សិក្ខា​សាលាថ្នាក់​ខេត្ត​ស្តី​ពី​ការ​តាំង​ពិព័រណ៍​ផលិត​ផលកសិករ​ឆ្នាំ​២០១៣​នៅ​ខេត្ត​សៀម​រាប



 Cambodian Organic Vegetables_LivSan
អង្គការ​សេដាក​ សហការ​ជា​មួយ​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ ស្តី​ពី​ការ​តាំង​ពិព័រណ៍​ផលិត​ផលកសិករ​ឆ្នាំ​២០១៣ ​នៅ​ខេត្ត​សៀម​រាប ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​​គឺ​នៅ​ថ្ងៃទី១៩ និង​ថ្ងៃ​ទី២០ ខែ​ធ្នូ​នេះ ក្នុង​គោល​បំណងផ្សព្វ​ផ្សាយ​នូវ​ផលិតផល​ជា​អង្ករ និង បន្លែ​គ្មាន​សារធាតុគីមី ក្រោម​ប្រ​ធាន​បទ ផលិតផលខ្ញុំ គ្រួសារ​ខ្ញុំ និង សុខភាព​ខ្ញុំ។
លោក សម វិទូ នាយក​កម្មវិធី​អង្គ​ការ​សេដាក បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កសិករ ជា​ពិសេស​ចំពោះ​អ្នក​បរិភោគ​​ទាំង​អស់​ ឲ្យ​មាន​ការយល់​ដឹង​ដែល​ទាក់​ទង​ទៅ​នឹង​សុខភាព​​​​លើ​ការ​ប្រើ​ប្រាស់​ផលិតផល​សរី​រាង្គ ​ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នេះ មាន​ផលិតផល​ដូច​ជា​អង្ករ និង​បន្លែ​​នាំ​ចូល​មួយ​ចំនួន ពិត​ជា​មាន​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​ដោយ​មិន​ដឹង​ខ្លួន។

(សំ​ឡេង លោក សម វិទូ)

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ អ្នក​ប្រើប្រាស់​​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​ទៅ​លើ​ការ​បរិភោគ​ផលិតផល​សរី​រាង្គ​នេះ ដូច្នេះ​ធ្វើ​ឲ្យ​ផលិតផល​នេះ កំ​ពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ ប៉ុន្តែ​អ្វី​ដែល​កំពុង​ប្រឈម​នោះ គឺ​ការ​យល់​ដឹង​អំពី​បញ្ហា​បច្ចេក​ទេស​របស់​អ្នក​ផលិត​នៅ​មាន​កម្រិត។

(សំ​ឡេង លោក សម វិទូ)

ពាក់​ព័ន្ធ​​នឹង​បញ្ហា​​នេះ​ លោក​ស្រី ពេជ្រ សុផារី ប្រ​ធាន​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជា​ប្រ​ចាំ​ខេត្ត​សៀម​រាប​បាន​អះ​អាង​ថា តាម​រយៈ​នៃ​ការ​បង្ក​បង្កើត​ផលិតផល​សរីរាង្គ​នេះ បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​​ជីវភាព​របស់​កសិករ​អ្នក​ផលិត​មាន​ការរីក​ចម្រើន​ច្រើន​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន។

លោក​ស្រី ឯម ផលាមុនី អភិបាល​រង​ខេត្ត​សៀម​រាប បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​កម្ម​វិធី​នេះ ពី​ព្រោះ​វា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ផ្សព្វផ្សាយ​ដល់​អ្នក​ប្រើ​ប្រាស់​កាន់​តែ​យល់​ដឹង​ទៅ​លើ​សុខ​ភាព​របស់​ខ្លួន​ ប៉ុន្តែ​សំខាន់​គឺ​អ្នក​ផលិត​ទាំង​អស់​ត្រូវ​តែ​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ខ្ពស់​អំពី​បច្ចេក​ទេស។

(សំ​ឡេង លោក​ស្រី ឯម ផលាមុនី)

សូម​បញ្ជាក់​ថា កម្ម​វិធី​ផលិតផល​សរី​រាង្គ​នៅ​ក្នុង​ខេត្ត​សៀម​រាប បាន​អនុវត្ត​នៅ​​ស្រុក​ចំនួន​៤ រួម​មាន​ស្រុក​អង្គរជុំ , អង្គរធំ , បន្ទាយ​ស្រី និង ស្រុក​ស្រី​ស្នំ ដែល​មាន​ក្រុម​ចំនួន​១៣៣​ក្រុម៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors