ការ​បើក​ប្រាក់​ខែ​តាម​ធនាគារ​នៅ​ឆ្នាំ​ ២០១៤​ នឹង​ជួយ​ឲ្យ​រដ្ឋ​អាច​កាត់​បន្ថយ​ថវិកា​លើ​មន្ត្រី​ខ្មោច​ ប៉ុន្តែ​អ្នក​វិភាគ​ថា​កម្ពុជា​ត្រូវ​ការ​ធ្វើ​ជំរឿន​​មន្ត្រី​រាជ​ការ​ជា​មុន​សិន



Independent researcher Kem Ley
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹងថា​ក្រសួង​មួយ​ចំនួន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​បើក​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​រដ្ឋ​តាម​ប្រព័ន្ធ​ធនាគារ​នៅ​ឆ្នាំ​២០១៤​។​ ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​វិធី​សា​ស្ត្រ​​ដើម្បី​កាត់​ប​ន្ថ​យ​កា​រ​ចំណាយ​របស់​រដ្ឋ​លើ​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ តែ​មិន​ធ្វើ​ការ​។​ ក្រុម​អ្នក​វិភាគ​សង្គម​បាន​សំដែង​​ការ​អបអរសាទរ​ចំពោះ​គម្រោង​​​នេះ​ ក៏ប៉ុន្តែ​លើក​ឡើង​ថា​ការ​គ្រប់​គ្រង​ និង​
ការបើក​​ប្រាក់​ខែ​មន្ត្រីរាជ​ការ​តាម​រយៈ​ធនាគារ​មិន​គ្រប់​គ្រាន់​សម្រាប់​ទប់​ស្កាត់​ការ​ចាយ​វាយ​ថវិកា​រដ្ឋ​លើ​មន្ត្រី​រាជ​ការដែល​មាន​តែ​ឈ្មោះ​នោះ​​ឡើយ​។
បុគ្គ​លិក​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​ក្រសួង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ទំនង​ជា​អាច​ចាប់​ផ្តើម​បើក​ប្រាក់​ខែ​របស់​ខ្លួន​តា​មរយៈ​ធនាគារ​នៅ​ដើម​ឆ្នាំ​ ២០១៤​តទៅ​។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋា​ភិបាល​។​

ថ្លែង​ក្នុង​ឱ​កាស​​នៃ​កា​របើក​ស​ន្និសីទ​ជាតិ​ស្តីពី​ការ​រៀបចំ​គោល​នយោបាយ​ផែនការ​សកម្មភាព​ និង​ថវិកា​ ​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ព្រឹក​មិញ​នេះ​ លោក ​ពេជ្រ ​ប៊ុន​ធិន ​រដ្ឋ​មន្ត្រី ​ក្រសួង​មុខងារ​សាធារណៈ​បាន​ឲ្យ​ដឹងថា​ក្រសួង​បាន​ និង​កំពុង​រៀប​ចំ​ ធ្វើ​ការ​លើ​គម្រោង​​​នៃ​បើក​ប្រាក់​ខែ​ដល់​មន្ត្រី​រាជ​ការ​តាម​រយៈ​ធនាគារ​។​

លោក​បន្តថា​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ក្រសួង​អាច​មាន​លទ្ធភាព​​និង​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ចំនួន​ម​ន្រី្ត​រាជ​ការ​ពិត​ប្រាកដ ​ដើម្បី​ឈាន​ដល់​ការ​បើ​ក​ប្រាក់​ខែ​ត្រឹម​ត្រូវ​។​

លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​អាច​កាត់​បន្ថយ​ការ​ខាតបង់​ប្រាក់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​ឬ​ក្រុម​បុគ្គលិក​រដ្ឋ​ដែល​មានតែ​ឈ្មោះ​បើ​ក​ប្រាក់ខែ​តែ​មិន​ដែល​ធ្វើការ ​ឬ​គេ​និយម​ហៅ​ថា​មន្ត្រី​រាជការ​ខ្មោច​។

«ពី​ខែ​មួយ​នេះ​ទៅ​មាន​ក្រសួង​ខ្លះ​នឹង​ចាប់​ផ្តើម​បើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគារ​ហើយ។​យើង​អាច​គ្រប់​គ្រង​បញ្ហា​បុគ្គលិក​ខ្មោច​បាន​។ យើង​នឹង​ស្រាវ​ជ្រាវ​បញ្ហា​នេះ​ ប្រសិន​បើ​អ្នក​ដែល​មានតែ​ឈ្មោះ​យើង​បើក​តាម​ធនាគារ​នេះ​យើង​អាច​កាត់​បន្ថយ​​ឬលុប​បាន​។»

លោក​បន្តថា​ក្រសួង​៣​សំ​ខាន់​ៗ​ដែល​នឹង​ចាប់​អនុវត្ត​កម្មវិធី​នេះ​ គឺ​ក្រសួង​មុខ​ងារ​សាធារណៈ​ ក្រសួង​អប់រំ ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថុ។ ​ហើយ​ក្រសួង​នីមួយៗ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​យក​ធនា​គារ​ដែល​ជា​ដៃ​គូរ​រៀង​ៗ​ខ្លួន​។​

«មាន​ក្រសួង​គេ​ផ្សេងៗ​គេ​អាច​ជ្រើសរើស​ក្រសួង​ណា​ក៏​បាន​ដែរ។»

លោក​ កែម​ ឡី ​អ្នក​វិភាគ​សង្គម​ឯករាជ្យ​លើក​ឡើង​ថា​ លោក​អបអរ​សាទរ​ចំពោះ​គម្រោង​​​របស់​ ក្រសួង ​ដែល​ថា​នឹង​ចាប់​បើក​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​តាម​រយៈ​ធនាគារ​​ ដោយ​ហេតុថា​មន្ត្រីរាជការ​អាច​នឹង​ទទួល​បាន​ប្រាក់​ខែ​តាម​ពេល​វេលា​ទៀង​ទាត់​រៀង​រាល់​ខែ។ ​ក៏​ប៉ុ​ន្តែ​​ក្រសួង​ស្ថាប័ន​ត្រូវតែ​ធ្វើ​យ៉ាង​ណា​ព​ន្លឿ​ន​ដំណើរ​ការ ​ដូច​ជា​ការ​ផ្តល់​ព័ត៌មាន​ថ្មី​អំពី​ចំនួន​បុគ្គលិក ​បុគ្គលិក​ដែល​ត្រូវបាន​ប្រាក់​បន្ថែម ​ជាដើម​នោះ​ទៅ​ឲ្យ​ទាន់​ពេល​វេលា​ដល់​ធនាគា​រ។

«ប្រាក់​ខែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​មាន​ការ​ប្រែប្រួល​ វា​មិន​នៅ​ដដែល​។»

លោក​បន្ថែម​ទៀតថា​ស្ថាប័ន​មន្ត្រី​ប៉ូ​លិស​ ​ទាហាន ​និង​កង​អង្គ​រក្ស​ជា​កន្លែង​ដែល​មាន​ចំនួន​បុគ្គលិក​ខ្មោច​ច្រើន​ជាង​គេ​។ ​អ្នកវិភាគ​រូបនេះ​បញ្ជាក់​ផងដែរ​ថា​តាម​ទិន្នន័យ​ដែល​លោក​ទទួលបាន ​ចំនួន​មន្ត្រី​ខ្មោច​សរុប​ចាប់ពី​ ឆ្នាំ​ ១៩៩៨ ​រហូត​ដល់​ឆ្នាំ​ ២០០៨ ​យ៉ា​ងហោច​ណាស់​មាន​ជាង ៣ម៉ឹ​ន​នាក់។ លោក​ឲ្យ​ដឹង​ទៀត​ថា​​ ​ដើម្បី​អាច​ឲ្យ​រដ្ឋា​ភិបាល​កាត់​បន្ថយ​ថវិកា​រដ្ឋ​ដែល​ចាយ​វាយ​ខ្ជះខ្ជាយ ​ទៅលើ​មន្ត្រី​ខ្មោច​បាន​រដ្ឋាភិ​បាល​ចាំ​បាច់​ត្រូវធ្វើ​ជំរឿន​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប៉ូលិស​ ​ទាហាន ​និង​កង​អង្គរក្ស​ជា​មុន​សិន​។​

«ដើម្បី​គ្រប់​គ្រង​មន្ត្រី​ខ្មោច​មិនមែន​គ្រាន់​តែ​រៀប​ចំ​បើក​ប្រាក់​ខែ​តាម​ធនាគារ​ហ្នឹង​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ មន្ត្រី​ប៉ូលិស អង្គរក្ស​ឲ្យ​បាន​ត្រឹមត្រូវ​។»

​លោក​ កែម​ ឡី​បញ្ជាក់​ទៀតផង​ដែរ​ថា ​ប្រសិនបើ​រដ្ឋាភិបាល​អាច​កាត់​បន្ថយ​ ឬ​លុប​បំបាត់​ការ​ចំណាយ​ថវិកា​ជាតិ​លើ​មន្ត្រី​រាជការ​ខ្មោច​បាន​នោះ ​រដ្ឋ​នឹង​ជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ដំឡើង​​ប្រាក់​ខែ​ដល់​មន្ត្រីរាជការ​ និង​គ្រូ​បង្រៀន​យ៉ាង​តិច ​៥០០​ ដុល្លារ​សហរដ្ឋអាម៉េរិក ​ស្នើ​នឹង​ ២លាន​រៀល​៕
ប្រភព ABC Radio Australia


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors