ការស្ទង់មតិរបស់វិទ្យាស្ថាន អាយ.អ.អាយ កាលពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ បានផ្ដោតសំខាន់ទៅលើបញ្ហាមួយចំនួន មានដូចជា ការពេញចិត្តរបស់អ្នកបោះឆ្នោតលើគណបក្សនយោបាយ ការធ្វើយុទ្ធនាការបោះឆ្នោត ការចុះឈ្មោះ និងការចូលរួមបោះឆ្នោតជាដើម។
ប្រជាពលរដ្ឋពេញវ័យចំនួន ២ពាន់នាក់នៅទូទាំងប្រទេស ដែលត្រូវបានសាកសួរក្នុងការស្ទង់មតិនេះ មិនមានរាប់បញ្ចូលពលរដ្ឋដែលជាសមាជិក ឬដែលមានសមាជិកក្នុងគ្រួសារជាអ្នកយកព័ត៌មាន ជាសមាជិកគណបក្សនយោបាយ ជាសមាជិកនៃក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត ជាសមាជិករដ្ឋសភា ជាបុគ្គលិកមន្ត្រីរាជការ ជាបុគ្គលិកនៃភ្នាក់ងារទីផ្សារ ឬស្ថាប័នទំនាក់ទំនងសាធារណៈ ឬជាបុគ្គលិកនៃវិទ្យាស្ថានស្រាវជ្រាវណាមួយឡើយ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា ទស្សនៈពលរដ្ឋដែលគិតថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន កំពុងដើរលើផ្លូវត្រូវនោះបានធ្លាក់ចុះ ពោល គឺបានធ្លាក់ពី ៧៩% ក្នុងការស្ទង់មតិនៅដើមឆ្នាំ២០១៣ មកនៅត្រឹម ៥៥%។ ហើយនេះ គឺជាការធ្លាក់យ៉ាងគំហុក បើប្រៀបធៀបទៅនឹងការស្ទង់មតិចាប់ពីឆ្នាំ២០០៦ មក។
ការស្ទង់មតិរបស់ អាយ.អ.អាយ កន្លងមក បានបង្ហាញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរលើផ្លូវត្រូវ បានកើនឡើងជាលំដាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ តែធ្លាក់ចុះបន្តិចវិញនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ រួចកើនឡើងវិញនៅឆ្នាំ២០១១ និងដើមឆ្នាំ២០១៣។ តែសម្រាប់ការស្ទង់មតិនៅចុងឆ្នាំ២០១៣ បានធ្លាក់ចុះយ៉ាងគំហុកតែម្តង។
មូលហេតុមួយចំនួនដែលប្រជាពលរដ្ឋគិតថា រដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវនោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រព័ន្ធធារាសាស្ត្រ។ ក្រៅពីនោះ នៅមានហេតុផលមួយចំនួនទៀត ដូចជា ប្រទេសមានសុខសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកំណើនក្រុមហ៊ុនឯកជន និងរោងចក្រសហគ្រាសជាដើម។
ចំណែកពលរដ្ឋថា រដ្ឋាភិបាលដើរលើផ្លូវខុសវិញ មកពីពួកគេគិតថា រដ្ឋាភិបាលសព្វថ្ងៃពោរពេញដោយអំពើពុករលួយ ខ្សែរយៈ បក្ខពួកនិយម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងការនេសាទត្រីខុសច្បាប់ តម្លៃកសិផលរបស់ប្រជាកសិករទាប ខណៈដែលទំនិញលើទីផ្សារខ្ពស់ និងបញ្ហាអន្តោប្រវេសន៍វៀតណាម ខុសច្បាប់។
ទោះជាយ៉ាងណា លទ្ធផលស្ទង់មតិសរុបបង្ហាញថា ប្រជាពលរដ្ឋភាគច្រើនគិតថា បញ្ហាសំខាន់បំផុតដែលសង្គមកម្ពុជា កំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថាន ទន្លេ ស្ទឹង បឹងបួ បញ្ហាអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ បញ្ហាអស្ថិរភាពនយោបាយ ឬជម្លោះនយោបាយរវាងគណបក្សធំៗទាំងពីរ អំពើពុករលួយ ជម្លោះព្រំដែន និងការកំណត់ព្រំដែន។
ប្រជាពលរដ្ឋដែលត្រូវបានសាកសួរភាគច្រើន ក៏បានគាំទ្រដែរថា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសមួយប្រកបដោយប្រជាធិបតេយ្យសេរី និងយុត្តិធម៌ ប្រព័ន្ធតុលាការក្នុងប្រទេសមួយនេះ ត្រូវតែយុត្តិធម៌ និងឯករាជ្យ ពលរដ្ឋត្រូវមានសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ គ្រប់គណបក្សនយោបាយទាំងអស់ត្រូវមានសិទ្ធិស្មើគ្នាក្នុងការផ្សាយ សកម្មភាពរបស់ខ្លួនលើវិទ្យុ និងទូរទស្សន៍ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែឯករាជ្យ និងត្រូវធ្វើការកែលំអបញ្ជីឈ្មោះបោះឆ្នោត។
លើសពីនេះ ពលរដ្ឋថាកត្តាសំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលជំរុញឲ្យពួកគាត់សម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយមួយ កាលពីខែកក្កដា ឆ្នាំ២០១៣ នោះគឺប្រទេសកម្ពុជា ត្រូវការការផ្លាស់ប្ដូរ។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋភាគច្រើនក៏ចង់ឲ្យមេភូមិត្រូវបានបោះឆ្នោតជ្រើសរើស ផ្ទាល់ដោយប្រជាពលរដ្ឋផងដែរ។
ចំពោះបញ្ហាមួយចំនួនផ្សេងទៀត ដូចជា ការការពារកម្មករ និងកសិករ ការការពារសិទ្ធិមនុស្ស ការការពារកុំឲ្យទំនិញឡើងថ្លៃ ការការពារសេរីភាពបញ្ចេញមតិ និងការដោះស្រាយបញ្ហាព្រំដែន ប្រជាពលរដ្ឋគិតថាគណបក្សសង្គ្រោះជាតិ អាចធ្វើបានខណៈពលរដ្ឋភាគច្រើន គិតថា គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពបង្កើតការងារ និងអាចធ្វើឲ្យសេដ្ឋកិច្ច និងវិស័យអប់រំរីកចម្រើនបាន។ ប៉ុន្តែ ពលរដ្ឋភាគច្រើនគិតថា គណបក្សនយោបាយដែលតម្កល់ប្រយោជន៍រាស្ត្រធំជាងប្រយោជន៍បក្សនោះ គឺគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅថ្ងៃទី២៥ មករា ថា រដ្ឋាភិបាលកម្ពុជា មិនមានប្រតិកម្មអ្វីទៅនឹងលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ អាយ.អ.អាយ ឡើយ។ លោកថា ការសិក្សារបស់ អាយ.អ.អាយ គឺឆ្លើយតបទន្ទឹមគ្នាទៅនឹងអ្វីដែលរដ្ឋាភិបាលបានធ្វើ កំពុងធ្វើ នឹងបន្តធ្វើទៅថ្ងៃខាងមុខ។ តែទោះយ៉ាងណា លោកថារដ្ឋាភិបាលមិនទាន់ចាត់ទុកថា លទ្ធផលស្ទង់មតិនេះត្រឹមត្រូវឥតខ្ចោះនោះទេ។
លោក ផៃ ស៊ីផាន៖ «អ្វីដែលជារបាយការណ៍របស់ អាយ.អ.អាយ ហ្នឹង ជាព័ត៌មានមួយដែលយើងយកមកពិចារណា អ្វីដែលរដ្ឋាភិបាលបានធ្វើ យើងមានទិសដៅថា យើងបានធ្វើត្រឹមត្រូវរួចហើយ ប៉ុន្តែការលើកឡើងរបស់ អាយ.អ.អាយ គ្រាន់តែជាព័ត៌មានមួយទៀតដែលយើងយកចិត្តទុកដាក់ពង្រឹងការផ្តល់ សេវា ឆ្លើយតបដល់មហាជនរបស់យើង ប្រជាជនរបស់យើងនោះ គឺសេវាកម្មមួយដែលមានប្រសិទ្ធភាព ហើយនិងគុណភាពដែលយើងត្រូវឆ្លើយ»។
ទាក់ទងនឹងលទ្ធផលស្ទង់មតិដែលថា កត្តាសំខាន់បំផុតមួយដែលជំរុញប្រជាពលរដ្ឋឲ្យបោះឆ្នោតជ្រើសរើស គណបក្សនយោបាយមួយ គឺកម្ពុជា ត្រូវការការផ្លាស់ប្ដូរនោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា តាមពិតកម្ពុជា បានផ្លាស់ប្ដូររួចហើយ។
លោក ផៃ ស៊ីផាន៖ «ការផ្លាស់ប្ដូររដ្ឋាភិបាលបច្ចុប្បន្ន យើងបានធ្វើហើយតាមរយៈការបោះឆ្នោត យើងធ្វើតាមរយៈអ្វីដែលជាឆន្ទៈរួមរបស់យើងកាលពីរដ្ឋធម្មនុញ្ញដែល ជាសភានយោបាយ ដែលជាសភាធម្មនុញ្ញបង្កើតនៅឆ្នាំ១៩៩៣ ហើយការផ្លាស់ប្ដូរដែលយើងចង់បានហ្នឹង យើងចង់បានទៅតាមមតិអ្នកណា មតិភាគច្រើនដែលគេថាគេត្រូវការទទួលស្គាល់ថ្នាក់ដឹកនាំ គឺមគ្គទេសក៍របស់សម្ដេចតេជោ ហើយសម្ដេចតេជោឆ្លើយតបទៅវិញនៅក្នុងកំណែទម្រង់ ដើម្បីឲ្យមានបរិយាកាសហើយនិងការអភិវឌ្ឍរកវឌ្ឍនភាពរឹតតែធ្វើឲ្យ បានប្រសើរឡើង»។
ការបញ្ចេញលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន អាយ.អ.អាយ នៅពេលនេះ ធ្លាក់ចំពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងរងការរិះគន់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស ការបិទសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ការវាយបង្ក្រាបការប្រព្រឹត្តអមនុស្សធម៌ដោយកម្លាំងអាជ្ញាធរ រដ្ឋាភិបាលលើពលរដ្ឋ ការយកតុលាការជាឧបករណ៍នយោបាយសម្រាប់ទប់ទល់នឹងក្រុមប្រឆាំង និងបញ្ហាសង្គមច្រើនផ្សេងទៀតរាប់មិនអស់៕