Pages

Sunday, January 26, 2014

ក្រុម​ជ្រៀត​ជ្រែក​ប្រព័ន្ធអ៊ីនធើរណិត​ Anonymous Cambodia ​វាយ​លុក​វ៉ិបសាយថ៍​មេបញ្ជាការ​កង​ទ័ព​កម្ពុជា​

 Hacking activities by Anonymous Cambodia are growing
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មករា ម្សិល​មិញ​នេះ ក្រុម​ជ្រៀត​ជ្រែក​ប្រព័ន្ធអ៊ីនធើរណិត​អនាមិក​កម្ពុជា​ហៅ​កាត់​ថា Anonymous Cambodia បាន​វាយ​លុក​ជ្រៀត​ជ្រែក​ចូល​ប្រព័ន្ធ​វ៉ិបសាយថ៍​របស់​អគ្គ​មេបញ្ជាការ​នៃ​ កង​យោធពល​ខេមរភូមិន្ទ​។ក្រុម​អនាមិក​កម្ពុជា​នេះ​បាន​ផ្សាយ​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​ដាក់​សារ​ថា ខ្លួន​បាន​ទម្លាយ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​
វ៉ិបសាយថ៍​នោះ​ដូច​ជា​របស់​អគ្គ​មេបញ្ជា​ការ​ជាន់​ខ្ពស់​, ឧត្ដម​សេនីយ៍​ឯក​, វរសេនីយ៍ត្រី ជា​ដើម​រួម​ទាំង​លេខ​សម្ងាត់​សម្រាប់​ចូល​ប្រព័ន្ធ​​របស់​ពួកគេ​ផង​ដែរ។ តាម​អ្វី​ដែល​វិទ្យុ​អូស្រ្ដាលី​បាន​ឃើញ​នៅ​ពេល​ចុច​តាម​តំណ​ភ្ជាប់​អ៊ីនធើរណិត​ដែល​ក្រុម Anonymous Cambodia នេះ​បាន​ដាក់​បង្ហាញ​លើ Twitter នូវ​ឯកសារ​សម្ងាត់​ដែល​ខ្លួន​បាន​លួច​ជ្រៀត​ជ្រែក​ចូល​ គឺ​មាន​ឈ្មោះ​អ្នក​ប្រើ​ប្រាស់, អ៊ីមែល, លេខ​សម្ងាត់, ឋានន្ដរសក្ដិ និង​នាយក​ដ្ឋាន​ផង​ដែល​សរុប​ទៅ​មាន​ឈ្មោះ​មន្រ្ដី​យោធា​ប្រើ​ប្រាស់​ប្រមាណ​ជាង​២៤០​រូប​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ Anonymous Cambodia មិន​បាន​បញ្ចេញ​ឲ្យ​សាធារណៈ​ដឹងថា ​វ៉ិបសាយថ៍​នោះ​ត្រូវ​បាន​វាយ​លុក​ទេ ព្រោះ​មិន​ដូច​ពីមុន ដែល​ក្រុម​នេះ​ច្រើន​ផ្លាស់​ប្ដូរ​មាតិកា​នៃ​វ៉ិបសាយថ៍​នានា។

ទាក់​ទង​នឹង​រឿង​នេះ វិទ្យុ​អូស្រ្ដាលី​បាន​សាក​សួរ​ទៅ​ក្រុម​ការ​ងារ​ជាតិ​កម្ពុជា​ទប់​ទល់​នឹង​បញ្ហា​បន្ទាន់​នៃ​កុំ​ព្យូទ័រ​ហៅ​កាត់​ថា CamCERT ដែល​ស្ថិត​នៅ​ក្រុម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​មើល​ការ​ខុស​ត្រូវ​សន្ដិសុខ​ព័ត៌មាន​អ៊ីនធើរណិត​។ ប៉ុន្ដែ​ខាង​ CamCERT ព្រឹក​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ទទួល​របាយ​ការណ៍​ណា​អំពី​ការ​វាយ​លុក​វ៉ិបសាយ៍​របស់​កង​យោធពល​ខេមរភូមិន្ទ​នេះ​ទេ។

វិទ្យុ​អូស្រ្ដាលី​បាន​​​ទាក់​ទង​ទៅលោក គុយ ចាន់ថា ​អ្នក​មើល​ការ​ខុស​ត្រូវ​វ៉ិបសាយថ៍​របស់​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​ជំនួយ​ការ​របស់​លោក ប៉ុល សារឿន មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ហើយ​លោក​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ព្រឹក​មិញ​នេះ​ថា ខាង​លោក​អត់​ដឹង​រឿង​វាយ​លុក​ចូល​លួច​ទិន្នន័យ​ពីម្សិល​មិញ​ដាក់​ចូលអ៊ីនធើរណិត​ធ្វើ​ឡើង​ដោយ​ក្រុម Anonymous Cambodia នេះ​ទេ។

(សំឡេង​លោក គុយ ចាន់ថា)

កន្លង​ទៅ​នេះ​ក្រុម​វាយ​លុក​តាម​អ៊ីនធើរណិត Anonymous Cambodia បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា ការ​វាយ​លុក​បណ្ដាញ​អ៊ីនធើរណិត, វ៉ិបសាយថ៍ ឬ​កុំ​ព្យូទ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​ងាយ​ស្រួល​បំផុត ហើយ​ក៏​អាច​បង្កប់​ខ្លួន​នៅ​ចាំ​មើល​សភាព​ការណ៍​បន្ដ​ទៀត​បានដែរ ដោយ​អ្នក​គ្រប់​គ្រង​បណ្ដាញ ឬ​ប្រព័ន្ធ​នោះ​មិន​អាច​ដឹង​បាន​ថា ពួក​គេ​សំងំ​ខ្លួន​នោះ​ឡើយ​។ Anonymous Cambodia បាន​ឲ្យដឹង​ទៀត​ថា ពួក​គេ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ព្រមាន​ដល់​ម្ចាស់​វ៉ិបសាយថ៍ និង​បណ្ដាញ​អ៊ីនធើរណិត​ទាំង​នោះឲ្យ​យក​ចិត្ដ​ទុក​ដាក់​លើ​បញ្ហា​ការ​ពារ​សន្ដិសុខ​ប្រព័ន្ធ​របស់​ខ្លួន​ពី​ការ​វាយ​លុក​ពី​ខាង​ក្រៅ។

យ៉ាង​ណា​ក៏​ដោយ​ខាង​ក្រុម​ការ​ងារ​ជាតិ​កម្ពុជា​ទប់​ទល់​នឹង​បញ្ហា​បន្ទាន់នៃ​កុំ​ព្យូទ័រ​ធ្លាប់​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា ក្រុម​ជ្រៀត​ជ្រែក​កុំ​ព្យូទ័រ និង​អ៊ីនធើរណិត​ Anonymous Cambodia នេះ​មិន​មាន​សមត្ថភាព​ខ្លាំង​នោះ​ទេ។ ប៉ុន្ដែ​ការ​ជ្រៀត​ជ្រែក​វាយ​លុយ​លួច​យក​ទិន្នន័យ​សម្ងាត់​របស់​កង​យោធា​កម្ពុជា​ពីម្សិល​មិញ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​សមត្ថភាព​របស់​ក្រុម​នេះ​ដែល​ចង់​បញ្ចេញ​ថ្វីដៃ​ឲ្យ​គេ​ស្គាល់​ថា ជា​ក្រុម​មួយ​ពូកែ ហើយ​ថា សន្ដិសុខ​ប្រព័ន្ធ​ការ​ពារ​ព័ត៌មាន​តាម​អ៊ីនធើរណិត​របស់​ស្ថាប័ន​ និង​ក្រុមហ៊ុន​នៅ​កម្ពុជា​នៅ​មាន​សភាព​ទន់​ខ្សោយ​ជា​ទីបំផុត ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់។ ក្រុម​ Anonymous Cambodia ហៅ​ប្រតិបត្ដិការ​របស់​ខ្លួន​ថា ជា​ប្រតិបត្ដិការ​សិទ្ធិ​សេរីភាព​របស់​កម្ពុជា (OpCambodiaFreedom)៕