Pages

Thursday, January 30, 2014

ក្រុម​អ្នក​លក់​ផ្លែឈើ​ចាប់ផ្តើម​ដំឡើងថ្លៃ​ទ្វេ​​ជា​បី​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​-​យួន

M30-l-full 
កំពត ​៖ ​ នៅ​ថ្ងៃទី​៣០ ​ខែមករា ឆ្នាំ​២០១៤​ជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​-​វៀតណាម គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ពិសេស​ពលរដ្ឋ​ក្នុង​ខេត្តកំពត​បាន​ចូលរួម​ប្រារព្ធ​ធ្វើ​ពិធីសែនព្រេន​ដូច​អ្នក​ជាប់​ខ្សែ​ចិន​ដែរ។ ឆ្លៀតឱកាស​នោះ​ក្រុម​អ្នកលក់​ផ្លែឈើ​គ្រប់​ប្រភេទ ក៏​នាំគ្នា​ដំឡើងថ្លៃ​យ៉ាង​កប់​ពពក​សឹងតែ​១​ទ្វេ​ជា​៣​ទៅ​ហើយ។
ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​ថ្ងៃទី​២៩​ខែមករា ម្សិលមិញ​ផ្លែឈើ​គ្រប់​ប្រភេទ​បាន​ដំឡើងថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ ដូចជា​ផ្លែ​មៀន​១​គីឡូក្រាម​នៅ​ត្រឹម​តម្លៃ​៦០០០​ទៅ​៧០០០​រៀល ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​នេះ តម្លៃ​ផ្លែ​មៀន​ឡើង​រហូតដល់​១២០០០​ទៅ​១៣០០០​រៀល​ឯណោះ។ ដោយឡែក​ផ្លែឈើ​គ្រប់​ប្រភេទ​ទៀត ដូចជា​ផ្លែ​ប៉ោម ផ្លែ​សារី​និង​ផ្លែ​ទម្លាប់ ក៏ត្រូវ​បាន​គេ​ដំឡើងថ្លៃ​ទ្វេ​ជា​២​ដែរ ហើយ​បើ​ទោះ​ជា​មានការ​ដំឡើងថ្លៃ​ដ៏​គំហុក​បែប​ណា ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ដណ្ដើម​គ្នា​ទិញ​ដូច​ទឹកបាក់​ទំនប់ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​១​ឆ្នាំ​មានតែ​ម្តង​គត់។
ចំពោះ​ការ​ដំឡើងថ្លៃ​នេះ ក្រុម​អ្នកលក់​ផ្លែឈើ​បាន​បកស្រាយ​ថា ក្នុង​រដូវ​ចូលឆ្នាំ​ចិន​-​វៀតណាម ស្តង់​លក់​ផ្លែឈើ​គ្រប់កន្លែង​សុទ្ធតែ​ឡើងថ្លៃ​ដូចគ្នា មិន​ថា​ផ្លែឈើ​ក្នុងស្រុក​ឬ​នាំ​មកពី​ប្រទេសជិតខាង​ក៏មាន​តម្លៃ​សុទ្ធតែ​ខ្ពស់​ទើប​ពួកគេ​លក់​ដំឡើង​ដែរ​ទៅ ម្យ៉ាងទៀត​ចូលឆ្នាំ​ចិន​-​វៀតណាម មាន​អ្នក​ត្រូវការ​ផ្លែឈើ​សឹងតែ​គ្រប់គ្នា សឹងតែ​រក​លក់​ឲ្យ​អតិថិជន​មិន​គ្រប់​ផង។
ប្រជាពលរដ្ឋ​ដែល​ដែល​ភាគច្រើន​ទិញ​របស់របរ​សម្ភារៈ​សែន​ព្រេន​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​ និង​វៀតណាម​ក្នុង​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៤​នេះ ក៏មាន​ភាព​ស្រឡាំងកាំង ខណៈ​ដែល​ផ្លែឈើ​ត្រូវបាន​គេ​ដំឡើងថ្លៃ​ហួសប្រមាណ​បែបនេះ តែ​ណ្ហើយចុះ បំណាច់​ជា​បាន​ថ្លឹង​ដាក់​ក្នុង​ស្បោង​រួចហើយ ក៏​នាំគ្នា​រាប់​លុយ​ឲ្យ​អ្នកលក់ រួច​គ្រវីក្បាល​ដើរចេញ​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ប្រញាប់ប្រញាល់​ធ្វើ​ពិធីសែនព្រេន​អបអរសាទរ​ក្នុងឱកាស​ចូលឆ្នាំ​ចិន​-​វៀតណាម​៕