យុត្តិធម៌​ត្រូវតែ​ឈ្នះ មានតែ​ការកសាង​អំពើ​ល្អ​ទេ ទើប​មេឃ​ដី​ជួយ​ការពារ ទៅណា​មក​ណា​មាន​ប្រ​ជា​រាស្រ្ត​ហែហម និង​មានឈ្មោះ​ល្អ​ក្នុង​ប្រវត្តិ​ស្រា​ស្ត​



ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប្រធាន សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា បាន​អញ្ជើញ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ម្សិលមិញ​នេះ ទៅតាម​ការកោះហៅ​របស់​តំណាង​អយ្យការ​ទាក់ទិន​ពាក្យបណ្តឹង​ពីបទ​ញុះញង់​ឲ្យ​មាន​អំពើហិ​ង្សា បើទោះបីជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​និង​ចាត់ទុក​ថា ការ​ប្តឹងផ្តល់​នេះ ជា​ហេតុផល​នយោបាយ​ក្នុងន័យ​
គំរាមកំហែង​បំភិតបំភ័យ​ក៏ដោយ ក៏​មិន​ក្រែង​ញញើត​ក្នុងការ​ចូលទៅ​បំភ្លឺ​នោះដែរ​។ ហើយ​ទិដ្ឋភាព​ជារួម គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​កកកុញ​ពេញមុខ​បរិវេណ​តុលាការ ពោលគឺ​ចន្លោះ​ពី​រង្វង់​មូល​នាង​គ​ង្ហី​ង មកដល់​ស្តុ​ប​អាងទឹក​មាន​ប្រជាពលរដ្ឋ​សកម្មជន​សិទ្ធិមនុស្ស​មក​ចូលរួម​តាម​ដាន​​សង្កេតការណ៍​ពី​ការចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​តាម​ពាក្យបណ្តឹង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាការ​លើកទឹកចិត្ត​និង​ជួយ​ហែហម​ការពារ​វីរជន​ស្នេហា​ជាតិ ដ៏​ឧត្តុង្គឧត្តម ដែលជា​និច្ចកាល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។​

​លោក​ប្រធាន សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា បាន​ចាក​ចេញពី​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ លោក​ប្រ​ធាន សម រង្ស៊ី បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​ថា ”​ខ្ញុំ​បានមក​ឆ្លើយ​សំណួរ​របស់​តុលាការ ហើយ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​សូម​អរគុណ​ដល់​បងប្អូន​ព​ល​រដ្ឋ​ដែល​បាន​មកជួយ​ឃ្លាំមើល​នៅទី​នេះ​។ ប្រជារាស្ត្រ​ខ្មែរ​ត្រូវតែ​ទទួលបាន​ជ័យជំនះ​យើង​បន្ត​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ជាមួយ​គ្នា ដើម្បី​សម្រេច​នូវ​គោលដៅ​ដែល​យើង​ចង់បាន​”​។ លោក​ប្រធាន សម រង្ស៊ី បាន​អញ្ជើញ​ធ្វើដំណើរ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅកាន់​ទីស្នាក់ការ​កណ្តា​ល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ ដោយមាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ហែហម​ទៅជា​មួយ​ផងដែរ ដែល​នៅ​ទីនោះ លោក​ប្រធាន សម រង្ស៊ី បាន​ពន្យល់​យ៉ាង​លម្អិត​ពី​ហេតុការណ៍​ដែល​កើតឡើង​អំឡុងពេល​ឆ្លើយ​សំណួរ​នៅ​តុលាការ​។​

​លោក កឹម សុខា ពេល​ដើរ​ចាក​ចេញពី​បរិវេណ​តុលាការ ត្រូវបាន​អ្នកសារព័ត៌មាន​ជាតិ អន្តរ​ជាតិ​សាកសួរ​អំពី​ដំណើរ​ការចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តំណាង​អយ្យការ ដោយ​លោក​បាន​មានប្រសាសន៍ថា យើង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ដូច្នេះ​ខ្មែរ​ត្រូវតែ​ក្រោកឈរឡើង​ទាំងអស់គ្នា​ដើម្បី​ទាមទារ​យុត្តិធម៌ យើង​មិនត្រូវ​ចុះ​ញ៉ម​នោះទេ យើង​ត្រូវ​ក្រោកឈរឡើង​ដើម្បី​ការពារ​យុត្តិធម៌​សង្គម​ទាំងអស់គ្នា​។ ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​លើកឡើងថា តើ​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្នុង​របៀប​យ៉ាងម៉េច​?​ត្រូវបាន​លោក កឹម សុខា លើកឡើងថា ការចោទប្រកាន់​នេះ​គឺជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​សុទ្ធសាធ ហើយ​យើង​គ្មាន​ជំនឿ​អ្វី​ទាល់តែសោះ បើ​យើង​សួរ​ព្រះរាជអាជ្ញា ឬ​សួរ​ទៅ​មន្ត្រី​តុលាការ ក៏​គេ​មិន​ហ៊ាន​ប្រាប់​យើង​ដែរ ច្បាស់​ណាស់​ដែលថា​មាន​អ្នកនយោបាយ ឬ​អ្នក​មាន​អំ​ណាច​បញ្ជា​ពួកគេ​។ ក្រៅពី​ថ្លែងអំណរគុណ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​សង្កេតការណ៍ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ក្រោកឈរឡើង​រួម​កម្លាំង​គ្នា ដើម្បី​ស្វែងរក​យុត្តិធម៌​ទាំងអស់គ្នា​យើង​មិនត្រូវ​ចុះចាញ់​ជាដាច់ខាត​។

ចាប់ផ្តើម​បើកឆាក​ដំបូង លោក រ៉ុង ឈុន ត្រូវបាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តំណាង​អយ្យការ គឺ​លោក ហៀ​ង សុភ័ក្ត្រ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៩​និង​៣០​នាទី​។ បន្ទាប់មក​លោក កឹម សុខា ក៏បាន​ចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តំណាង​អយ្យការ​ចាប់ពី​ម៉ោង​៩​និង​៣៥​នាទី បន្ត​ពី​លោក រ៉ុង ឈុន ដែល​នៅមុខ​បន្ទប់​តំណាង​អយ្យការ​អ្នកតំណាងរាស្ត្រ ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​កុះករ​ជួបជុំគ្នា​នៅ​ទីនោះ​។ យោងតាម​ដីកាកោះ លោក​ប្រធាន សម រង្ស៊ី ត្រូវ​ចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តំណាង​អយ្យការ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៤ ខែមករា ហើយ​លោក​បាន​អញ្ជើញ​ទៅដល់​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពេលវេលា​ដែល​បានកំណត់ មិនយឺត​សូម្បីតែ​១​នាទី ដោយ​លោក​ប្រធាន សម រង្ស៊ី បាន​អង្គុយ​រង់ចាំ​នៅមុខ​បន្ទប់​តំណាង​អយ្យការ ប្រកបដោយ​ភាពស្វាហាប់​អង់អាច​ក្លាហាន ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់លោក​ដែល​ត្រូវបាន​គេ​ប្តឹង​ចោទប្រកាន់​តាម​ហេតុផល​នយោបាយ​ទាំង​បំពាន​។

នៅមុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មន្ត្រី រាជការ និស្សិត​បាននាំគ្នា​ចូល​រួម សង្កេតការណ៍​ជាច្រើន​ម៉ឺន​នាក់ ហើយ​នៅវេលា​ម៉ោង​១០​ព្រឹក លោក​ប្រធាន សម រង្ស៊ី បាន​អញ្ជើញ​ទៅកាន់​តុលាការ គ្រាន់តែ​ដល់​អាងទឹក​ស្តា​ត​អូឡាំពិក រក​កន្លែង​ដើរ​គ្មានទេ ព្រោះ​ប្រជាពលរដ្ឋ​ច្រើន​កកកុញ​បាន​ទៅ​ចូលរួម​លើកទឹកចិត្ត និង​ស្រែក​លាន់ឮ​កងរំពង​ថា យុត្តិធម៌​ត្រូវតែ​ឈ្នះ​ភាពអយុត្តិធម៌ ហើយ​សច្ចធម៌ នឹង​ការពារ​ភាព​ស្អាតស្អំ​របស់ លោក​ប្រធាន សម រង្ស៊ី ដែល​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​។ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​ឈរ​តម្រៀបជួរ​គ្នា​បើកផ្លូវ​ឲ្យ​លោក​ប្រធាន សម រង្ស៊ី ធ្វើដំណើរ​ឆ្លងកាត់​ទៅកាន់​តុលាការ ជាមួយ​សំឡេង​ទះដៃ​លើកទឹកចិត្ត​គួរ​ឲ្យ​រំភើប​ខ្លាំងណាស់ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សង្កេតការណ៍​បាននាំគ្នា​ថ្កោល​ទោស​ខ្លាំងក្លា​ចំពោះ​អាជ្ញាធរ​គណបក្ស​ប្រជាជន​ដែល​ព្យាយាម​តាម​គ្រប់​មធ្យោបាយ​ក្នុងការ​ធ្វើទុក្ខបុកម្នេញ អ្នកស្នេហាជាតិ អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នកការពារ​កម្មករ​ពិតៗ​។​

នៅ​មុនពេល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អញ្ជើញ​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញ​អាជ្ញាធរ​បាន​បញ្ជូន​ក្រុម​បាតដៃ​ទី​៣ ដែលមាន​ពាក់មួក​ការពារ​ស្លៀកពាក់​ស៊ី​វិល ប៉ុន្តែ​ប្រដាប់​ដោយ​ដំបង និង​របស់​ផ្សេងៗ​ទៀត​នៅក្នុង​អាវ មិនដឹង​ជា​គេ​បញ្ជូនមក​ក្នុង​គោល​បំណង​អ្វី​ទេ ប៉ុន្តែ​បើតាម​រឿងហេតុ​កន្លងមក​ការបញ្ជូន​ក្រុម​បាតដៃ​ទី​៣​ទាំងនេះ ចូលមក​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំគ្នា គឺ​គ្មានអ្វី​ក្រៅពី​មក​អុក​ឡុ​ុ​ក​បង្ក​អំពើហិង្សា​លើ​ប្រជារាស្ត្រ​ស្លូតត្រង់​នោះទេ​។ យ៉ាងណាក៏ដោយ សមាសភាព​របស់​បាត​ដៃ​ទី​៣​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​ដំណើរ​ស្គាល់មុខ​អស់ហើយ គ្រាន់តែ​ក្រុម​នេះ​ទៅដល់​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ពលរដ្ឋ​បាន​អង្វរ​សុំ​ឲ្យ​ពួកគេ​ចាកចេញ​ទៅកាន់​កន្លែង​សមគួរ​មួយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​មកលើ​ប្រជារាស្ត្រ​ស្លូតត្រង់​។​

ស្ថានភាព​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤​នេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា​ដែល​អ្នកស្នេហាជាតិ អ្នក​ស្រ​ឡាញ់​យុត្តិធម៌ និង​វីរជន​ដែល​ហ៊ាន​យក​ដើមទ្រូង​ទៅ​ពាំង​ការពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ កម្មការិនី ដែល​ពួកគាត់​នាំគ្នា​ទាមទារ​ដោយ​សន្តិវិធី ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន​១៦០​ដុល្លារ ដើម្បី​មាន​ជីវភាព​រស់នៅ​សមរម្យ​ថ្លៃថ្នូរ ត្រូវបាន​តុលាការ​កោះហៅ​ទៅ​សួរនាំ​តាម​ហេតុផល​នយោបាយ​។ ប៉ុន្តែ​ជនដៃដល់ និង​អ្នកបញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រដាប់អាវុធ​កេះកៃ​កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​រាស្ត្រ​ស្លូតត្រង់ បែរជា​តុលាការ​មើលមិនឃើញ និង​មិនបាន​កោះហៅ​ទៅ​សួរនាំ​ឲ្យ​ឆ្លើយបំភ្លឺ​ពី​ហេតុ ការណ៍​បាញ់​ស​ម្លា​បា់​ស្ត្រ​ស្លូតត្រង់​យ៉ាង​អយុត្តិធម៌​នោះទេ នាំ​ឲ្យ​គេ​មើលឃើញ​កាន់តែច្បាស់​ថា​តុលាការ​ស្រុក​ខ្មែរ​គឺជា​ឧបករណ៍​នយោបាយ​ដាច់​ថ្លៃ​របស់​បក្ស​ប្រជាជន​។​

មាន​ចរន្ត​ចំ​នួ​ួ​ន​២​ដែល​ដើរ​បញ្ច្រាស​គ្នា គឺ​ទី​១ នៅ​ទូទាំង​ពិភពលោក​គេ​នាំគ្នា​ថ្កោលទោស​ចំ​ពោះ​សមត្ថកិច្ច​ប្រដាប់អាវុធ​ក្រោម​បញ្ជា​គណបក្ស​ប្រជាជន​ដែល​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​និង​រងរបួស​កម្មករ និង​ប្រជារាស្ត្រ​ស្លូតត្រង់​ដែល​គ្រាន់តែ​នាំគ្នា​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ចំនួន​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​មាន​ការនាំ​ជនដៃដល់​និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ទៅ​កាត់ទោស​តាមច្បាប់ ប៉ុន្តែ​ជន​ដែល​បង្ក​អំពើហិង្សា​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​ស្លូតត្រង់​ស្លាប់​និង​រងរបួស មិន​ត្រូវបាន​តុលាការ​កោះហៅ​ទៅ​សួរនាំ​ទេ បើទោះបីជា​ហេតុការណ៍​ហិង្សា​បណ្តាល​ឲ្យ​ប្រជា​រាស្ត្រ​​ស្លូត ត្រង់​ស្លាប់​និង​រងរបួស​ផ្អើល​ពេញ​ពិភពលោក​ក៏ដោយ​។ ទី​២ ពិភពលោក​បាន​កោត​សរសើ​រ​ចំពោះ​វីរភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជួយ​កម្មករ​ទាំង​ផ្នែក​ស្មារតី គំនិត​ប្រាជ្ញា និង​ណែនាំ​ឲ្យ​កម្មករ កម្មការិនី ធ្វើបាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី និង​ប្រកាន់​នូវ​គោលការណ៍​អហិង្សា ជា​អ្នកការពារ​យុត្តិធម៌ ការពារ​កុំ​ឲ្យ​មាន​អំពើហិង្សា​បែរជា​ត្រូវ​តុលាការ​ស្រុក​ខ្មែរ កោះហៅ​ទៅ​សួរនាំ​ក្នុងន័យ​បំភិតបំភ័យ​គំរាមកំហែង​។ ហើយ​គ្រប់ៗ​គ្នា​តែងតែ​គិតថា ការកោះហៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមករា នេះ​គឺជា​កាដូ​ដ៏​ពិសេស​សម្រាប់​អបអរ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​យួន ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​កាន់តែ​ក្តៅក្រហាយ និង​មើលឃើញ​កាន់តែច្បាស់​ថា អ្នកស្នេហាជាតិ និង​អ្នក​ការ​ពារ​យុត្តិធម៌​សង្គម អ្នកការពារ​ប្រជារាស្ត្រ ខ្មែរ​ក្រីក្រ​ទន់ខ្សោយ ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​គ្មាន​ទីបញ្ចប់​។ ទឹកចិត្ត​ស្នេហា​ជាតិ​និង​ការលះបង់​ដ៏​ធំធេង​របស់លោក​ប្រធាន សម រង្ស៊ី ត្រូវបាន​ប្រជាពលរដ្ឋ​ដឹង​យ៉ាងច្បាស់ ហេតុនេះហើយ​ទើប​មានការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​កាន់តែច្រើន​៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors