អ្នក​រាយការណ៍​ពិសេស​សហ​ប្រជា​ជាតិ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​



លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា
ដោយ ប៉ែន បូណា
លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​នៅថ្ងៃនេះ។ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃនេះ​នឹងត្រូវ​បង្ហាញ​នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្នុងអំឡុងពេល​ស្នាក់នៅ​
ក្នុងប្រទេស​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បាន​ជួបពិភាក្សា​ការងារ​យ៉ាង​ទូលំទូលាយ​ជាមួយ​គ្រប់ភាគី​រាប់ទាំង​ភាគី​រដ្ឋាភិបាល​ផងដែរ។អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​នៅថ្ងៃនេះ​ហើយ។ លោក​បាន​មកដល់​កម្ពុ​ជា​កាលពី​ល្ងាច​ថ្ងៃទី១២មករា​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទស្សនកិច្ច​លើក​នេះ​ក៏​ដើម្បី​តាមដាន​មើល​ការអនុវត្ត​អនុសាសន៍​របស់លោក​ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កាលពី​លើកមុនៗផងដែរ។
 
ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក សុរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បាន​ជួបពិភាក្សា​ការងារ​យ៉ាង​ទូលំទូលាយ​ជាមួយ​គ្រប់ភាគី។ លោក​បានទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​និង​និស្សិត​ដែល​បង្ហាញ​ពី​បញ្ហា​របស់​ពួកគេ។ តំណាង​ពិសេស​សហប្រជាជាតិ​ក៏បាន​ជួប​ជាមួយ​តំណាង​សង្គម​ស៊ីវិល សហជីព ជាមួយ​បក្សប្រឆាំង និង​ជាពិសេស​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
 
ក្នុងជំនួប​ទាំងនោះ លោក ស៊ូ​ប៊ែ​ឌី បាន​ស្តាប់​របាយការណ៍​នានា​ដែល​គ្រប់ភាគី​រាយការណ៍​ជូន។ អង្គការ​សង្គម​ស៊ីវិល​បាន​សុំ​ឲ្យ​តំណាង​ពិសេស​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហានយោបាយ និង​បាន​រាយការណ៍​ជូន​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន។ ចំណែក​គណបក្សប្រឆាំង​វិញ​ក៏បាន​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ និង​ជំរុញ​ឲ្យ​សហប្រជាជាតិ​ជួយ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​លោក​សម រង្ស៊ី ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ។
 
ចំណែក ក្រុម​សហជីព​វិញ ក៏បាន​លើក​បញ្ហា៦ចំណុច​ឲ្យ​លោក ស៊ូ​ប៊ែ​ឌី ជួយ​អន្តរាគមន៍។ បញ្ហា​ទាំងនោះ​មានដូចជា ការទាមទារ​ដំឡើង​ប្រាក់ខែ សុវត្ថិភាព​របស់​មេដឹកនាំ​សហជីព និង​ការទាមទារ​ឲ្យ​ចាប់ខ្លួន​ជនដៃដល់​ដែល​ប​សន​បាញ់សម្លាប់​កម្មករ​ជាដើម។ នេះ​បើ​យោងតាម​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែលជា​តំណាង​អ្នកចូលរួម។
 
លោក ស៊ូ​ប៊ែ​ឌី បាន​លើក​បញ្ហា​ទាំងនេះ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​ក្នុងជំនួប​រយៈពេល៣ម៉ោង​កន្លះ​កាលពី​ថ្ងៃ​ម្សិលមិញ។ រដ្ឋាភិបាល​ក៏បាន​រាយការណ៍​ជូន​លោក ស៊ូ​ប៊ែ​ឌី អំពី​បញ្ហា​ទាំងអស់នេះ​និង​បកស្រាយ​ការពារ​ខ្លួន​វិញ​ផងដែរ។ នេះ​បើតាម​លោក​ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ដែល​បាន​ប្រាប់​អ្នកកាសែត។ លទ្ធផល​នៃ​ជំនួប​ទាំងនោះ​នឹងត្រូវ​លោក​ស៊ូ​ប៊ែ​ឌី​បញ្ចេញ​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅពេលដែល​លោក​បិទ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors