Pages

Tuesday, December 3, 2013

ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ដាវីដ ខាំម៉ឺរ៉ុន​ នៅ​ចិន​

ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​ចន្ទ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​ដាវីដ ខាំម៉ឺរ៉ុន បាន​បង្ហាញ​​គោលបំណង​លើកតំកើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រ​វាង​ចិន​និងអង់គ្លេស អោយ​បាន​​ខ្លាំងក្លា​បន្ថែមទៀត។ ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ដើមសប្តាហ៍នេះ ជា​ទស្សនកិច្ច​លើកទីមួយ​​​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស គិត​ចាប់ពី​​​ខែ​មេសា ឆ្នាំ២០១២មក គឺ​ពីពេល​​លោក​ខាំម៉ឺរ៉ុន ​​ជួបជាមួយ​​សម្តេចសង្ឈទីបេ ដាឡៃ ឡាម៉ា ធ្វើ​អោយ​​ទំនាក់ទំនង​អង់គ្លេស​និង​ចិន ជួប​ភាព​តានតឹង។
 ​ក្នុង​ទស្សនកិច្ច​នេះ ​អង់គ្លេស​និង​ចិន​​បាន​​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ចំនួន​១០ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​អវកាស វប្បធម៌​ និង​ការការពារ​កម្មសិទ្ធបញ្ញា។នាយករដ្ឋមន្ត្រី​អង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន បានធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​ តាំងពី​ថ្ងៃ​អាទិត្យ​​ម្ល៉េះ ដោយ​មាន​អម​ដំណើរ​ដោយ​គណប្រតិភូ​ផ្នែក​ពាណិជ្ជកម្ម​ដល់ទៅ​​​ជាង​មួយរយ​នាក់។​ អង់គ្លេស​ចង់​លើកតំកើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយចិន អោយ​បាន​រឹងមាំ ព្រមទាំង​បាន​ចុះហត្ថលេខា​ជាមួយចិន លើកិច្ចសន្យា​ចំនួន​១០ ស្តីពី​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​អវកាស វប្បធម៌​ និង​ការការពារ​កម្មសិទ្ធបញ្ញា។ កិច្ចព្រមព្រៀង​នេះ​ក៏​មាន​ចែងពី​ផ្នែក​រថភ្លើង​ល្បឿនលឿន និង​ការវិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ផងដែរ។

នៅថ្ងៃ​ចន្ទ​នេះ នៅចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង លោក​ដាវីដ ខាម៉ឺរ៉ុន បាន​​សន្យា​ថា ​នឹង​ប្រឹងប្រែង​ដើម្បី​អោយសហភាព​អឺរ៉ុប និង​ចិន​អាច​សំរេច​ចេញ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​​មួយបាន។​ នាយករដ្ឋមន្ត្រីអង់គ្លេស​ក៏បាន​សន្យា​​​ខិតខំ​អោយ​សំរេច​ចេញ​នូវ​កិច្ច​ព្រមព្រៀង​​​​ផ្នែកដោះដូរ​ពាណិជ្ជកម្ម​សេរី​ រវាង​អាមេរិក​និង​ចិន​ផងដែរ។ ​ អង់គ្លេស​ចង់​បង្ហាញ​ថា ខ្លួន​បើកចំហរ​ដល់​អ្នកវិនិយោគ​ចិន​ច្រើន​​ជាង​បណ្តា​ប្រទេស​​អឺរ៉ុប​ផ្សេងទៀត ព្រោះថា ប្រទេស​អឺរ៉ុប​មួយចំនួន​តែង​ចង់​ដាក់របាំង​ពាណិជ្ជកម្ម​ដល់​ចិន ចង់​អោយ​ចិន​នៅឯកា។ កាលពី​ខែតុលា រដ្ឋមន្ត្រី​ហរិញ្ញវត្ថុ​​អង់គ្លេស លោក ចច អូសស្បន បាន​មក​ទស្សនកិច្ច​នៅ​ក្រុងប៉េកាំង​ និង​បាន​ផ្តល់​ភ្លើងខៀវ​​​ដល់​អ្នកវិនិយោគ​ចិន សំរាប់​​គំរោង​នុយក្លេអ៊ែរនៅ​អង់គ្លេស​​រួចមកហើយ។

ទស្សនកិច្ច​របស់​​​នាយករដ្ឋមន្ត្រី​អង់គ្លេស ​​នៅ​ប្រទេស​ចិន ជា​ទស្សនកិច្ច​លើកទី១ គិត​ចាប់ពី​​ខែ​មេសា​ឆ្នាំ២០១២មក ពីពេល​លោក​​ខាំម៉ឺរូន បាន​ជួបជាមួយ​​សម្តេចសង្ឈទីបេ ដាឡៃ ឡាម៉ា ​ធ្វើអោយ​ទំនាក់ទំនង​ការទូត​រវាង​អង់គ្លេស​និង​ចិន​​ មានភាព​ល្អក់កករ​។ កាលពី​ដើមឆ្នាំ​២០១៣កន្លងទៅ​ លោក​ខាំម៉ឺរូន​​ បាន​លើកឡើងថា លោក​មិន​គាំទ្រ​ឯករាជ្យភាព​របស់​ទីបេ​ដាច់ខាត ហើយ​ក៏គ្មានគំរោង​ជួបជាមួយ​ដាឡៃ ឡាម៉ា​ជាថ្មី​ទៀតដែរ។

ដោយឡែក ក្នុង​ដំណើរទស្សនកិច្ច​នៅ​ចិន នាយករដ្ឋមន្ត្រី​អង់គ្លេស​​បាន​លើកឡើងយ៉ាងខ្លី​​​ ពីបញ្ហា​សិទ្ធិមនុស្ស និង​បាន​ស្វាគម​​កំណែទម្រង់​ដែល​ចិន​បានប្រកាស​កាលពី​ខែ​វិច្ឆិកា​មុននេះ ទាក់ទង​នឹង​ការគ្រប់គ្រង ព្រមទាំង​​ការ​ការពារ​សិទ្ធិមនុស្ស​តាមផ្នែក​ច្បាប់៕