មូលហេតុច្បាស់លាស់។ ការស្លាប់នេះ កើតមានឡើងក្រោយពីគណនេយ្យកររូបនោះបានបើកលុយជាង ១០០លានរៀលពីមន្ទីរអប់រំខេត្ត យកមកបើកប្រាក់ខែបន្តឲ្យគ្រូបង្រៀន។គ្រូបង្រៀនជាង ៣០០នាក់នៅទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងជួបផលលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្រោយពីប្រាក់បៀវត្សប្រចាំខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានចំនួនសរុបជាង ១០០លានរៀលនោះ ត្រូវសង្ស័យថាបានរលាយបាត់បង់ទៅជាមួយការស្លាប់របស់មន្ត្រីគណនេយ្យម្នាក់ ដែលគេប្រទះឃើញសាកសពចងកនៅក្នុងបន្ទប់ទឹកនៃការិយាល័យធ្វើការរបស់ខ្លួន នៅស្រុកគាស់ក្រឡ ដោយពុំដឹងពីមូលហេតុច្បាស់លាស់។
ហេតុការណ៍នេះ បានកើតឡើងកាលអំឡុងដើមខែធ្នូ ឆ្នាំ២០១៣។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០១៤ ក្រុមគ្រូបង្រៀនទាំងនោះបញ្ជាក់ថា គណនេយ្យករនៃការិយាល័យអប់រំស្រុកគាស់ក្រឡ រូបនោះ មានឈ្មោះ មាស ចាន់រិទ្ធិ។ លោក មាស ចាន់រិទ្ធិ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៣ បានបើកលុយពីមន្ទីរអប់រំខេត្តបាត់ដំបង ដែលមានចំនួនជាង ១០០លានរៀល ដើម្បីយកមកបើកប្រាក់ខែបន្តឲ្យគ្រូបង្រៀននៅទូទាំងស្រុកគាស់ក្រឡ។
ស្រាប់តែនៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ ត្រូវគេគេប្រទះឃើញសព លោក មាស ចាន់រិទ្ធិ ស្លាប់ដោយសារចងកនៅក្នុងបន្ទប់ទឹក ដោយគេពុំដឹងពីមូលហេតុច្បាស់លាស់រហូតដល់សព្វថ្ងៃ។ ចំណែកឯលុយសម្រាប់បើកប្រាក់ខែឲ្យគ្រូនោះ ក៏បាត់បង់អស់ដូចគ្នា។ បញ្ហានេះ បានធ្វើឲ្យគ្រូបង្រៀននៅទូទាំងស្រុកគាស់ក្រឡ ខកខានពុំទាន់ទទួលប្រាក់ខែសម្រាប់ខែវិច្ឆិកា ទល់នឹងសព្វថ្ងៃ៖ «ខែវិច្ឆិកា ឆ្នាំ២០១៣ គ្រូបង្រៀនទាំងអស់ដែលបម្រើការនៅទូទាំងស្រុកគាស់ក្រឡ ហ្នឹងអត់ទាន់បានបើកប្រាក់ខែទេ ដោយសារតែខែហ្នឹងគណនេយ្យករប្រចាំស្រុកគាស់ក្រឡ ហ្នឹង គាត់ទទួលមរណភាពដោយសារគាត់ធ្វើអត្តឃាតចងកខ្លួនឯង។ ដល់ថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៣ ដែលត្រូវថ្ងៃបើកលុយហ្នឹង គឺថ្ងៃដែលគាត់ស្លាប់ដែរ ហើយលុយ ១០០លានរៀលបាត់អស់ទាំងអស់ វាអត់ដឹងមូលហេតុអីច្បាស់លាស់សោះ»។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ រហូតមកដល់ខែមករា ឆ្នាំ២០១៤ មានរយៈពេលជាងពីរខែទៅហើយ ក្រុមគ្រូបង្រៀននៅតែរង់ចាំមើលប្រាក់ខែរបស់ខ្លួន។ បញ្ហានេះ កំពុងបង្កអោយពួកគាត់ជួបផលលំបាកខ្លាំងលើការងារជីវភាពប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត គ្រូបង្រៀនភាគច្រើនត្រូវបានគេបញ្ជូនទៅពីខេត្តក្រុងឆ្ងាយផ្សេងគ្នា ទៅឲ្យបង្រៀនសិស្សនៅស្រុកគាស់ក្រឡ៖ «សូមបញ្ជាក់ គ្រូបង្រៀនសព្វថ្ងៃនេះប្រាក់ខែតិចណាស់ ដូចខ្ញុំសព្វថ្ងៃប្រាក់ខែតែ ៣០ម៉ឺនរៀលជាង ដល់ពេលប្រាក់ខែវិច្ឆិកា អត់បានអ៊ីចឹងទៅ ប្រាក់ខែ ១ខែចាយបាន ១០ថ្ងៃ ទៅ ២០ថ្ងៃអស់បាត់ទៅហើយ។ ឥឡូវនេះ ទំនិញនៅទីផ្សារនេះឡើងថ្លៃកប់ពពក ហើយគ្រូបង្រៀនភាគច្រើននៅស្រុកគាស់ក្រឡ សុទ្ធមកពីខេត្តឆ្ងាយទៀត ហើយការរស់នៅលំបាកណាស់ ហើយគ្រូមួយចំនួនធំដោយសារបានបើកប្រាក់ខែខ្ចីលុយគេ»។
មន្ទីរអប់រំខេត្តបាត់ដំបង កន្លងទៅនេះបានអះអាងថា ប្រាក់ខែរបស់គ្រូបង្រៀនដែលបាត់បង់ទៅជាមួយនឹងការស្លាប់របស់មន្ត្រីគណនេយ្យរូបនេះ នឹងមិនបាត់បង់នោះទេ ហើយប្រាប់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់ រង់ចាំក្នុងរយៈពេលពីរសប្ដាហ៍ទៀត។ រយៈពេលពីរសប្ដាហ៍រយាកឡើងជាងពីរខែ ក្រុមគ្រូបង្រៀនទាំងអស់នៅទូទាំងស្រុកគាស់ក្រឡ នៅតែទទឹងរង់ចាំ។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក ងី សែត បញ្ជាក់ថា ក្រោយពីការស្លាប់ និងបានដឹងពីការបាត់បង់ថវិកាប្រាក់ខែគ្រូបង្រៀននៅស្រុកគាស់ក្រឡ រួចមក មន្ទីរអប់រំ បានអន្តរាគមន៍ភ្លាមៗទៅក្រសួងអប់រំ តាមរយៈលិខិតស្នាមជាផ្លូវការមួយ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ យោងលើលិខិតរបស់មន្ទីរអប់រំខេត្ត បានធ្វើលិខិតមួយដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំថវិកាដាច់ដោយឡែកមួយ ដើម្បីយកមកបើកឲ្យក្រុមគ្រូបង្រៀននៅទូទាំងស្រុកគាស់ក្រឡ។
លោក ងី សែត៖ «ការសន្យាពីរសប្ដាហ៍ហ្នឹង ខ្ញុំអត់បានសន្យាទេ តែយើងនឹងដោះស្រាយជូន។ ដោះស្រាយហ្នឹង គឺស្នើទៅក្រសួងអប់រំ។ ហើយឥឡូវហ្នឹង ក្រសួងអប់រំ បានធ្វើសំណើទៅក្រសួងហិរញ្ញវត្ថុហើយ ដើម្បីសុំប្រាក់ខែហ្នឹងមកជូនគាត់វិញ។ ហើយយើងនៅមន្ទីរ យើងអត់មានលទ្ធភាពដោះទេ វាច្រើនជាង ១០០លានរៀល។ ហើយឥឡូវហ្នឹង ខ្ញុំក៏បានថតចម្លងជូនទៅខាងលោកគ្រូអ្នកគ្រូឲ្យគាត់បានឃើញដែរ គឺលិខិតរបស់ក្រសួងអប់រំ សុំទៅក្រសួងហិរញ្ញវត្ថុ ប៉ុន្តែថ្ងៃណាបានយើងអត់ដឹងទេ»។
ពាក់ព័ន្ធទៅនឹងការស្លាប់មន្ត្រីមន្ទីរអប់រំ និងការបាត់បង់ប្រាក់ខែគ្រូបង្រៀននេះ ពុំមានប្រភពណាហ៊ានអះអាងបញ្ជាក់ឲ្យបានច្បាស់លាស់ថា គណនេយ្យកររូបនោះស្លាប់ ឬចងកសម្លាប់ខ្លួនដោយសារមូលហេតុអ្វី ហើយថវិកាដែលនៅជាប់នឹងខ្លួននោះ ត្រូវបាត់បង់ទៅទីណានោះទេ គឺគ្រាន់តែមានមន្ទិលសង្ស័យរៀងខ្លួនតែប៉ុណ្ណោះ។ គ្រូបង្រៀនខ្លះដាក់ការសង្ស័យទៅលើការស្លាប់របស់មន្ត្រីគណនេយ្យរូបនោះ ថាជាអំពើឃាតកម្ម។
ប្រធានស្ដីទីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបង លោក អូន ហ្វៃ បញ្ជាក់ថា ការចុះពិនិត្យរបស់មន្ត្រីជំនាញ និងឯកសារនានាបញ្ជាក់ថា ការស្លាប់របស់ លោក មាស ចាន់រិទ្ធិ ដែលជាគណនេយ្យករប្រចាំការិយាល័យស្រុកគាស់ក្រឡ នេះ គឺកើតឡើងដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ទន្ទឹមគ្នានេះ សមត្ថកិច្ចប៉ូលិសបានជួបសួរនាំមនុស្សមួយចំនួន រកឃើញថា នៅមុនការស្លាប់ លោក មាស ចាន់រិទ្ធិ បានយកលុយមួយចំនួនទៅសងបំណុលគេ ប៉ុន្តែគេមិនអាចដឹងថា សំណងទាំងនោះ លោក មាស ចាន់រិទ្ធិ បានលុយមកពីណានោះទេ៖ «អារឿងអត្តឃាតនេះ ខាងប៉ូលិសមិនអាចបញ្ជាក់បានថា គាត់ធ្វើដោយមូលហេតុអ្វីទេ ប៉ុន្តែប៉ូលិសគ្រាន់តែបញ្ជាក់ថា រឿងមនុស្សដែលចងកសម្លាប់នេះ ជារឿងអត្តឃាតមិនមែនជារឿងឃាតកម្ម ប៉ុន្តែរឿងបញ្ជាក់ថា ចងកដោយសារមូលហេតុអី អាហ្នឹងយើង ព្រោះរឿងផ្ទៃក្នុងគ្រួសារគាត់ យើងមិនអាចជជីកសួររឿងហេតុអីគាត់បាន»។
លោក អូន ហ្វៃ បញ្ជាក់បន្ថែមថា សមត្ថកិច្ចប៉ូលិសបានចូលពិនិត្យលេខគណនេយ្យរបស់ លោក មាស ចាន់រិទ្ធិ នៅធនាគារដែរ ប៉ុន្តែរកពុំឃើញមានថវិកានោះឡើយ។ លោកថា ករណីនេះ សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវបន្តិចទៀត មុនពេលបញ្ជូនសំណុំរឿងទៅឲ្យតុលាការ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចរកឃើញថា ករណីនេះជាការធ្វើអត្តឃាតដោយខ្លួនឯង។ លោកអត្ថាធិប្បាយថា ជាធម្មតាការរៀបចំកញ្ចប់ថវិកាសម្រាប់បើកប្រាក់ខែឲ្យគ្រូបង្រៀន គឺដាក់តាមធនាគារ អេស៊ីលីដា (Acleda)៖ «អ៊ីចឹងយើងសួរថា ប្រាក់ហ្នឹងទៅណា? តាមយើងមើលទៅ មានអ្នកមកបង្ហាញថា អ្នកហ្នឹងជំពាក់ប្រាក់គេ ទៅសងម្នាក់នោះ បីពាន់ដុល្លារ ម្នាក់នោះ ៤ពាន់ សរុបទៅអស់ ១ម៉ឺនជាង។ អ៊ីចឹងវានៅសល់ប៉ុន្មានទៀត វាអត់ឃើញថានៅពីណាទេ ប៉ុន្តែវារឿងហ្នឹងវាប្រាកដថា គាត់ជំពាក់ប្រាក់ពីណាហើយ យើងនឹងធ្វើបន្តទៀត។ ជាទូទៅ គាត់ដាក់តាមអេស៊ីលីដា ពាក់ព័ន្ធរឿងហ្នឹងថ្ងៃ៦ ថ្ងៃ១២ ហ្នឹង យើងមើលមិនមានដាក់តាមអេស៊ីលីដា ទេ»។
ពាក់ព័ន្ធទៅនឹងសំណងផ្លូវច្បាប់ លោក នួន សាន ពន្យល់ថា បើសិនជាមន្ទីរអប់រំ ឬក៏ភាគីពាក់ព័ន្ធណាមួយចេញមុខរៀបចំពាក្យបណ្ដឹងនោះ តុលាការនឹងចាត់ការតាមនីតិវិធីរឹបអូសទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ លោក មាស ចាន់រិទ្ធិ ដើម្បីយកទៅទូទាត់ធានាសំណងលើថវិកាដែលជាប្រាក់ខែគ្រូបង្រៀនដែលគាត់បានធ្វើឲ្យបាត់បង់ទៅ។ ត្រង់បញ្ហានេះ គេនៅពុំទាន់ដឹងថា ខាងមន្ទីរអប់រំខេត្តបាត់ដំបង នឹងមានជំហរបែបណានោះទេ។ ចំណែកក្រុមគ្រូបង្រៀនវិញ ពួកគាត់នៅតែជំរុញធ្វើយ៉ាងណា បើកប្រាក់ខែនោះឲ្យបានឆាប់ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៕
Labels: ព័ត៌មានជាតិ