លោក​ស្នងការរង តូច យន់ ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ប្រព្រឹត្ត​បទល្មើស មិន​ក្រែង​ញញើត​ចំពោះ​ការ​រឹត​បន្តឹង​របស់​ថ្នាក់លើ​ទាល់តែសោះ​



 
នៅលើ​ទឹកដី​ខេត្តមណ្ឌលគិរី​នាពេល​បច្ចុប្បន្ននេះ មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​តាម​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក ហើយ​ក៏​មានការ​នាំចូល​ទំនិញគេចពន្ធ​មកពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ផងដែរ​សុទ្ធសឹង​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក​ស័ក្តិ​៥ តូច យន់ ជា​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​ការងារ​ព្រំដែន​។ ហើយ​លោក តូច  យន់ ក៏បាន​
ពង្រាយ​សាច់ញាតិ​និង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះទៅ​ប្រចាំការ​តាម​ប៉ុស្តិ៍​ព្រំដែន​និង​ច្រករបៀង ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់ ដើម្បី​ប្រមូល​ប្រយោជន៍​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​គ្មាន​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​នោះទេ ធ្វើយ៉ាងណា​ឲ្យ​តែ​ពួកគេ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​។​

លោក​ស្នងការរង តូច យន់ ជាប់​ឈ្មោះ​ជា​អ្នកមានអំណាច​កំពូល​ក្នុងការ​សម្រប​ស​ម្រួ​លឃុ​ប​ឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន គ្មាន​ខ្វល់​ខ្វាយ​​ពី​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​នោះទេ ហើយ​ករណី​ខ្លះទៀត​បទ​បញ្ជា​របស់លោក ញ៉ែម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​លោក តូច យន់ យកទៅ​ស្វែងរក​លាភ​សក្ការៈ​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ លោក តូច យន់ បាន​កាន់តំណែង​ជា​ស្នង​ការ​រង​ទទួលបន្ទុក​ការងារ​ព្រំដែន​នៅ​ខេត្តមណ្ឌលគិរី ឡើង​ដុះ​ស្លែ​ទៅហើយ គាត់​ក្តាប់បាន​នូវ​មុខសញ្ញា​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ឆ្លងកាត់​ព្រំដែន​បាន​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ ហើយ​ក្រៅពី​ជំនាញ​បច្ចុប្បន្ននេះ ទោះជា​ថ្នាក់លើ​តែងតាំង​ឲ្យ​កាន់តំណែង​នៅ​ក្រ​សួង​មហា​ផ្ទៃ ឬ​ពាក់​ផ្កាយ​១ ក៏​លោក តូច យន់ មិន​ចង់​បានដែរ ព្រោះតែ​គ្មាន​ឱកាស​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

លោក តូច យន់ ធ្លាប់​ត្រូវបាន​មន្ត្រី​តូចតាច​ជាច្រើន​ចំអក​ថា​បាន​ប្រើប្រាស់​ស្បែក​ជា​នគរបាល​ទៅរក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទាល់ខ្លួន​ផង ជួយ​សម្របសម្រួល​រត់​ការ​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ផង និង​បង្កើត​ប៉ុស្តិ៍​ជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​ផង​។ ពោលគឺ​គ្រប់ការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តមណ្ឌលគិរី និង​ការនាំចេញ​ឈើ​ទៅ​ស្រុក​យួន ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក​ស្នងកា​រ​រង តូច យន់ ហើយ​គាត់​បាន​ប្រមូល​ផលប្រយោជន៍​ពី​ការឃុបឃិត​ឲ្យ​មាន​អំពើ​ល្មើសច្បាប់​នេះ​ទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ​ជា​បន្តបន្ទាប់​។ លោក តូច យន់ ដែល​ពូកែ​ប្រមូល​សេដ្ឋកិច្ច​បែបនេះ​កំពុង​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​ដែល​លោកស្នងការ ញ៉ែម វ៉ាន់​នី ត្រូវការ​ជា​ចាំបាច់​ទាំង​ការងារ​ជំនាញ និង​ការងារ​សេដ្ឋកិច្ច​ប្រមូល​លុយកាក់ ធ្វើ​ឲ្យ​ឥទ្ធិពល​អំណាច​របស់លោក តូច យន់ កាន់តែ​រីកធំឡើងៗ​គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ទេ​។

​ជាក់ស្តែង​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង កា​១ កា​២ និង​កា​៣ ក្នុងស្រុក​កែវ​សីមា ក៏ដូចជា​ការដឹកជញ្ជូន​ឈើ​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​កោះ​ញែក របស់​មន្ត្រី​យោធា ក៏​មិនដែល​មើលរំលង​ឬ​ភ្លេច​ចូល​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​ក្រោម​បញ្ជា​របស់លោក តូច យន់ ដែល​យាម​ប្រចាំការ​តាម​ច្រករបៀង​ព្រំដែន​នោះទេ​។  ក្នុង​មួយ​រថយន្ត​យី​ឌុប ឬ​រថយន្ត​ឆ្នៃ​ដែល​ដឹកឈើ​ជាង​១០​ម៉ែត្រគូប ត្រូវ​ចូល​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងតិច​បំផុត​៣​ពាន់​ទៅ​៥​ពាន់​ដុល្លារ​ទើប​អាច​ចេញ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន ហើយ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ធ្លាប់​ពឹង​អាស្រ័យ​ឲ្យ​លោក តូច យន់ ជា​អ្នក​ជួយ​សម្របសម្រួល​រត់កា​រ ព្រោះ​ពេលខ្លះ​ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ​ដូចគ្នា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចេះតែ​យោគយល់​ឲ្យ​ការដឹកជញ្ជូន​ឈើ​ដំណើរការ​ដោយ​រលូន​ល្អ នាំ​ឲ្យ​ឈ្មួញ​ជាច្រើន​ជឿទុកចិត្ត​លើ​សមត្ថភាព​រត់ការ​រ​ប​ស់លោក តូច យន់ ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ចំនួន​៣​កន្លែង​ក្នុងស្រុក​កោះ​ញែក បើទោះបីជា​គេ​ដឹង​ច្បាស់​ថា ឈើ​ទាំងនោះ​ជា​របស់​មន្ត្រី​យោធា​ដ៏​មានអំណាច​និង​មាន​ភាគហ៊ុន​របស់លោក ឃិន ម៉េង​ស្រេង ជា​មេ​យោធា​ខេត្តមណ្ឌលគិរី​ក៏ដោយ ក៏​មិនអាច​គេច​ផុតពី​ក្រសែភ្នែក​របស់លោក តូច យន់ បានដែរ បើ​មិន​ចូល​បង់លុយ​ឬ​ជូនដំណឹង​ជាមុន​ទេ ច្បាស់​ជាមាន​រឿងរ៉ាវ​កើតឡើង ត្រូវ​មន្ត្រី​ជំនិតៗ​របស់លោក តូច យន់ កោសរូស​ឬ​រាយការណ៍​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត​ចុះមក​សួរនាំ កើតជា​រឿង​វែងឆ្ងាយ​ជាមិនខាន ម្លេ​៉ាះ​ហើយ​ក្រុម​ឈ្មួញ​ទោះជា​ជ្រក​ក្រោម​ស្បែក​សមត្ថកិច្ច​ក៏ត្រូវ​ចេះ​សែនព្រេន​បង់លុយ​ជូន​លោក​តូច យន់ តាម​ពាក្យស្លោក​ដែលថា អារ​សាច់​ជូន​ខ្លា​ទើប​នៅ​ស្រុក​បាន​។​

​គិតៗ​ទៅ​សិទ្ធិអំណាច​របស់លោក​ស្នងកា​រ​រង​ដែល​ទទួលបន្ទុក​ការងារ​ព្រំដែន មាន​ឥទ្ធិពល​ខ្លាំងណាស់ គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ទេ ប្រសិនបើ​និយាយ​ជាមួយ​លោក តូច យន់ មិនត្រូវ​កុំ​សង្ឃឹមថា​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​កូនចៅ​លោក តូច យន់ បាន​ឲ្យ​សោះ​។ ពេលខ្លះទៀត​លោក តូច យន់ បាន​ដើរតួនាទី​ជា​សមត្ថកិច្ច​ផង ជា​តុលាការ​ផង​ដូចជា​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ មន្ត្រី​តូចតាច​បាន​ចាប់​ឃាត់​ឡាន​យី​ឌុប​ដឹកឈើ​មួយគ្រឿង​ពី​ពេលយប់ ស្រាប់តែ​ព្រលឹម​ឡើង​លោក តូច យន់ បាន​សម្របសម្រួល​ដោះលែង​ទៅវិញ​ស្ងាត់ៗ​ជា​ថ្នូរ​នឹង​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​គេ​មិន​ច្បាស់​ថា គ្រប់​ផលប្រយោជន៍​ដែល​លោក តូច យន់ ប្រមូលបាន​ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ឆ្លងកាត់​ច្រកព្រំដែន​ខេត្តមណ្ឌលគិរី​ចេញទៅ​ស្រុក​យួន លោក តូច យន់ បែងចែក​ទៅ​ឲ្យ​លោកស្នងការ ញ៉ែម វ៉ាន់​នី ប៉ុន្មាន​នោះទេ ប៉ុន្តែ​មន្ត្រី​ខ្លះ​បាន​ទម្លាយ​ឲ្យ​ដឹងថា លោកស្នងការ ញ៉ែម វ៉ាន់​នី ទទួលបាន​ត្រឹមតែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រាក់ចំណូល​ដែល​លោក តូច យន់ ប្រមូល​បានជា​ប្រចាំខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕​
ឈើ (2)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors