
មេបញ្ជាការគ្រប់គ្រងយោធាការពារព្រំដែន ខេត្តឧត្តរមានជ័យ បានប្រតិកម្មនឹងគម្រោងសាងសង់កាស៊ីណូមួយកន្លែងនៅជាប់ព្រំដែនខ្មែរ-ថៃ តំបន់ជប់គគីរ លើខ្នងភ្នំដងរែក នៃឃុំអំពិល ស្រុកបន្ទាយអំពិល ថាបានឈូសឆាយលុបលេណដ្ឋានរបស់កងទ័ពខ្លះ ដោយធ្វើឱ្យគ្មានទីតាំងឈរជើងការពារព្រំដែនទីនោះ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលទិសឧត្តរមានជ័យ គឺលោកឧត្តមសេនីយ៍ឯក ឈិន ច័ន្ទពណ៌។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ថា លោកមានការមិនពេញចិត្តចំពោះគម្រោងសាងសង់កាស៊ីណូ ដែលបានចាក់ដីលុបទៅលើលេណដ្ឋានយោធាដែលកំពុងប្រចាំការពារព្រំដែនខ្មែរនោះទេ។
លោកឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានបញ្ជាក់ថា តំបន់ដែលនឹងចាប់សាងសង់កាស៊ីណូនោះ គឺជាតំបន់ក្ដៅក្នុងរឿងជម្លោះព្រំដែនខ្មែរ-ថៃ ដែលកន្លងមកកងទ័ពខ្មែរ បានប្រឹងប្រែងការពារទីនោះយ៉ាងខ្លាំង។ លោកចង់ឱ្យ ឧកញ៉ា លឹម ហេង ដែលកំពុងមានបំណងអភិវឌ្ឍតំបន់នោះ ធ្វើការពិចារណាឡើងវិញ៖ «អានេះវាពិតជាកំហុសឆ្គង ហើយឥឡូវនេះ គឺខ្ញុំកំពុងតែរៀបចំដើម្បីឱ្យ ឧកញ៉ា លឹម ហេង ហ្នឹង គិតគូរឡើងវិញ ហើយធ្វើការដកថយជាបន្ទាន់ពីតំបន់នោះ ព្រោះបើសិនជាការអភិវឌ្ឍដោយល្មើសនឹងគោលការណ៍ ទៅលុបលេណដ្ឋានទៅរើទីតាំងកងទ័ពអីដូច្នេះ ក្នុងនាមខ្ញុំជាអ្នកទទួលខុសត្រូវទីនោះ គឺខ្ញុំមិនអាចទទួលយកបានទេ»។
អាជ្ញាធរភូមិជប់គគីរ ធ្លាប់បានទៅប្រាប់ឱ្យម្ចាស់គម្រោងសាងសង់កាស៊ីណូនោះ ធ្វើការពិចារណា ឡើងវិញដែរ នៅពេលដែលប៉ះពាល់ដល់លេណដ្ឋានកងទ័ពការពារព្រំដែន ក៏ប៉ុន្តែការរំលឹកនោះមិនមានប្រសិទ្ធភាពទេ៕
ប្រភព RFA
