ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ឥណ្ឌូណេស៊ី​(១)​



ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ
កាល​ពី​សប្តាហ៍​មុន ហ្សង់​-​ហ្វ្រង់​ស័រ តាន់ បាន​លើក​ឡើង​អំពី​អ៊ីស្លាម​ជ្រុល​និយម និង ភេរវកម្ម នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់​ស័រ សូម​ពន្យល់​បន្ថែម​ថា តាំង​ពី​ឆ្នាំ១៩៤៥​មក ឥណ្ឌូណេស៊ី​ប្រឈម​មុខ​ឥត​ឈប់​ឈរ​នឹង​ពួក​ជន​ជាតិ​ភាគ​តិច​ដែល​ទាមទារ​អត្តសញ្ញាណ​ផង​និង​ទាមទារ​ផ្តាច់​ទឹក​ដី​ផង។
គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​១៩៩៩​ទើប​ឃើញ​ទីក្រុង​ហ្សា​ការ​តា(Jakarta) ដែល​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទទួលស្គាល់​ជា​លើក​ទី​មួយ​បង្អស់​ឯករាជ្យ​របស់​ទីម័រ​ខាង​កើត។
ប្រជាជន​ឥណ្ឌូណេស៊ី​មាន​ចំនួន​ប្រមាណ​២៤០លាន​នាក់ មាន​ជនជាតិ​ភាគតិច​ចំនួន​ជាង ៥០០​សហគមន៍ និង​និយាយ​២០០​ភាសា​ខុស​ៗ​គ្នា​។ តែ​ល្អ​ម្យ៉ាង ល្អ​ត្រង់​ថា ៨៨%​នៃ​ប្រជាជន​ទាំង​ស្រុង​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ ប្រទេស​ឥណ្ឌូណេស៊ី​មិន​អាច​គេច​ផុត​ពី​ការ​ហែក​ហួរ​គ្នា​បាន​ទេ ដោយ​ហេតុ​តែ​មាន​ការទាម​ទារ​អត្តសញ្ញាណ​និង​ការ​ទាម​ទារ​ផ្តាច់​ទឹក​ដី​ដែល​បាន​ផ្តើម​កើត​ឡើង តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម្ល៉េះ។ កាល​ណោះ ​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ និង​បាន​ដក​ទ័ព​ចេញ​ពី​អាស៊ីអាគ្នេយ៍​ហើយ លោក​សូ​ការ​ណូ (Soekarno) បាន​ឆ្លៀត​ប្រកាស​ឯករាជ្យ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

ក៏​ប៉ុន្តែ ហូឡង់(Hollande) ដែល​ជា​ប្រទេស​អាណា​និគម​អ្នក​គ្រប់គ្រង​ឥណ្ឌូណេស៊ី បាន​​ប្រឆាំង​នឹង​ទង្វើ​បែប​នេះ​របស់​លោក​សូ​ការ​ណូ ហើយ​ស្រាប់​តែ​បាន​ទៅ​បំផុស​បំផុល​ជនជាតិ​ភាគ តិច​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ខណ្ឌ​នានា ដូច​ជា​នៅ​លើ​កោះ​Moluques ឬ​នៅ​លើ​កោះ​Célèbes ជា​ដើម ឱ្យ​ងើប​បះ​បោរ​ទាមទារ​ស្វ័យភាព​។ មិន​តែ​ប៉ុណ្ណោះ កង​ទ័ព​ហូឡង់​ថែម​ទាំង​បាន​ឆ្លៀត​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​ឥណ្ឌូណេស៊ី​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៤៧ និង​នៅ​ខែធ្នូ​ឆ្នាំ​១៩៤៨​ទៀត​ផង។

គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​១៩៤៩ ទើប​ឃើញ​ប្រទេស​ហូ​ឡង់ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ យល់​ព្រម​ទទួល​ស្គាល់​ឯករាជ្យ​របស់​ឥណ្ឌូណេស៊ី។ តាំង​ពី​ពេល​នោះ​មក ឥណ្ឌូណេស៊ី​ក៏​ក្លាយ​ជា​សហពន្ធន៍​រួម​មួយ​ដែល​មាន​រដ្ឋ​ទាំង​អស់​ចំនួន​១។

រី​ឯ​ដែន​ដី​ទីម័រ​ខាង​កើត​វិញ បន្ត​ឋិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ព័រទុយហ្កាល់
(Portugal) ត​ទៅ​ទៀត​។ ដូច​គ្នា​អ៊ី​ចឹង​ដែរ ដែន​ដី​នូវែលហ្គីណេ(Nouvelle-Guinée)​ខាង​លិច​បន្ត​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ហូឡង់​ត​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាម​ទារ​ផ្តាច់​ទឹក​ដី​មិន​បាន​រលាយ​បាត់​បង់​ទៅ​វិញ​ឡើយ​។ នៅ​ខែ​មេសា​ឆ្នាំ​១៩៥០ កោះ​Moluques​បាន​ប្រកាស​ឯករាជ្យ ជា​ហេតុ​បាន​ជំរុញ​លោក​សូការណូ​ឲ្យ​សម្រេច​ប្រកាស​ទុក​ជា​មោឃៈ លក្ខន្តិក​សហពន្ធន៍​រួម​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​រួម​មួយ​ដាក់​ជំនួស​វិញ​ នៅ​ខែសីហា​ឆ្នាំ​១៩៥០។

ពេញ​មួយ​ទសវត្សរ៍​ទី​៥០ លោក​សូ​ការ​ណូ​បាន​ខ្នះ​ខ្នែង​ពង្រឹង​និង​ពង្រីក​ប្រទេស តាម​រយៈ​ការ​ប្រើ​ធម៌​ក្តៅ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ខាង​ក្នុង​ប្រទេស លោក​សូការណូ​បាន​ប្រើ​ទ័ព​បង្ក្រាប​ចលនា​ផ្តាច់​ទឹកដី​និយម​នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​Célèbes នៅ​ឆ្នាំ​១៩៥​។ នៅ​ខាង​ក្រៅ​ប្រទេស​វិញ លោក​សូការណូ​បាន​ប្រឹង​ប្រែង​និយាយ​លើក​តម្កើង​គោល​គំនិត​ស្តីពី​ការ​បង្កើត​មហា​ប្រទេស​មួយ​ដែល​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ឥណ្ឌូណេស៊ី នូវែលហ្គីណេ​ខាង​លិច​និង​ដែន​ដី​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo។ ក្នុង​ន័យ​នេះ នៅ​ខែ​មីនា​ឆ្នាំ​១៩៦២ កង​ទ័ព​ជាតិ ឥណ្ឌូណេស៊ី បាន​ចូល​កាន់​កាប់​ដែន​ដី​នូវែលហ្គីណេ​ខាង​លិច។

ជម្លោះ​នេះ​បាន​ជំរុញ​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ធ្វើ​អន្តរាគមន៍។ អង្គការ​សហ​ប្រជាជាតិ​បាន​គ្រប់​គ្រង​នូវែលហ្គីណេ​ខាង​លិច​អស់​រយៈ​ពេល​៨​ខែ រួច​ហើយ​បាន​ប្រគល់​ដែន​ដី​នេះ​ទៅ​ឲ្យ ឥណ្ឌូណេស៊ី នៅ​ខែ​ឧសភា​ឆ្នាំ​១៩៦៣​។ កាល​ណោះ អ.ស.ហ​បាន​តម្រូវ​ឱ្យ​ទី​ក្រុង​ហ្សា​ការ​តា​រៀប​ចំ​បោះឆ្នោត​ប្រជាមតិ​មួយ​នៅ​លើ​ទឹក​ដី​នូវែលហ្គីណេ​ខាង​លិច​នេះ​ឱ្យ​បាន​មុន​ឆ្នាំ១៩៦៩ ដើម្បី​សួរ​យោបល់​របស់​ពលរដ្ឋ​នៅ​ទី​នោះ​ថា តើ​ចង់​បាន​ឯករាជ្យ​ឬ​ចង់​បន្ត​ឋិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​ឥណ្ឌូណេស៊ី។ តែ​សម្រេច​សម្រួច​ទៅ លោក​សូ​ការ​ណូ​មិន​ដែល​បាន​រៀប​ចំ​ធ្វើ​ប្រជាមតិ​នោះ​សោះ​ឡើយ។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​នៅ​ក្នុង​ឆ្នាំ​១៩៦៥ ប្រជាជន​ប៉ា​ពូ​នៅ​នូ​វែ​ល​ហ្គី​ណេ​ខាងលិច​បាន​បង្កើត​អង្គការ​មួយ​ឡើង នោះ​គឺ​អង្គការ​ដើម្បី​ឯករាជ្យ​នៃ​ប៉ា​ពូ​អាស៊ីដែល​បាន​ចាប់​អាវុធ​ចេញ​មុខ​ប្រឆាំង​នឹង​ទី​ក្រុង​ហ្សា​ការ​តា។ ទន្ទឹម​នេះ ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៥ ឥណ្ឌូណេស៊ី​របស់​លោក​សូ​ការ​ណូ​ត្រូវ​ប្រឈម​មុខ​នឹង​ម៉ាឡេស៊ី ពីព្រោះ​ប្រទេស​ទាំង​ពីរ​ដណ្តើម​គ្នា​ចង់​បាន​តំបន់​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo។នៅ​ទី​បំផុត ដែន​ដី​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo​នេះ បាន​ក្លាយ​ជា​ខេត្ត​មួយ​របស់​សហពន្ធន៍​រួម​ម៉ាឡេស៊ី។

នៅ​ឆ្នាំ១៩៦៩ លោក​ស៊ូ​ហារ​តូ​(Suharto)​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ១៩៦៨​ជំនួស​លោក​សូ​ការ​ណូ បាន​សម្រេច​កែ​ឈ្មោះ​ដែន​ដី​នូ​វែ​ល​ហ្គី​ណេ​ខាង​លិច​មក​ជា​អ៊ី​រី​យ៉ាន់ ហ្សា​យ៉ា(Irian Jaya)​ដែល​ពី​អំណើះ​ត​ទៅ ជា​ខេត្ត​មួយ​ផ្តាច់​មុខ​របស់​ឥណ្ឌូណេស៊ី។ រីឯ​តំបន់​ប៉ែក​ខាង​កើត​នៃ​កោះ​នេះ​វិញ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧៥ ក្រោម​ឈ្មោះ​ថា រដ្ឋ​ប៉ា​ពូ​អាស៊ី-នូ​វែ​ល​ហ្គី​ណេ (Papouasie Nouvelle-Guinée)​។

ក្រោយ​មក​ទៀត នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៧៥​ប្រទេស​ព័រទុយហ្កាល់​បាន​សម្រេច​លះ​បង់​ចោល​អាណានិគម​ទាំង​អស់​របស់​ខ្លួន ជា​ហេតុ​បាន​ជំរុញ​ឲ្យ​ទី​ម័​រ​ខាង​កើត​ប្រកាស​ឯករាជ្យ។ មួយខែ​ក្រោយ​មក​តែ​ប៉ុណ្ណោះ លោក​ស៊ូ​ហារ​តូ​បាន​បញ្ជូន​កង​ទ័ព​ទៅ​កាន់​កាប់​ទី​ម័​រ​ខាង​កើត​ហើយ​បាន​ប្រកាស​ចាត់ទុក​ដែន​ដី​នេះ​ថា ជា​ខេត្ត​មួយ​របស់​ឥណ្ឌូណេស៊ី។

និយាយ​រួម គឺ​ការ​សម្រេច​ចិត្ត​របស់​លោក​សូ​ការ​ណូ​ក្នុង​ការ​ផ្លាស់ប្តូរ​លក្ខន្តិក​នៃ​ប្រទេស​ពី​សហពន្ធន៍​រួម​មក​ជា​សាធារណរដ្ឋ​រួម​នៅ​ឆ្នាំ​១៩៥០​តែ​ម្តង ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​ពូជ​សាសន៍​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ សហពន្ធន៍​រួម​គោរព​អត្តសញ្ញាណ​និង​ស្វ័យភាព​តិច​ឬ​ច្រើន​របស់​ពូជសាសន៍​នីមួយ។ ផ្ទុយទៅ​វិញ សាធារណរដ្ឋ​រួម​ប្រើ​អំណាច​ផ្តាច់​ការ បង្ខំ​ឱ្យ​ទាំង​អស់​គ្នា​ដែល​ជា​ពូជ​សាសន៍​មិន​ដូចគ្នា ដែល​និយាយ​ភាសា​មិន​ដូចគ្នា និង​ដែល​កាន់​សាសនា​មិន​ដូច​គ្នា ទទួល​ស្គាល់​អំណាច​របស់​ទី​ក្រុង​ហ្សា​ការ​តា។

មិន​តែ​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ​១៩៥០​ទៅ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ថែម​ទាំង​បាន​ជម្លៀស​ប្រជាជន​ចេញ​ទាំង​បង្ខំ​ពី​តំបន់​សម្បូណ៌​មនុស្ស​នៅ ទៅ​ដាក់​នៅ​ក្នុង​តំបន់​មិន​សូវ​មាន​មនុស្ស​នៅ។ គោល​ដៅ​នៃ​ទង្វើ​បែប​នេះ​គឺ​នយោបាយ ពីព្រោះ​រដ្ឋ​អំណាច​ទី​ក្រុង​ហ្សា​ការ​តា ចង់​ធ្វើ​ឱ្យ​ពូជសាសន៍​ដែល​ជា​អ្នក​ទាម​ទារ​ឯករាជ្យ​ក្លាយ​ជា​ជន​ជាតិ​ភាគតិច​នៅ​លើ​ទឹក​ដី​នៃ​ដូន​តា​របស់​ពួកគេ។ ជា​ឧទាហរណ៍​ជាក់​ស្តែង រដ្ឋ​អំណាច​បាន​បញ្ជូន​ប្រជាជន​ពី​ហ្សា​វ៉ា(Java) ទៅ​កាន់​នូ​វែ​ល​ហ្គី​ណេ​ខាង​លិច ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជនជាតិ​ប៉ា​ពូ​នៅ​ទីនោះ​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច។ ដូចគ្នា​អ៊ីចឹង​ដែរ ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​ប៉ែក​ខាងត្បូង​នៃ​កោះ​Moluques ដើម្បី​ធ្វើ​ឲ្យ​អ្នក​កាន់​គ្រិស្ត​សាសនា​នៅ​ទី​នោះ​មាន​ចំនួន​តិច​ជាង​អ្នក​កាន់​សាសនា​អ៊ីស្លាម។

នៅ​ដើម​សតវត្សរ៍​ទី​២១ ចលនា​ផ្តាច់​ទឹក​ដី​និយម​ដែល​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​អស់​ជា​ច្រើន​សិប​ឆ្នាំ បាន​ងើប​ក្បាល​បះបោរ​ជា​ថ្មី​ឡើង​វិញ។ មូល​ហេតុ​គឺ​មកពី​របប​ផ្តាច់​ការ​របស់លោក​ស៊ូ​ហារ​តូ​ដែល​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៦៨​មក​បាន​រលំ​រលាយ​នៅ​ខែ​ឧសភា​ឆ្នាំ ១៩៩៨ និង​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​បណ្តើរៗ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ គឺ​នៅ​ក្នុង​បរិបទ​ថ្មី​បែប​នេះ​ហើយ​ដែល​រដ្ឋអំណាច​ហ្សា​ការ​តា​បាន​បង្ខំ​ចិត្ត​ទទួល​ស្គាល់​ជា​លើក​ទី​មួយ​បង្អស់​ឯករាជ្យ​របស់​ទីម័រ​ខាងកើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៩៩៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors