
នៅក្នុងសៀវភៅពង្សាវតារខ្មែរ បានចារទុកយ៉ាងច្បាស់អំពីប្រវត្តិស្តេចកន ឬហ្លួងព្រះស្តេចកន ដែលជាស្តេចជ្រែករាជ្យ ហើយនៅទីបំផុតស្តេចកន ក្នុងប្រវត្តិសាស្ត្រត្រូវស្លាប់បាត់បង់ជីវិត ដោយទទួលរងនូវការរិះគន់ជារៀងរហូត។ ដោយឡែកបច្ចុប្បន្ននៅក្នុងស្រុកខ្មែរមានមេដឹកនាំម្នាក់តាំងខ្លួនជាស្តេចកន ហើយកើតនៅ
ឆ្នាំរោង ដូចស្តេចកនដែរ កំពុងតែធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងដើម្បីអំណាចដោយគ្មានគិតពីការបាត់បង់ទឹកដី និងទុក្ខវេទនារបស់ប្រជារាស្ត្រឡើយ។ មួយរយៈពេលចុងក្រោយនេះ ដោយសារតែខំប្រឹងប្រែងក្រាញអំណាច មេដឹកនាំដែលតាំងខ្លួនជាស្តេចកនថ្មី បានបំពានលើឆន្ទៈប្រជារាស្ត្រដែលចង់ផ្លាស់ប្តូរមេដឹកនាំ ហើយប្រើកម្លាំងប្រដាប់អាវុធឱ្យសម្លាប់ប្រជារាស្ត្រស្លូតត្រង់យ៉ាងឃោរឃៅ។ ប្រការនេះហើយដែលអ្នកវិភាគមួយចំនួនចោទជាសំណួរថា តើស្តេចកនក្នុងប្រវត្តិសាស្ត្រពង្សាវតារខ្មែរនិងស្តេចកនថ្មី នៅទីបញ្ចប់មានវាសនាដូចគ្នាឬក៏អត់?។
រឿងសម្តេចកន បានដឹកនាំបះបោរប្លន់អំណាចពីព្រះស្រីសុគន្ធបទ ក្នុងឆ្នាំ១៥១២ ក្នុងជន្មាយុ២៩ឆ្នាំ ហើយស្តេចកនចូលចិត្តស្រីស្រា របាំ រាំច្រៀង និងប្រើអំណាចផ្តាច់ការ មានចែងយ៉ាងច្បាស់ក្នុងទំព័រប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្តេចកន ឬហ្លួងព្រះស្តេចកន មានពុតត្បុតអាក្រក់លួចលបវាយប្រហារសត្រូវពីក្រោយខ្នង និងតែងតែក្បត់ពាក្យសំដីរបស់ខ្លួន គ្មានភាពសច្ចៈ ធ្វើឱ្យបាត់បង់ការគាំទ្រពីប្រជារាស្ត្រ និងពីមន្ត្រីសេនាក្រោមឱវាទរបស់ខ្លួន។ ស្តេចកនបានប្រកាសផ្អាកសង្គ្រាមក្នុងរដូវ ធ្វើស្រែខែពិសាខ ឆ្នាំ១៥១៩ ក៏ប៉ុន្តែស្តេចកន បានប្រើចារបុរសមកបង្កប់ក្នុងក្រុមរក្សាព្រះអង្គ (អង្គរក្ស) សម្តេចព្រះអង្គច័ន្ទ ដែលកាលណោះព្រះអង្គចុះស្រង់ទឹកនៅស្ទឹងបរិបូរណ៍ ហើយចារបុរសនោះរំកិលខ្លួនមករកព្រះអង្គ ប៉ុន្តែព្រះអង្គច័ន្ទ ដឹងព្រះកាយរត់ឡើងគោកទាញដាវដេញកាប់ចារបុរសរបស់ស្តេចកនទាំងដាវនៅក្នុងស្រោម។
ក្នុងសៀវភៅប្រវត្តិសាស្ត្របានចងក្រងទុកថា មុនពេលធ្លាក់បុណ្យបារមី ស្តេចកនបានបាត់បង់វត្ថុសំខាន់ពីរយ៉ាង សម្រាប់រក្សាប្រទេស និងរក្សាអំណាចរបស់ខ្លួនគឺទី១-ដំរីគជយុទ្ធ និងទី២-សេះឈ្មោះ សង្ខរស្មី ដែលវត្ថុសំខាន់ទាំងពីរនេះ ស្លាប់ដោយទឹកនិងដី។ សេះសង្ខរស្មីបានលិចទឹកងាប់ ចោលស្តេចកននៅពេលកំពុងហែលទឹក ហើយដំរីឈ្មោះគជយុទ្ធ បានបាត់បង់ជីវិតដោយសារចាស់ស្រុត ធ្វើឱ្យស្តេចកនព្រួយបារម្ភយ៉ាងខ្លាំង។ សព្វថ្ងៃទីទួលកប់ដំរីរបស់ស្តេចកនមានឈ្មោះថា ទួលខ្នប់ដំរី ហើយសេះដែលស្តេចកនជិះលង់ទឹកបាត់បង់ជីវិតនោះ មានអ្នកស្រឡាញ់ស្តេចកនមួយចំនួនសរសេរថាបានក្លាយជានាគ។ ប៉ុន្តែទោះជាយ៉ាងណាក្នុងទំព័រប្រវត្តិសាស្ត្រស្តេចកន គឺជាស្តេចជ្រែករាជ្យ ហើយការស្លាប់បាត់បង់ជីវិតរបស់ស្តេចកន និងឪពុករបស់ខ្លួន គឺកើតឡើងដោយសារតែអំពើអាក្រក់សព្វបែបយ៉ាងដែលស្តេចកនបានប្រព្រឹត្តក្នុងពេលដែលខ្លួនគ្រប់គ្រងអំណាច។
តាមសៀវភៅប្រវត្តិសាស្ត្របានសរសេរថា ស្តេចកនមុនពេលអស់បុណ្យ គឺនៅវេលាម៉ោង១១ព្រឹក ក្រោយពេលរួមដំណេកជាមួយស្រីស្នំជនជាតិលាវកណ្តាលសួនច្បារ និងផឹកស្រារាំច្រៀងអស់កម្លាំង ក៏បានដេកលង់លក់ ហើយយល់សប្តិឃើញព្រះចន្ទរះពីទិសខាងលិចមកនៅលើប្រាសាទ ហើយបណ្តាលឱ្យឆេះកើតជាភ្លើងរាលដាលពេញប្រាសាទនិងក្តៅដល់ព្រះអង្គផងដែរ។ លុះភ្ញាក់ឡើងស្តេចកនហៅហោរាមកទស្សន៍ទាយ ហើយហោរាបានទស្សន៍ទាយតាមជើងលេខថា “គ្រោះកាចនឹងត្រូវទៅលើព្រះអង្គ គឺព្រះអង្គនឹងដឹងក្នុងពេលឆាប់ៗនេះហើយ”។ ក្រោយពេលស្តាប់ហោរាទស្សន៍ទាយរួចស្តេចកនខឹងយ៉ាងខ្លាំង ហើយបញ្ជាឱ្យ ហោរាផ្សេងទៀតទស្សន៍ទាយវិញម្តង ទើបហោរាដែលពូកែអែបអបភ័យខ្លាចមានទោស ក៏ទាយថាល្អទាំងអស់ត្រូវនឹងចិត្តរបស់ស្តេចកន។ ពេលស្តេចកនស្តាប់ឮហោរាថ្មីទស្សន៍ទាយហើយ ក៏ទាញដាវពីមន្ត្រីនៅក្បែរនោះកាប់សម្លាប់ហោរាដែលធ្វើការទស្សន៍ ទាយតាមជើងលេខពិតប្រាកដស្លាប់នៅចំពោះមុខមន្ត្រីនាហ្មឺនអាមាត្យសេនាជាច្រើន។
នៅក្នុងសៀវភៅពង្សាវតារខ្មែរបានបញ្ជាក់ថាចំណុចខាងលើនេះបង្ហាញពីភាពឃោរឃៅរបស់មេដឹកនាំផ្តាច់ការ ហើយនៅទីបញ្ចប់មេដឹកនាំឃោរឃៅកាប់សម្លាប់ប្រជារាស្ត្រខ្លួនឯងនឹង ត្រូវរលំរលាយបាត់បង់អំណាចចៀសមិនផុតឡើយ។ នៅស្រុកខ្មែរបច្ចុប្បន្ននេះមេដឹកនាំដែលកំពុងកាន់អំណាច ហើយតាំងខ្លួនជាស្តេចកននោះកំពុងតែធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីរក្សាអំណាចរបស់ខ្លួនឱ្យបានយូរអង្វែង ហើយជឿតាមតែពាក្យសំដីរបស់មន្ត្រីអែបអបលុតក្រាបមួយចំនួនតូច។ ស្តេចកនថ្មីបាននិយាយថានៅក្រោយពេលចាញ់ឆ្នោតខ្លួនឈប់ធ្វើបុណ្យទានតទៅទៀត ហើយក្រោយពេលគណបក្សខ្លួនចាញ់ឆ្នោតគេឃើញស្តេចកនថ្មី ឈប់ធ្វើបុណ្យទានតាមពាក្យសន្យារបស់ខ្លួនមែន។
ជាចុងក្រោយក្នុងប្រទេសកម្ពុជាបានកើតមានរឿងចម្លែកមិនគួរឱ្យជឿមួយ គឺព្រះបរមសារីរិកធាតុ និងព្រះសុវណ្ណកោដ្ឋ ព្រមទាំងព្រះពុទ្ធបដិមាជាច្រើនអង្គត្រូវបានចោរលួចយកចេញពីព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ នៅយប់ថ្ងៃទី០៩ ឆ្លងចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។ ការបាត់បង់វត្ថុជាទីគោរពសក្ការៈរបស់ប្រជាជាតិខ្មែរបែបនេះ មិនមែនជាប្រផ្នូលល្អសម្រាប់ស្តេចកនថ្មី ដែលគ្រប់គ្រងអំណាចបំពានលើឆន្ទៈប្រជារាស្ត្រនាពេលបច្ចុប្បន្ននោះទេ។ ជាការពិតប្រជារាស្ត្រខ្មែរភាគច្រើនលើសលប់ទាមទារឱ្យស្តេចកនថ្មី ចុះចេញពីអំណាចនិងរៀបចំបោះឆ្នោតជាថ្មីឡើងវិញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះគេមិនដឹងថាវាសនាស្តេចកនថ្មី អាចដូចគ្នាទៅនឹងស្តេចកនក្នុងពង្សាវតារខ្មែរឬយ៉ាងណានោះទេ ព្រោះស្តេចកនបច្ចុប្បន្នកំពុងប្រើកងកម្លាំងប្រដាប់អាវុធឱ្យធ្វើបាបនិង សម្លាប់ប្រជារាស្ត្រខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃបំផុត។ មានន័យថាស្តេចកនថ្មីត្រូវពិនិត្យមើលអ្វីដែលមានចារទុកក្នុងសៀវភៅពង្សាវតារខ្មែរផងដែរ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រចារទុកពីរឿងមិនល្អដូចកាលពីមុនទៀត។
ក្នុងសៀវភៅប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅទីបញ្ចប់ស្តេចកនត្រូវបានចៅហ្វាយខេត្តត្បូងឃ្មុំ ចាប់ខ្លួនយកទៅថ្វាយព្រះបាទច័ន្ទរាជា ប៉ុន្តែដោយគេភ័យខ្លាចមានបញ្ហាដល់ថ្ងៃក្រោយទើបសម្លាប់ស្តេចកនចោល។ ជាមួយគ្នានេះក្រុមមន្ត្រីសេនាអាមាត្យស្និទ្ធជាមួយស្តេចកនទាំងអស់ចំនួន២៥នាក់ ត្រូវចៅហ្វាយខេត្តត្បូងឃ្មុំ កាត់ក្បាលដាក់ជាលបង្ហាញដល់ប្រជារាស្ត្របញ្ជាក់អំពីការបញ្ចប់អំណាចរបស់ស្តេចកនដ៏ឃោរឃៅ។ ប្រវត្តិសាស្ត្របានសរសេរថា ស្តេចកនបានសង់ព្រះវិហារ សង់វត្តអារាមជាច្រើនក្នុងទឹកដីភាគឦសាន នៃខេត្តត្បូងឃ្មុំ និងមានបំណងចុះចូលជាមួយព្រះបាទច័ន្ទរាជា ប៉ុន្តែត្រូវមន្ត្រីរបស់ខ្លួនធ្វើគុតនៅមុនពេលចុះចូលទៅវិញ។ ប្រការនេះដោយសារតែមន្ត្រីមួយចំនួនស្អប់ខ្ពើមស្តេចកន ដែលជាស្តេចជ្រែករាជ្យធ្វើបាបប្រជារាស្ត្រខ្លួនឯង ហើយនៅពេលមានឱកាសមន្ត្រីជំនិតទាំងនោះ ក៏សម្លាប់ស្តេចកនដើម្បីជាការសងសឹក។ ប្រវត្តិរបស់ស្តេចកនត្រូវបានប្រជារាស្ត្រខ្មែរមានវ័យចំណាស់ៗចងចាំយ៉ាងច្បាស់ ហើយគេកំពុងរង់ចាំមើលដំណើរជីវិតរបស់មេដឹកនាំដែលតាំងខ្លួនជាស្តេចកនថ្មីលើទឹកដីកម្ពុជាផងដែរ។
មានស្លាកស្នាមជាច្រើនដែលបន្សល់ទុកក្នុងសម័យហ្លួងព្រះស្តេចកន ដូចជាពេលមានអាសន្នស្តេចកន រត់ទៅជួបមេមត់ (គ្រូសិល្ប៍) ហើយគ្រូនោះក៏ទស្សន៍ទាយពីវាសនាមិនល្អរបស់ស្តេចកន ហើយបច្ចុប្បន្នតំបន់នោះមានឈ្មោះថា ស្រុកមេមត់ ក្នុងខេត្តកំពង់ចាម។ ចំណែកកន្លែងស្តេចកនអស់សង្ឃឹម ហើយស្រែកទ្រហោយំឮយ៉ាងខ្លាំងនោះបានក្លាយទៅជាឈ្មោះភូមិព្រៃរោទ៍ សព្វថ្ងៃនេះ។ ប្រវត្តិរឿងស្តេចកន គឺជាការដាស់ស្មារតីដល់មេដឹកនាំម្នាក់ដែលតាំងខ្លួនជាស្តេចកនថ្មី ហើយធ្វើអ្វីៗដើម្បីតែអំណាចនិងប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីទុក្ខលំបាករបស់ប្រជារាស្ត្រក្រីក្រទន់ខ្សោយទាល់តែសោះ៕
