
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា អង្គភាពបង្ការការធ្វើទារុណកម្ម ដែលកម្ពុជា បានផ្ដល់សច្ចាប័នចាប់តាំងពីឆ្នាំ២០០៧ មកនោះ នៅមិនទាន់អាចដំណើរបានល្អប្រសើរនៅឡើយទេ ដែលជាហេតុទាមទារឲ្យគ្រប់សមភាព មានសង្គមស៊ីវិល និងដៃគូម្ចាស់ជំនួយដទៃទៀត គប្បីជួយជ្រោមជ្រែងធ្វើយ៉ាងណាដើម្បីឲ្យស្ថាប័នមួយនេះក្លាយជាផ្នែកមួយនៃការអនុវត្តលើវិស័យសិទ្ធិ
មនុស្ស និងផ្នែកដទៃផ្សេងទៀត ប្រកបដោយថាមពល ឯករាជ្យ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ សុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃទី១៧ ខែធ្នូ ថា ដើម្បីឲ្យស្ថាប័ននៃអនុគណៈកម្មការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ អាចដំណើរការទៅបាន ទាមទារការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញពីអង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយដទៃទៀត។ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាស្ដីពីការបង្កើតស្ថាប័នឯករាជ្យ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្មនៅសណ្ឋាគារ អ៊ិនធើខន់ធីណិនថល (Intercontinental) រាជធានីភ្នំពេញ ដែលរៀបចំដោយការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស ខេង បញ្ជាក់ថា កម្ពុជា ពិតជាខ្វះខាតនៅឡើយ ទាំងបច្ចេកទេស និងធនធានសម្ភារៈ ដើម្បីជំរុញឲ្យអង្គភាពមួយនេះអាចដំណើរបានដោយប្រសិទ្ធភាព។
«សំឡេង»
បើទោះជាបែបណា លោក ស ខេង មិនបានផ្តល់បទសម្ភាសន៍ណាមួយជាមួយអ្នកសារព័ត៌មានទេ ក្រោយពីបិទបញ្ចប់សេចក្តីថ្លែងការណ៍របស់លោករួច ដោយក្រុមមន្ត្រីដែលអមដំណើរជាមួយ លោក ស ខេង អះអាងថា លោក ស ខេង មានភារកិច្ចបន្ទាន់មិនអាចផ្តល់បទសម្ភាសន៍ណាមួយបានឡើយ។
ដោយឡែក សេចក្ដីថ្លែងការណ៍របស់ លោក ស ខេង កម្រាស់ ៥ទំព័រជាភាសាខ្មែរ បានឲ្យដឹងថា ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នចាប់តាំងពីឆ្នាំ២០០៧ មក ក្នុងការបង្កើតឲ្យមានស្ថាប័នប្រឆាំងការធ្វើទារុណកម្ម និងទប់ស្កាត់អំពើឃោរឃៅ ប៉ុន្តែអង្គភាពមួយនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។
សេចក្ដីថ្លែងការណ៍ឲ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជា គឺជារដ្ឋភាគីតែមួយគត់ក្នុងចំណោមប្រទេសទាំងប្រាំ ក្រៅពីហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី និងឡាវ ដែលជារដ្ឋភាគីនៃអនុសញ្ញាទប់ស្កាត់ការធ្វើទារុកម្មក្នុងសមាគមប្រទេស ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលបោះជំហានមុនគេ ឈានទៅបង្កើតឲ្យមានអង្គភាពអន្តរក្រសួងនេះ៕
RFA
