គណបក្សសង្គ្រោះជាតិ បន្តបាតុកម្ម នៅថ្ងៃទី៤ នាថ្ងៃពុធ ទី១៨ធ្នូនេះ ដោយការបន្តជួបជុំ និងហែក្បួនបាតុកម្ម នៅពេលល្ងាច ចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវមួយចំនួន កាត់តាមផ្សារបឹងកេងកង ឡើងតាមផ្លូវម៉ៅសេទុង ទៅកាន់ផ្សារដើមគរ។ គណបក្សប្រឆាំង កំណត់ជួបជុំ និងហែក្បួននៅពេលល្ងាចៗ ដើម្បីឲ្យមានអ្នកចូលរួមច្រើន។ រីឯអាជ្ញាធរ នៅតែបន្តលើកឡើងពីកំហុសឆ្គងនៃបាតុកម្មរបស់បក្សប្រឆាំង តែមិនទាន់មានវិធានការទប់ស្កាត់ ឬក៏បំបែកក្បួនបាតុកម្មនោះ នៅឡើយទេ។បាតុកម្មប្រចាំថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ចូលដល់ថ្ងៃទី៤ហើយ នៅថ្ងៃពុធ ទី១៨ធ្នូ។
នៅពេលព្រឹក ចាប់តាំងពីម៉ោង ៧ បាតុកម្ម បានផ្តើមដោយការជួបជុំ នៅទីលានប្រជាធិបតេយ្យ ប្រជុំតន្ត្រី ចាក់ភ្លេង និងបាតុករឡើងបញ្ចេញមតិ។ នៅពេលរសៀល ការប្រគុំតន្ត្រីបន្ត រហូតដល់ម៉ោង ៤ ជាការជួបជុំ ថ្នាក់ដឹកនាំ និងបេក្ខជនតំណាងរាស្ត្រ បញ្ចេញមតិយោបល់។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ មុនីវណ្ណ ប្រធានស្តីទីគណៈកម្មការរៀបចំបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ។លោក ម៉ៅ មុនីវណ្ណ បន្តថា នៅថ្ងៃពុធនេះ នៅម៉ោងប្រមាណ ៥ ល្ងាច គណបក្សសង្គ្រោះជាតិ គ្រោងនឹងហែក្បួន តាមផ្លូវលេខ៥១ ឬផ្លូវប៉ាស្ទ័រ ចាក់ទៅផ្សារបឹងកេងកង បត់តាមផ្លូវម៉ៅសេទុង ឡើងទៅចេនឡា។ តាមគម្រោង ក្បួនដង្ហែបាតុកម្មរបស់គណបក្សប្រឆាំង ដែលដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹមសុខា ត្រូវបំបែកនៅមុខចេនឡា ស្តុបផ្សារដើមគរ ដោយមិនហែក្បួន វិលចូលទៅទីលានប្រជាធិបតេយ្យវិញទេ។
ក្បួនបាតុកម្មរៀងរាល់ថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដែលមានការដង្ហែក្បួន នៅពេលព្រលប់ៗ ត្រូវបានលោកសមរង្ស៊ី ផ្តល់ហេតុផលថា នៅពេលល្ងាច ជាពេលវេលា ដែលមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត អាជីវករ ពិសេសកម្មករកាត់ដេរ ឈប់សម្រាកពីការងារ ចេញពីសាលារៀន និងបិទតូបឈប់លក់ដូរ ដូច្នេះគណបក្សសង្គ្រោះជាតិ សង្ឃឹមថា អ្នកទាំងនោះ នឹងមានអ្នកចូលរួមហែក្បួនបាតុកម្មរបស់ខ្លួន មានចំនួនច្រើន។
តំណាងគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានទទួលស្គាល់ថា ចំនួនបាតុករ ដែលស្ទើរតែទាំងអស់ជាកសិករឡើងមកពីជនបទស្រុកស្រែចំការ មានចំនួនថមថយ នៅពេលព្រឹក ដោយសារតែរដូវនេះ កសិករជាប់រវល់ក្នុងការបង្កបង្កើនផល និងច្រូតកាត់ ប៉ុន្តែលោកថា នៅពេលរសៀល ពិសេសនៅថ្ងៃអាទិត្យ កម្លាំងបាតុកម្ម នៅតែមានចំនួនច្រើនដដែល។
កាលពីព្រលប់ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញ តាមរយៈលោក សេង រតនៈ អភិបាលរង បានសរសេរលិខិតជូនលោកប្រធានសមរង្ស៊ី ដោយកត់ត្រា ពីកំហុសឆ្គងជាច្រើន នៃក្បួនបាតុកម្មរបស់បក្សប្រឆាំង ដូចជា ការគ្រប់គ្រងកម្លាំងបាតុករនៅពុំទាន់បានហ្មត់ចត់ និងការបន្តការស្នាក់នៅលើទីលានប្រជាធិបតេយ្យ ដោយគ្មានការអនុញ្ញាត រួមទាំងការប្រើពាក្យសំដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយ ប្រាសចាកពីព្រំដែននៃសិទ្ធិសំដែងមតិ ដែលមានចែងក្នុងច្បាប់ ជាដើម។
ប៉ុន្តែក្រៅពីរៀបរាប់ពីកំហុសឆ្គងខាងលើ អាជ្ញាធរសមត្ថកិច្ច មិនបានបញ្ជាក់ពីវិធានការរារាំង បង្ក្រាប ឬបំបែកក្បួនបាតុកម្មជាអចិន្ត្រៃយ៍រាល់ថ្ងៃរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ៕
