ក្រិក​​អាច​សម្រេច​ទិសដៅ​​ ប្រមូល​ថវិកា​ផ្នែកចំណូល​ បាន​ច្រើនជាង​ចំណាយ​ គិត​សម្រាប់​ឆ្នាំ​២០១៣​



 ក្រិកបាន​កាត់បន្ថយ​ចំណាយ​គ្រប់សព្វ​បែបយ៉ាង ដើម្បី​អាចសម្រេច​បាន​ទិសដៅ​ប្រមូលថវិកា​ចំណូល​ បាន​ច្រើនជាង​ចំណាយ​នេះ
ដោយ ព្រំ សឿន សូលីណា
យោងតាម​ការប្រកាស​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ក្រិក​ ​​នៅថ្ងៃ​អង្គារ​នេះ​ ប្រទេស​ក្រិក​នឹង​​សំរេច​ទិសដៅ​ខ្លួន ក្នុង​ការ​ប្រមូល​ថវិកា​ផ្នែកចំណូល​ ​បាន​ច្រើនជាង​ផ្នែកចំណាយ យ៉ាងហោច​ក៏​៨០០លានអឺរ៉ូ ដែរ គិត​សម្រាប់​ឆ្នាំ២០១៣​​កន្លងមកនេះ។ ​ទឹកប្រាក់​នេះ មិនបាន​រាប់បញ្ចូលពីប្រាក់​ដែល​រដ្ឋចំណាយ​ដើម្បី​បង់​ការប្រាក់​បំណុល​ ដែល​ក្រិក​ត្រូវបង់​អោយ​ម្ចាស់បំណុល​នានា​នោះទេ។ ​
នៅថ្ងៃ​អង្គារ​នេះ យោងតាម​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ក្រិក លោក គ្រីសស្តូស ស្តៃគូរ៉ាស Christos Staïkuras ​ប្រទេស​ក្រិក​​​អាច​​​ប្រមូល​​ថវិកា​ចំណូល បាន​ច្រើនជាង​ផ្នែកចំណាយ​​ យ៉ាងហោច​ណាស់​ក៏​៨០០លានអឺរ៉ូ ដែរ​ ​​​ គិតសម្រាប់​​​​ឆ្នាំ​២០១៣ កន្លងមក។ ដោយឡែក ក្រសួង​​ហិរញ្ញវត្ថុក្រិក​មិនបាន​រាប់បញ្ចូលប្រាក់ដែល​រដ្ឋចំណាយ​សម្រាប់​បង់​​​ការប្រាក់បំណុល​​​ក្នុង​​ទឹកប្រាក់​​នេះ​ទេ។

យោងតាម​ឯកសារ​ក្រសួង​ហិរញ្ញវត្ថុ​ ថវិកា​រដ្ឋក្រិក​សម្រាប់​រយៈពេល​១២ខែ​ នៃឆ្នាំ២០១៣ បង្ហាញ​ថា ក្រិក​ប្រមូល​បានថវិកាផ្នែកចំណូល​ខ្ពស់​ជាង​ផ្នែកចំណាយ​រហូតដល់​​៦៩១លានអឺរ៉ូ។ ហើយ​ប្រសិន​បើ​រាប់បញ្ចូល​ទឹកប្រាក់​គណនេយ្យ​រដ្ឋបាល​​ក្នុងស្រុក​​ជាច្រើន​កន្លែងទៀត នោះ​ថវិកា​ចំណូល​នេះ នឹង​មាន​ទឹកប្រាក់​ហួសពី​ប្រាក់ចំណាយ រហូត​ដល់​៨០០លានអឺរ៉ូ​ឯណោះ។​ ទឹកប្រាក់​នេះ មាន​កម្រិត​ខ្ពស់​បំផុត​ នៅអឺរ៉ុប។ ការដែល​ក្រិក​អាច​ប្រមូល​ប្រាក់​ចំណូល​ បានច្រើនជាងប្រាក់​​ចំណាយ​នេះ ក៏ដោយសារ​តែ​រដ្ឋក្រិក​បាន​​កាត់បន្ថយ​ចំណាយ​គ្រប់ទិសទី​ទាំងអស់ដែរ។ ការកាត់បន្ថយ​ចំណាយ​នេះ គឺ​ជា​ទិសដៅ​ចំបង​​ ផ្នែកម៉ាក្រូសេដ្ឋកិច្ច​​ឆ្នាំ២០១៣ ហើយ​ក៏​ជា​លក្ខខណ្ឌ ដែល​ម្ចាស់បំណុល​នានា​បាន​ដាក់​កំហិត​ដល់​ក្រិក​​ ដើម្បី​បន្ធូរបន្ថយ​ប្រាក់បំណុល​ក្រិក​ផងដែរ។ យោងតាម​ការិយាល័យ​​​ស្ថិតិអឺរ៉ុប ឈ្មោះថា ​អឺរ៉ូស្តាត​ ប្រាក់បំណុល​ក្រិក​ឆ្នាំ២០១៣ កន្លងមក​ មាន​ដល់ទៅ​១៧៥ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ​ឯណោះ។

ជាង​មួយទស​វត្ស​​​ហើយ ដែល​ក្រិក​មិនបាន​ទទួល​ប្រាក់ចំណូល​បានខ្ពស់​ជាង​ប្រាក់​ចំណាយ​​​បែបនេះ។​ ក្រិក​បាន​​​​យក​សេចក្តី​សំរេច​នានា ចេញ​មកពី​​ជំនួបកំពូល​អឺរ៉ុប ខែ​វិច្ឆិកា​ ឆ្នាំ២០១២ ធ្វើ​ជាមូលដ្ឋាន។ រដ្ឋ​ក្រិកសង្ឃឹម​ថា ​ម្ចាស់បំណុល​ខ្លួននានា អាច​នឹង​បន្ធូរបន្ថយ​​​ការ​ប្រាក់​បំណុល​ ព្រមទាំង​​អាច​ពន្យារ​ពេលវេលា​សង​បំណុល​អោយ​​ក្រិក​បន្ថែម​​ទៀត។ ថ្វីបើ​ក្រិក​ទើបតែ​ចូលកាន់តំណែង​ជាប្រធាន​​ផ្លាស់វេន​​​​សហភាព​អឺរ៉ុប​។

រដ្ឋាភិបាល​ក្រុងអាថែន​ នៅតែប្រឈម​​នឹង​​​វិបត្តិសេដ្ឋកិច្ច ​អត្រា​​ជនគ្មានការងារ​ធ្វើ​មាន​២៧,៨ភាគរយ គិត​ក្នុង​ខែតុលា​ឆ្នាំ២០១៣កន្លងមក។  គិត​ពី​ឆ្នាំ២០១០មក ម្ចាស់បំណុល​នានា​ ធ្លាប់​បាន​ផ្តល់​២៤០ពាន់លាន​អឺរ៉ូ អោយ​រដ្ឋក្រិក​​រួច​មកហើយ តាមរយៈ​កម្មវិធី​កំចី​ចំនួន២ ភ្ជាប់​ជាមួយ​កម្មវិធី​ត្បិតត្បៀត​ថវិកា​​ក្នុងស្រុក​ផងដែរ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors