កូរ៉េខាងត្បូង៖កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​នៅ​ត្រីមាសទី៤ ឆ្នំា ២០១៣ តែ​កំពុង​មាន​សន្ទុះ​ឡើង​វិញ



កូរ៉េខាងត្បូង៖កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​នៅ​ត្រីមាសទី៤ ឆ្នំា ២០១៣ តែ​កំពុង​មាន​សន្ទុះ​ឡើង​វិញ
ដោយ គួច គន្ធារ៉ា
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មករា​នេះ ធនាគារកណ្តាល​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​តួលេខ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច។ ដូច​ដែល​បាន​គ្រោង​ទុក កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាសទី៤ ឆ្នំា ២០១៣ មាន​ការ​ធ្លាក់​ចុះ​បន្តិច តែ​សន្ទុះ​កំណើន​បាន​ងើប​ឡើង​វិញ​ហើយ​សម្រាប់​ប្រទេស​មហាសេដ្ឋកិច្ច​ទី៤ នៅ​ទ្វីបអាស៊ី​មួយ​នេះ។
នៅ​ក្នុង​ត្រីមាស​ទី៤ ឆ្នំា ២០១៣ កំណើន​សេដ្ឋកិច្ច​ដែល​កូរ៉េខាងត្បូង​ទទួល​បាន​មាន​ចំនួន ៣,១% ទល់​នឹង ៣,៩% កាល​ពី​ត្រីមាស​ទី៤ ក្នុង​ឆ្នំា ២០១២។ តួលេខ​នេះ​ពិត​ជា​មិន​ខុស​គ្នា​នឹង​តួលេខ​ដែល​ក្រុមអ្នកសេដ្ឋកិច្ច​បាន​ទាយទុក​នោះ​ទេ។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ចេញ​ផ្សាយ​ថ្ងៃ​នេះ ធនាគារកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចំណាយ​នៅ​ក្នុង​វិស័យ​សាងសង់​មាន​ការ​ថយចុះ​ប្រមាណ​ជា ៣,៨% នៅ​ក្នុង​ត្រីមាសទី៤ ដោយសារ​តែ​ការ​ធ្លាក់​សន្ទុះ​របស់​ទីផ្សារ​អចលនទ្រព្យ។ តែ​ទន្ទឹម​គ្នា​នេះ ការ​ធ្វើ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការ​កើន​ឡើង។ ចំណែក​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក៏​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ០,៩% ដែរ នៅ​ក្នុង​ត្រីមាសទី៤ ឆ្នំា ២០១៣។

ងាក​ទៅ​មើល​វិស័យ​នំា​ចេញ​ដែល​តំណាង​ឲ្យ​ជិត​ពាក់កណ្តាល​នៃ​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​នោះ គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ២% ក្នុង​ត្រីមាសទី៤ និង​បើ​គេ​គិត​សម្រាប់​ពេញ​មួយ​ឆ្នំា ២០១៣ គឺ​មាន​ការ​កើន​ឡើង​ចំនួន ៥,៥% ពោល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥៥ ៩៧២លានដុល្លារ។ ផលិតផល​ដែល​កូរ៉េខាងត្បូង​បាន​នំា​ចេញ​ច្រើន​ជាង​គេ គឺ​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត ព្រម​ទំាង​ផលិតផល​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ដូច្នេះ​បើ​គិត​សរុប​ពេញ​មួយ​ឆ្នំា ២០១៣ កូរ៉េខាងត្បូង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ២,៨% ទល់​នឹង ២% ក្នុង​ឆ្នំា ២០១២។ តែ​ជាមួយ​នឹង​ផែនការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល រួម​ផ្សំ​ជាមួយ​នឹង​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អប្រសើរ​បន្តិច​នា​ពេល​នេះ ធនាគារកណ្តាល​កូរ៉េខាត្បូង​បាន​ប្រមើលមើល​ថា អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នំា ២០១៤ នេះ​នឹង​អាច​មាន​រហូត​ដល់​ទៅ ៣,៨%៕





 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors