មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​ធ្វើ​ការ​បំភ្លឺការ​ចោទ​របស់​ខ្លួន



Mr Ou Virak by Sovannara
មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា​ដែល​ហៅ​កាត់​ថា​ CCHR បាន​អះអាង​ថា​ខ្លួន​ដឹង​ពី​ប្រវត្តិ​របស់​ពាក្យ​ថា​ យួន​ ហើយ​បន្ត​អះអាង​ថា​ការ​ប្រើ​ពាក្យ​នេះ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី ១០ ធ្នូ​ គឺ​មាន​លក្ខណៈប្រកាន់​ពូជសាន៍។សូម​រំលឹក​ថា កាលពីថ្ងៃទី​ ១២ ធ្នូ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា បានចេញ​លិខិត​ចំហ​មួយស្តី​ពី​ការ​ប្រើ​ភាសាដែល​មាន​លក្ខណៈប្រកាន់​ពូជសាសន៍​របស់​
លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជាពិសេស​ការប្រើ​ពាក្យ​ថា យួន​ របស់​លោក​ សម រង្ស៊ី ដើម្បីសំដៅ​ដល់​ជនអន្តោ​ប្រវេសន៍វៀត​ណាមនៅ​កម្ពុជា ដែល​ជា​ពាក្យ​មួយ​ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​យល់​ថាមានន័យ​មាក់​ងាយ​និងបន្តុះបង្អាប់។

ក្រោយ​ការផ្សាយ​លិខិត​នេះ​ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា បានទទួល​ការ​រិះ​គន់​ជាខ្លាំង ទាំង​តាម​ប្រព័ន្ធ​ អ៊ីម៉ែល និង​បណ្តាញ​សង្គម​ដែល​សុទ្ធ​តែ​បក​ស្រាយ​ថា​ ពាក្យ​ យួន​ គឺ​គ្មាន​ន័យ​​​​​​មាក់​ងាយ​និ​ងបន្តុះបង្អាប់ទេ។

លិខិត​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា ចុះ​ថ្ងៃទី ១៨ ធ្នូ បញ្ជាក់​​ថា ​ទោះជា​​ យួន មាន​ន័យ​មាក់​ងាយ​ឬ​គ្មាន​​នោះ​ វា​ជាបញ្ហា​បន្ទាប់​បន្សំ​ទេ។ បញ្ហា​សំខាន់​គឺ​អ្នកដឹក​នាំ​ក្នុង​ឆាក​​នយោបាយ​បាន​ធ្វើ​ការ​បែងចែក​ប្រកាន់​បក្ស​ពួក​និង​បាន​រិះ​គន់​ជន​ជាតិ​វៀត​ណាម​ដោយផ្ទាល់​និងដោយ​ប្រយោល។​ ​ ​

ក្នុង​លិខិត​ដដែល​នេះ លោក​ អ៊ូ វី​រៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជាបាន​​​បង្ហាញ​នួវ​ជំហរ​​ដដែល​ឥត​ប្រែ​ប្រួលឡើយ​​ទាក់ទង​ទៅនឹង​ការ​រិះគន់​របស់​លោក​​ចំពោះការប្រើ​ពាក្យ​យួន​​។ លោកថា ការ​បន្ទោស​ជនជាតិ​វៀត​ណាម​ពី​បញ្ហា​របស់​សង្គម​កម្ពុជា គឺ​ជា​រឿង​គ្រោះ​ថ្នាក់​និង​ខាត​ពេល​វេលា។​ លោក​បន្ថែម​ទៀត​ថា​ ក្នុង​នាម​ជា​អង្គការ​ឯករាជ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជាត្រូវ​តែ​និយាយ​ចេញ​ពី​ការបំពាន​សិទ្ធ​មនុស្ស​មិន​ថា​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​គណបក្ស​ប្រឆាំងនោះ​​ទេ។

លោក​ថា គ្រប់​បក្ស​ទាំងអស់​ និងអ្នកមាន​មុខមានមាត់ គួរ​ប្រើប្រាស់​ភាសា​ដោយ​មាន​ការ​ទទួល​​ខុស​ត្រូវ ហើយ​មិនត្រូវ​ប្រើ​ភាសា​ដែលញុះ​ញង់​បង្ក​ឲ្យមានការ​ជម្លោះ​នោះទេ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors