ដោយ លាង ដឺលុច
នៅកម្ពុជា វិស័យសុខាភិបាលត្រូវបានរិះគន់យ៉ាងដំណំហើយ ហើយមិនសូវទទួលបានការជឿទុកចិត្តពីពលរដ្ឋទៀត។ ពលរដ្ឋខ្មែរ ដែលបានក្លាយជាជនរងគ្រោះនៃភាពកំសោយនៃសេវាសុខាភិបាលហើយនោះ ក៏បានក្លាយជាជនរងគ្រោះបន្ថែមទៀត ដោយសារតែក្រុមហ៊ុន និងមន្ទីរពេទ្យមួយចំនួន ដែលផ្សាយពាណិជ្ជកម្មអំពីសេវាកម្មរបស់ខ្លួន ហើយបន្ទាប់មកក៏បានបិទទ្វារស្ងាត់ទៅវិញនោះ។ ពលរដ្ឋខ្មែរគួរតែទទួលបាននូវការយកចិត្តទុកដាក់ អោយបានកាន់ល្អប្រសើរក្នុងវិស័យសុខមាលភាព។
ជាច្រើនឆ្នាំមក ពលរដ្ឋកម្ពុជាបានខាតបង់យ៉ាងខ្លាំង នៅក្នុងវិស័យសុខាភិបាល។ ខាតបង់ទាំងពេលវេលា និងប្រាក់កាស។ នៅកម្ពុជា នៅពេលពលរដ្ឋមានជំងឺម្តងៗ ពួកគេត្រូវខ្វាយខ្វល់អំពីការស្វែងរកគ្រូពេទ្យព្យាបាល។ ស្វែងរកក្នុងប្រទេសអស់ចិត្ត ឬត្រូវចំណាយថវិកា ដោយគ្មានប្រសិទ្ធិភាពហើយ ទើបត្រូវទៅរកសេវាព្យាបាលនៅក្រៅប្រទេសទៀត។ ពួកគេមិនខ្វល់អំពីការអស់ប្រាក់កាសពីខ្លួនឡើយ អោយតែជំងឺបានជាសះស្បើយពីខ្លួន។ មានពលរដ្ឋខ្មែរមិនតិចឡើយ ក្រោយពីបានក្លាយជាអ្នកជំងឺហើយ ក៏ក្លាយទៅជាជនផ្សងព្រេងស្វែងរកសេវាព្យាបាល។
នៅពេលដែលសេវាសុខភាពរបស់កម្ពុជាត្រូវបានរិះគន់យ៉ាងខ្លាំងនោះ វាក៏បានក្លាយជាឱកាសសម្រាប់សេវាឯកជន និងក្រុមហ៊ុនមួយចំនួនផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវារបស់ខ្លួនទៅវិញ។ ប៉ុន្តែ បញ្ហានៅត្រង់ថា សេវាទាំងនោះនៅតែគ្មានប្រសិទ្ធិភាព ហើយវាបានធ្វើអ្នកជំងឺខាតបង់ពេលវេលា និងប្រាក់កាសកាន់តែច្រើនថែមទៀត។ ហើយជាងនេះទៀត វាហាក់គ្មានការទទួលខុសត្រូវពីអាជ្ញាធរពាក់ព័ន្ធណាទាល់តែសោះ ចំពោះសេវាកម្មព្យាបាលឯកជនទាំងនោះ។
ចុងក្រោយនេះ មានក្រុមហ៊ុនមួយចំនួន កំពុងទូរស័ព្ទទៅមនុស្សគ្រប់គ្នា ដើម្បីប្រាប់ថា ក្រុមហ៊ុនរបស់ពួកគេបាននាំចូលនូវសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដែលអាចធ្វើតេស្តរករោគវិនិច្ឆ័យ ដែលពួកគេនិយាយថា ពូកែសាកសិទ្ធ។ ក្រុមហ៊ុនទាំងនេះ បានប្រើប្រាស់បុគ្គលិក ដើម្បីអោយទូរស័ព្ទទៅគ្រប់មនុស្ស ហើយពេលខ្លះប៉ះចំអ្នកដែលរស់នៅតាមបណ្តាខេត្ត និងពេលខ្លះក៏ប៉ះអ្នករស់នៅក្នុងរាជធានី។
ការផ្សព្វផ្សាយតាមរយៈទូរស័ព្ទ ពិតជាបានអន្ទងចិត្តអ្នកដែលមានញាតិមិត្តមានជំងឺ។ ពិសេសអ្នកដែលរស់នៅតាមបណ្តាខេត្ត ពួកគេត្រូវចំណាយលុយកាក់ធ្វើដំណើរមកតាមការអន្ទងរបស់ក្រុមហ៊ុនទាំងនោះ។ ក្រោយពីបានឆ្លងកាត់ធ្វើតេស្តហើយ មនុស្សម្នាក់ៗសុទ្ធតែមានជំងឺនេះ មានជំងឺនោះ ហើយត្រូវគេបញ្ចុះបញ្ចូលអោយទិញថ្នាំ និងសម្ភារៈព្យាបាលជំងឺ ដែលមានតម្លៃថ្លៃ។
នៅមានមន្ទីរព្យាបាលឯកជនមួយចំនួនទៀត។ គ្លីនិកឯកជនខ្លះបានផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មរបស់ខ្លួនដ៏គួរអោយទាក់ទាញ ប៉ុន្តែក្រោយមកក៏បានបិទទ្វារបាត់ស្ងាត់ឈឹងទៅវិញ ដោយបញ្ហាផ្សេងៗ។ ប៉ុន្តែមុនបិទទ្វារនោះ តើមានពលរដ្ឋខ្មែរប៉ុន្មានដែលបានទៅសាកល្បងទទួលការព្យាបាលពីមន្ទីរព្យាបាលទាំងនោះ?
និយាយសរុបមកវិញ ជាច្រើនលើកច្រើនសារ គ្រប់ពេលដែលមានការផ្សព្វផ្សាយពាណិជ្ជកម្ម ការទាក់ទាញ អំពីការលក់ដូរសម្ភារៈដែលបម្រើអោយការព្យាបាលជំងឺផ្សេងៗនេះ ក្រុមហ៊ុនទាំងនោះ ឬការផ្សព្វផ្សាយទាំងនោះក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយការផ្អើលមួយឆាវ តាមរយៈការនិយាយតៗគ្នានោះ។ ហើយនេះវាបានបង្ហាញអំពីភាពគ្មានប្រសិទ្ធភាពនៃឧបករណ៍ទាំងនោះ ឬការព្យាបាលទាំងនោះ។
បើទោះជាយ៉ាងដូច្នេះក៏ដោយ វាគួរតែមានការបង្ក្រាបការចាត់វិធានការតឹងរឹងទប់ស្កាត់សកម្មភាពទាំងនេះ មិនអោយកើតឡើងទៀត។ ពីព្រោះ សេវាទាំងនេះ វាបានត្រឹមតែធ្វើអោយពលរដ្ឋខ្មែរ ដែលមានជំងឺទាំងនោះ អស់ប្រាក់កាស និងខាតបង់ពេលវេលាតែប៉ុណ្ណោះ។ ហើយវាក៏អាចធ្វើអោយ ជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរថែមទៀតផង។
ដើម្បីទប់ស្កាត់រូបភាពអសកម្មទាំងនេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ត្រូវមានវិធានការតឹងរឹងចំពោះការបើកសេវាព្យាបាល ធ្វើយ៉ាងណាចៀសអោយបាន ការទាក់ទាញរបៀបបោកប្រាស់ ដែលធ្វើអោយពលរដ្ឋខ្មែររងគ្រោះផ្ទួនៗគ្នា ដែលធ្វើអោយបាត់បង់ប្រាក់កាស ពេលវេលា និងអាចធ្វើអោយជំងឺកាន់តែដុនដាបថែមទៀតនោះ។
ជាសេវាកម្មព្យាបាលជំងឺយ៉ាងដូច្នេះ ដែលគេអាចមើលឃើញតាមរយៈវត្តមានអតិថិជន អាជ្ញាធរមូលដ្ឋាន គួរតែមានសមត្ថកិច្ចស៊ើបអង្កេត និងធ្វើការងារជាមួយក្រសួងសុខាភិបាលដើម្បីធ្វើអោយប្រាកដថា សេវាព្យាបាលទាំងនេះ មិនមែនជាការអាជីវកម្មបោកប្រាស់ធ្វើអោយពលរដ្ឋខ្មែរខាតបង់។ ទន្ទឹមគ្នានេះ ពលរដ្ឋខ្លួនឯង ក្នុងករណីសង្ស័យអំពីអំពើបោកប្រាស់នោះ គួរតែរាយការណ៍ទៅអាជ្ញាធរដែរ។
និយាយសរុបមកវិញ គេពិបាកនឹងបន្ទោសពលរដ្ឋ ពិសេសអ្នកមានជំងឺដែលត្រូវបង្ខំចិត្តស្វែងរកការព្យាបាលជំងឺ ហើយដែលត្រូវធ្លាក់លើសេវាបោកប្រាស់នោះណាស់។ គឺអាជ្ញាធរ និងក្រសួង មន្ទីរជំនាញទេ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ រារាំងមិនអោយសេវាទាំងនេះដែលប្រើប្រាស់ការផ្សាយពាណិជ្ជកម្មហួសការពិត អាចលេចរូបរាង និងមានវត្តមាននៅលើទីផ្សារសេវាសុខភាពនោះ។
ធ្វើយ៉ាងនេះបាន នោះគឺជាឆន្ទៈ និងសមិទ្ធិផលល្អមួយនៅក្នុងការងារលើកដំកើងសុខមាលភាពសាធារណៈរបស់ពលរដ្ឋ ហើយវាក៏ជាការទាក់ទាញជំនឿពីពលរដ្ឋខ្មែរត្រឡប់មកវិញ ជាបណ្តើរដែរ រួមផ្សំនឹងការកែលំអសេវាសុខភាព និងការបង្កើនក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ៕


