចេញ​ជា​សំឡេង​តែ​មួយ​ដូច្នេះ។ នេះ​ជា​លក្ខណៈ​ពិសេស​របស់​អឺរ៉ុប ព្រោះ​រាល់​ប្រតិបត្តិការយោធា​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សន្តិសុខ និង​ការពារ​រួម ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ទើប​បាន។ គ្រប់​ប្រទេស​ជា​សមាជិក​ត្រូវ​តែ​ព្រម​ បើ​ទោះ​បី​ជា​គ្រប់​គ្នា​មិន​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ក៏​ដោយ។ ចំណុច​នេះ​ហើយ​ដែល​ចោទ​ជា​បញ្ហា​ កាលពី​ដំបូងនោះ។ សមាជិក​ភាគ​ច្រើន យល់​និង​ជួយ​គាំទ្រ​ប្រតិបត្តិការ​យោធា​បារាំង​នៅ​អាហ្វ្រិក​កណ្តាល​ ប៉ុន្តែ​អង់គ្លេស​ជំទាស់។

ចុះ​ហេតុ​អ្វី​អង់គ្លេស​ប្តូរ​ចិត្ត​នៅ​ពេល​នេះ ? ​ការជំទាស់​របស់​អង់គ្លេស​ មិន​មែន​ការ​ប្រឆាំង​ដាច់ខាត​ដោយ​ចំពោះ​ទេ។ បើ​តាម​អ្នក​វិភាគ​ខ្លះ គឺ​បណ្តាល​មក​ពី មួយ​រយៈចុងក្រោយ​នេះ អង់គ្លេស​បាន​ដក​ខ្លួន​ចេញ​ឆាក​អន្តរជាតិ ស្ទើរ​បាត់​មុខ​បាត់​មាត់​ខុស​ពីទម្លាប់នេះ មក​ពី​អង់គ្លេស​មាន​វិបត្តិ​ផ្ទៃក្នុង​ ប្រឈម​មុខ​នឹង​ការ​ធ្វើ​ប្រជាមតិ​ ទាមទារ​ឯករាជ្យ​តំបន់​អេកូស​ផង និង​ការ​រក្សា​អង់គ្លេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង ពោល​គឺ​អង់គ្លេស​វក់វី​នឹង​រឿង​ក្នុង ជាង​នឹកគិត​ដល់​​អត្តសញ្ញាណ​អឺរ៉ុប​។

ម្យ៉ាង​វិញ​ទៀត វា​ស្ទើរ​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​អង់គ្លេស​មិនសូវ​អើពើ​​នឹង​បេសកកម្ម​នយោបាយ​សន្តិសុខ និង​ការពាររួម​ថ្នាក់​សហភាព​អឺរ៉ុប​នោះ។ នេះ​គឺ​ជា​ជំហរ​មនោគមវិជ្ជា​។ អង់គ្លេស​ចូលចិត្ត​​បេសកកម្ម​ណា​ដែល​សមស្រប​ ដែល​រដ្ឋ​មួយ​ណា​ចង់​រដ្ឋ​នោះ​ធ្វើ។ ប៉ុន្តែ​នៅ​ពេល​ត្រូវ​ការ​សំឡេង​ជា​ឯកច្ឆ័ន្ទ​ នោះ​គឺ​ជា​ជំហរ​ការទូត​របស់​អឺរ៉ុប​ទាំង​មូល មិន​មែន​ជា​ប្រទេស​មួយ​ណា​ទេ។

ការព្រមព្រៀង​​នៅ​ព្រុចសែល​ កាលពី​ថ្ងៃ​ចន្ទ​ទី ២០​មករា ជា​ការព្រមព្រៀង​​លើ​អន្តរាគមន៍​យោធា​អឺរ៉ុប​។ រាល់​ពេល​មាន​បេសកកម្ម​បែប​នេះ គឺ​រដ្ឋនីមួយៗ​ជា​សមាជិក ជា​អ្នក​សម្រេច​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​ឬ​អត់។ ដូច្នេះ​ជា​កងពល​​ជាតិ​ ដែល​នឹងត្រូវដាក់​ពង្រាយ​នៅ​តាម​សមរភូមិ ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប មិន​មែន​កងទ័ព​អឺរ៉ុប​ទេ ព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កម្លាំង​យោធា​ទេ។

ពេល​នេះ​ជា​ដំណាក់​កាល​ផុយ​ស្រួយ​បំផុត មាន​ការ​ព្រមព្រៀង​នយោបាយ​ហើយ ​ក្រុម​ប្រទេស​ជា​សមាជិក​ទាំង​២៨​ត្រូវ​ មក​អង្គុយ​ដំកង់​ ​ប្រកាស​​ម្តង​ម្នាក់​អំពី​​​វិភាគ​ទាន ចំនួន​កម្លាំង​ទាហាន​ដែល​ត្រូវ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ រក្សា​សុវត្ថិភាព​រដ្ឋ​ធានី បង់ហ្គី និង​តំបន់​អាកាសយានដ្ឋាន។ នេះ​ជា​ការ​លំបាក​បំផុត​មួយ។ ​គេ​បាន​ដឹង​ថា​ នឹង​មាន​ទ័ព​អឺរ៉ុប​បន្ថែម ពី ៣០០ ទៅ​៥០០​នាក់ ទៅ​ជួយ​ទ័ព​បារាំង​លើ​សមរភូមិស្រាប់ ក្នុង​នោះ​១៥០​នាក់​ ទំនង​ជា​ចំណែក​​របស់​បែលហ្សិក ប៉ូឡូញ​ជួយ​ធ្វើ​ប្រតិបត្តិការ​មនុស្ស​ធម៌​និង​ឱ្យ​យន្តហោះ​មួយ​គ្រឿង​ទៅ​ទ័ព​បារាំង​ប្រើ អង់គ្លេស​និង​អាល្លឺម៉ង់​ ទំនង​ជា​មិន​ជួយ​ផ្នែក​កម្លាំង​ទ័ពលើ​សមរភូមិ​​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទោះ​យឺត​ក្តី តិច​តួចក្តី​​ ក៏​ការព្រមព្រៀង​នាពេល​នេះ បង្ហាញ​យ៉ាង​ច្បាស់​អំពី សាមគ្គីភាព​​ចំពោះ​បារាំង ចំពោះ​សកម្មភាព​បារាំង​នៅអាហ្វ្រិក​កណ្តាល​។ ជំហរ​គាំទ្រ​ដែល​បារាំង​ចង់​បាននិង​ស្វាគមន៍​​ជា​និច្ច​ ទោះ​នៅមាន​ការ​ស្មុគស្មាញ​​ទៀត​ក៏​ដោយ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors