Pages

Sunday, January 26, 2014

រដ្ឋាភិបាល​ហ្វីលីពីន​នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​ ជាមួយ​ក្រុមឧទ្ទាម​រំដោះ​ម៉ូរ៉ូ​ ក្នុងខែ​កុម្ភៈ​រឺ​មិនា​

ក្រុមឧទ្ទាម​អ៊ីស្លាម​រណសិរ្ស​ម៉ូរ៉ូ MILF ដើរល្បាត​ក្នុង​ខេត្ត​ Sultan Kudarat ហ្វីលីពីន ថ្ងៃ​៩តុលា ឆ្នាំ២០១២។
ដោយ ព្រំ សឿន សូលីណា
នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋាភិបាល​ក្រុងម៉ានីល និង​ក្រុមឧទ្ទាមអ៊ីស្លាម​​រំដោះម៉ូរ៉ូ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​​ប្រទេស បាន​ប្រកាស​ទាំងអស់​គ្នា​ថា ភាគីទាំង២​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ក្នុង​ប៉ុន្មាន​សប្តាហ៍​ក្រោយនេះហើយ។ ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ នឹង​ជួយ​​ហ្វីលីពីន​បិទបញ្ចប់​ការបះបោរ​ហិង្សា​ក្នុង​ប្រទេស​ តាំងពីឆ្នាំ​១៩៧០មក។

នៅ​ហ្វីលីពីន រដ្ឋាភិបាល​​ និង​ក្រុមឧទ្ទាមនៅ​ភាគខាងត្បូងប្រទេស​​ ​ឈ្មោះថា រណសិរ្សអ៊ីស្លាម​​រំដោះ​ម៉ូរ៉ូ ហៅកាត់ថា MILF បានប្រកាស​នៅថ្ងៃ​អាទិត្យ​នេះ​ទាំងអស់​ថា នឹង​ចុះហត្ថលេខា​ជាមួយ​គ្នា លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទូទៅ​មួយ ក្នុង​ខែ​កុម្ភៈ​ រឺក៏ខែ​មិនា ឆាប់ៗខាងមុខ​នេះ​ហើយ។​
ប្រធានាធិបតី​បេនីញ៉ូ អាគីណូ សង្ឃឹម​ថា កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​ នឹង​ចូលជាធរមាន​ មុនពេល​លោក​បញ្ចប់អាណត្តិ​គ្រប់គ្រង​ប្រទេស នៅពាក់កណ្តាល​​ឆ្នាំ​២០១៦។ ការចូលជាធរមាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព នឹង​ជួយហ្វីលីពីន​អោយ​បិទបញ្ចប់​​ហិង្សា​បះបោរ​ ក្នុងប្រទេស ដែល​បាន​សម្លាប់​មនុស្ស​ជិត​១សែន​៥ម៉ឺននាក់ តាំង​ពី​ទសវត្ស​ឆ្នាំ១៩៧០មក។

គួររំលឹកថា កិច្ចចរចា​ស្វែងរកសន្តិភាពរវាង​រដ្ឋាភិបាល​ហ្វីលីពីន ជាមួយ​ក្រុមឧទ្ទាម​បាន​ចាប់ផ្តើម​ឡើង តាំង​ពី​ឆ្នាំ១៩៩៦មក។ យោងតាម​តំណាង​ក្រុមឧទ្ទាមរណសិរ្ស​រំដោះ​​ម៉ូរ៉ូ ការចរចា​តែង​ជួបភាពលំបាក​ ប៉ុន្តែ​ភាគីទាំងពីរ​នៅតែ​​​បន្ត​ជឿជាក់​មុតមាំ និង​សហប្រតិបត្តិការ​ជាមួយគ្នាទៅវិញទៅមក។ អ្វីដែលត្រូវធ្វើ​នៅពេលនេះ គឺ​ត្រូវ​គោរព​តាម​ពេលវេលា​កំណត់​នៃការចុះហត្ថលេខា​ ដើម្បីអាច​សម្រេច​ចេញ​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ មុនពេល​ប្រធានាធិបតី​អាគីណូ ចប់​អាណត្តិ។

ដោយឡែក រដ្ឋាភិបាល​ក្រុងម៉ានីល និង​ក្រុមឧទ្ទាម​មិនបាន​គូសបញ្ជាក់​ពី​ការដាក់អាវុធ​របស់​ក្រុមឧទ្ទាម​រំដោះម៉ូរ៉ូ ១ម៉ឺន២ពាន់នាក់ ស្របតាម​កិច្ចព្រមព្រៀង​ដំបូង​ដែល​បានចុះហត្ថលេខា​ ក្នុង​ខែតុលា​ឆ្នាំ២០១២នោះទេ។ កិច្ចព្រមព្រៀង​កាលណោះ តំរូវ​អោយ​សកម្មជន​ក្រុមឧទ្ទាមម៉ូរ៉ូ ​ទាំងអស់​នេះ ដាក់អាវុធ​ចុះ ឈប់ទាមទារ​ឯករាជ្យ​តំបន់​កោះមីនដាណាវ នៅភាគខាងត្បូង​ហ្វីលីពីន។ ហើយ​ជាការ​ផ្តោះប្តូរ ក្រុមឧទ្ទាម​ទទួល​បាន​​ប្រាក់កាស និង​អំណាច​គ្រប់គ្រង​ពីរដ្ឋាភិបាល​មួយចំណែក​​៕