សកម្មជន​ចង់​ឲ្យ​ធនាគារ​ ANZ ពិចារណា​ឡើង​វិញ​អំពី​គម្រោង​ដែល​រំលោភ​សិទ្ធិ​មនុស្ស





វ៉ាស៊ីនតោន៖ ក្រុម​អ្នក​តស៊ូ​មតិ​ចង់​ឃើញ​ធនាគារ​ ANZ ​គិត​គូរ​ឡើង​វិញ​ចំពោះ​ការ​ផ្តល់​ថវិកា​ កម្ចី​ដល់​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​រំលោភ​បំពាន​ដីធ្លី។
អង្គការ​សមធម៌​កម្ពុជា​ (Equitable ​Cambodia) ​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​ធនាគារ ANZ​ របស់​ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់ (New Zealand) ​ដែល​រកស៊ី​ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​បាន​ផ្តល់​កម្ចី​

ដល់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ​ Phnom ​Penh ​Sugar ដើម្បី​អភិវឌ្ឍ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺដែល​ប្រជា​សហគមន៍​ចាត់​ទុកថា ​បាន​រំលោភ​បំពាន​ដីធ្លី​របស់​ពួក​គេ​ បំផ្លាញ​បរិស្ថាន​ ផល​ប្រយោជន៍​សារធារណៈ​ដែល​ជា​ការ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ធនាគារ​នេះ។
លោក​ អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​បាន​អះអាង​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​ថា៖ ​«ការ​ឲ្យ​ខ្ចី​មិន​មែន​ជា​ការ​ខុស​ទេ​ តែ​ក្រុមហ៊ុន​មួយៗ​ គេ​មាន​ច្បាប់​របស់​គេ​ ហើយ​ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់។ ប្រសិន​បើ​ក្រុមហ៊ុន​នោះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​អ្នក​ដែល​ឲ្យ​លុយ​ខ្ចី​មិន​បាន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ឲ្យ​លុយ​ទៅ​ដល់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការ​រំលោភ​មក​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ នោះ​ក្រុមហ៊ុន​នោះ​ឯង​ឬ​ធនាគារ​នេះ​ គឺ​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​ជា​ច្រើន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ បាត់បង់​ដី​ស្រែ​ចម្ការ ​មុខរបរ​ អនុផល​ព្រៃឈើ​ដោយសារ​តែ​ការ​រំលោភ​បំពាន​ដីធ្លី​ក្រុមហ៊ុន​ដាំស្ករ​អំពៅ​នេះ។

លោក ​ផល វណ្ណៈ ​តំណាង​សហគមន៍​ស្ពង់​ ខេត្ត​កំពង់ស្ពឺ ​ដែល​រង​ផល​ប៉ះពាល់​ មួយ​កន្លែង​ក្នុង​ចំណោម​ជាច្រើន​កន្លែង​ទៀត​បាន​អះអាង​ថា ការ​ផ្តល់​កម្ចី​ទៅ​ដល់​ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គឺ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​ការ​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​នោះ ​គឺ​ជា​ការ​រំលោភ​គោលការណ៍​របស់​ខ្លួន​យ៉ាង​ខ្លាំង។

«ត្បិត​ថា​វា​ជា​គម្រោង​ចង​ការ​ យក​ការ​ប្រាក់​មែន​ តែ​សួរ​ថា​ ចុះ​បើ​លុយ​ហ្នឹង​អ្នក​ទាំង​នោះ​យក​ទៅ​ដាំ​កញ្ឆា​ យក​ទៅ​ធ្វើ​គ្រឿង​ញៀន​ យក​ទៅ​សម្លាប់​មនុស្ស​ឲ្យ​ ឬ​អត់?​ អញ្ចឹង​បក​មក​វិញ​ឲ្យ​លុយ​មក​ លី យ៉ុងផាត់ ​ធ្វើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​ តែ​លី យ៉ុងផាត់​មក​យក​ដី​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ស្រែ​ចម្ការ​ប្រចាំ​ឆ្នាំ​ ហើយ​បំផ្លាញ​ ធនធាន​ធម្មជាតិ​ដូច​ជា​តំបន់​អភិរក្ស​ព្រៃ​សហគមន៍​ បំពុល​បរិស្ថាន​ដូច​ជា​បង្ហូរ​ ជាតិ​ពុល​ ធ្វើ​ឲ្យ​ងាប់​ត្រី​ គោ​ផឹក​ទឹក​ទៅ​ងាប់​គោ។ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ ជំងឺ​ជា​ច្រើន​ថ្មីៗ​នេះ។​ នេះ​ជា​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​ ANZ។​ អញ្ចឹង​ទេ ​ខ្ញុំ​សំណូមពរ​ទៅ ​ANZ ​លោក​រួសរាន់​ធ្វើ​ការ​ដាក់​សម្ពាធ​ឬ​ក៏​ធ្វើ​ការ​និយាយ​ជាមួយ​ខាង​ក្រុមហ៊ុន​ភ្នំពេញ​ Sugar​ ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អមលាំង​ហ្នឹង​ឲ្យ​ទាន់​ពេល​វេលា ព្រោះ​អី​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ស្បៀង​ហូបចុក»។

លោក​ថា ​ពលរដ្ឋ​ពេល​នេះ​គ្មាន​ស្រែ​ បាត់​បង់​របរ​ផ្អែក​លើ​ការងារ​លោក​ លី យ៉ុងផាត់​ ឲ្យ​បាន​កំរ៉ៃ​១ម៉ឺន​៥ពាន់​ មិន​អាច​ធៀប​នឹង​ទំនិញ​ទី​ផ្សារ។​ លោក​ថា​ ធនាគារ​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​រឿង​នេះ។​ លោក​ក៏​បាន​ព្រមាន​ថា​នឹង​ប្តឹង​ឲ្យ​មាន​អន្តរាគន៍​បន្ថែម​ទៀត​បើ​គ្មាន​ការ​ដោះស្រាយ។​ តែ​មន្ត្រី​ធនាគារ​ ANZ ​បាន​ អះអាង​ថា​នឹង​តាម​ដាន​ហើយ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​នេះ​រវាង​ក្រុមហ៊ុន​និង​សហគមន៍៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors