កុមារ​ដែលត្រូវ​គេ​រំលោភ​បំពាន​សិទ្ធិ​ អាច​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ដោយផ្ទាល់​



 កុមារ​ហ្វីលីពីន​កំពុងឈរតំរង់ជួរ រង់ចាំ​ទទួល​​ម្ហូប​អាហារ បន្ទាប់ពីហ្វីលីពីន​បាន​រងគ្រោះ​ព្យុះសង្ឃរា កាលពី​ខែធ្នូ ឆ្នាំ២០១៣
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​អង្គារ​នេះ អង្គការ​សហប្រជាជាតិ​បានប្រកាស​​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយថា ​ចាប់ពីពេល​នេះ​តទៅ កុមារ​ទាំងឡាយណាដែល​ត្រូវ​គេ​រំលោភបំពាន​សិទ្ធិ អា​ច​ដាក់ពាក្យប្តឹង​ដោយផ្ទាល់ ទៅ​​អង្គការ​សហប្រជាជាតិតែម្តង។ អង្គការ​សហប្រជាជាតិ​មាន​គណៈកម្មាធិការ​ពិសេស​មួយ ទទួលបន្ទុក​កិច្ចការ​នេះ។
អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន នៅថ្ងៃ​អង្គារ​នេះថា កុមារ​ដែល​ត្រូវ​គេ​រំលោភ​បំពានសិទ្ធិ អាច​ដាក់ពាក្យបណ្តឹង ដោយផ្ទាល់ ​ទៅ​គណៈ​កម្មការ​ពិសេស​​អង្គការ​សហប្រជាជាតិ​តែម្តង។ គណៈកម្មាធិការ​ពិសេស​នេះ មាន​សមាជិក​១៨នាក់ ​ទទួលបន្ទុក​​កិច្ចការ​នេះ។

ពិធីសារ​មិនចាំបាច់​ ទី៣ ទាក់ទង​នឹង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តីពី​សិទ្ធិកុមារ នឹង​ចូលជា​ធរមាន​នៅខែ​មេសា​ ខាងមុខ​នេះ​ហើយ។ ពិធីសារ​នេះ រៀបចំ​បែបបទ​ទំនាក់ទំនង និង​ការពារ​សិទ្ធិកុមារ​ ដោយ​សំរេច​អោយ​មាន​​ការដាក់ពាក្យប្តឹង​​​ ​​ករណី​មាន​ការរំលោភ​បំពាន​សិទ្ធិកុមារ។ យោងតាម​ខ្លឹមសារ​ពិធីសារ​នេះ កុមារ​ទាំងឡាយ ទោះ​ជា​កុមារ​នោះ​នៅ​ម្នាក់ឯង​ រឺក៏មាន​គ្នាច្រើន​នាក់ ច្រើនក្រុម​ក្តី អាច​នឹង​ដាក់ពាក្យប្តឹង​ផ្ទាល់ ទៅ​អង្គការ​សហប្រជាជាតិ ប្រសិន​បើ​មានការ​រំលោភ​លើសិទ្ធិ​របស់​ពួកគេ​កើតឡើង។

ពោលគឺ​​សំដៅ​លើ​ករណី​រំលោភ​ដែល​ចែង​ក្នុង​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ និង​ពិធីសារ​មិនចាំបាច់​ចំនួន២​របស់​អង្គការ​សហប្រជាជាតិ​ ដែលបានចូលជា​ធរមាន​ក្នុងពេលកន្លងមក។ ពិធីសារ​ទាំង២នោះ គឺ​ទី១-ពិធីសារ​ស្តីពី​កុមារ​ក្នុង​ជម្លោះប្រដាប់អាវុធ និងទី២-​ពិធីសារ​ស្តីពី​​ការលក់ដូរកុមារ ការ​ធ្វើពេស្យាចារ​​លើកុមារ និង​ការ​អោយ​កុមារ​ធ្វើសកម្មភាព​អាសអាភាស។ ​

ករណី​មាន​​កុមារ​​ រឺក្រុមកុមារ​ ដាក់ពាក្យប្តឹង​ប្រឆាំង​ការសងសឹក​ណាមួយ​ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​កិច្ចការ​នេះ ​នឹង​ចាត់វិធានការ​​ការពារកុមារ​រូបនោះ រឺក៏​ការពារក្រុមកុមារ​ទាំងនោះ​ ដោយ​​សុំអោយ​រដ្ឋាភិបាល​ប្រទេសរបស់​កុមារ​ ចាត់វិធានការ​បណ្តោះអាសន្ន​​ ដើម្បី​ការពារកុមារ រឺ​ក៏​ក្រុមកុមារ​​នោះ។​ ហើយ​ករណី​ប្រទេស​របស់​កុមារ ដែល​បាន​ដាក់ពាក្យប្តឹង ត្រូវ​បាន​ជាប់សង្ស័យថា ​រំលោភ​អនុសញ្ញា​ទាក់ទង​សិទ្ធិកុមារ​នេះ ​គណៈ​កម្មាធិការ​​អង្គការ​​សហប្រជាជាតិ នឹងចេញ​អនុសាសន៍​តំរូវ​អោយ​រដ្ឋាភិបាល​នោះ គោរព​អនុវត្ត​តាម​ដោយ​ខានមិនបាន។

ពិធីសារ​មិនចាំបាច់​ស្តីពី​ការដាក់ពាក្យប្តឹង​របស់​កុមារ​នេះ ត្រូវ​មហាសន្និបាត​​​អង្គការ​សហប្រជាជាតិ​ អនុម័ត​ កាលពីខែ​ធ្នូ ឆ្នាំ២០១១។ ​​កន្លងមក ប្រទេស​​ចំនួន​៩ មាន ថៃ ​អាល្លឺម៉ង់ អាល់បានី បូលីវី អេស្ប៉ាញ ហ្កាបុង ម៉ុងតេណេហ្ក្រូ ពរទុយហ្កាល់ និង​ស្លូវ៉ាគី ​បាន​​​អនុម័ត ពិធីសារ​នេះរួចមកហើយ។ នៅថ្ងៃ​អង្គារ​នេះ កូស្តារីកា ​ក្លាយជា​ប្រទេស​ទី១០ ដែល​ចុះ​ហត្ថលេខា​​​​​អនុម័ត​ពិធីសារ​នេះ ជាលក្ខខណ្ឌ​​ធ្វើ​អោយ​ពិធីសារ​ទាក់ទង​សិទ្ធិកុមារនេះ ចូលជាធរមាន៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors