Pages

Monday, December 2, 2013

ពលករ​ខ្មែរ​ម្នាក់​រង​គ្រោះ ក្នុង​ការ​ប៉ះ​ទង្គិច​នៅ​ក្រុង​បាងក

ដោយ លាង ដឺលុច
ពលករ​ខ្មែរ​ម្នាក់​ជា​កម្មករសំណង់​បាន​រងរបួស ដោយ​សារ​ជម្លោះ​ប៉ះ​ទង្គិច​គ្នា នៅ​ក្នុង​ទីក្រុង​បាងកក ដែល​បាន​កើត​ឡើង នៅ​ក្នុង​តំបន់​ពលករ​ម្នាក់​នេះ​ធ្វើការ។ មន្ត្រី​រដ្ឋាភិបាល​នៃ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ប្រាប់​អោយ​ដឹង​ថា មន្ត្រីទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​កំពុង​ទាក់ទង​ស្វែង​រក​ជួប​ពលករ​ខ្មែរ​រូប​នោះ។
ហេតុការណ៍​ប៉ះទង្គិចគ្នា រវាង​ក្រុម​គណបក្ស​ប្រឆាំង​ និង​ប៉ូលិស​ថៃ​ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​នោះ ក៏​បាន​បង្ក​អោយ​ពលករ​ខ្មែរ​ម្នាក់​ជា​ជាង​សំណង់​បាន​រងរបួស​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​លំអិត​ស្តីអំពី​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ​នោះ​នៅឡើយ​ទេ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​ កំពុង​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ចេញ ដើម្បី​ទទួល​បាន​ព័ត៌មាន​ស្តីពី​ពលករ​រូបនេះ ដែល​គេ​ដឹង​ថា​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក​។ លោកកុយ គួង​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​ដែល​គ្រោះ​ថ្នាក់​បាន​កើត​ឡើង​ចំពោះ​ពលករ​រូប​នោះ គឺ​ដោយសារ​តែ​ទីកន្លែង​ការងារ​ធ្វើសំណង់​ បាន​ស្ថិត​នៅ​ក្បែរ​កន្លែង​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ។

ការ​តវ៉ា​ពី​សំណាក់​គណបក្ស​ប្រឆាំង​បានកើន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង​ហើយ។ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ ដែល​បាន​ទាម​ទារ​អោយ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ នាយក​រដ្ឋមន្ត្រី​ថៃ​ចុះ​ចេញ​ពី​ដំណែង​ក្នុង​អំឡុង​ពេល​២​ថ្ងៃ​នេះ។ គឺជា​​ឱសាទវាទ​ដែល​បក្ស​ប្រឆាំង​បាន​ប្រកាស​ចេញ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ការ​ប៉ះទង្គិច​បាន​កើតឡើង​ទៀត រវាងបាតុករ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង និង​ប៉ូលិស​ថៃដែល​ខំ​ព្យាយាម​ការពារ​វិមាន​រដ្ឋាភិបាល។

នៅព្រឹក​ថ្ងៃ​ចន្ទនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ឡើង​វិញថា រដ្ឋាភិបាល​កម្ពុជា​នៅ​រក្សា​ភាព​ស្ងប់ស្ងាត់​ដដែល ដោយ​មិន​បាន​ប្រកាស​អាសន្ន​អោយ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចេញ​ចូល​ក្នុង​ទីក្រុង​បាងកក​នោះ​ទេ។ ប៉ុន្តែ ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​ ដែល​នៅ​តែ​បើក​ទ្វារធ្វើការ​ដដែល​នោះ កំពុង​តាមដាន​ស្ថានភាព​ក្នុង​ទីក្រុង​បាងកក​យ៉ាង​យក​ចិត្ត​ទុកដាក់។

រដ្ឋាភិបាលកម្ពុជា​ទាំង​មូល​ក៏​កំពុង​តាម​ដាន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិថា កម្ពុជា​ក៏​មិនទាន់​ហ៊ាន​ជំរុញបញ្ហាអ្វី ទៅរដ្ឋាភិបាលយីងឡាក់ក្នុងស្ថានភាពបែបនេះដែរ។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​មាន​ទំនាក់ទំនង​ស្និទ្ធ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ថៃ​នៃ​គណបក្ស​ភឿ​ថៃ​ ដែល​ដឹកនាំ​ដោយ​ប្អូន​ស្រី​របស់អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ​ដែល​ត្រូវ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

ចាប់តាំងពី​ក្រុមយោធា​ថៃ បាន​ធ្វើរដ្ឋប្រហារ​ទំលាក់​លោក​ថាក់ស៊ីន​ពី​អំណាច​នៅ​ក្នុង​ឆ្នាំ២០០៦​មក​ ហើយ​ក្រោយ​មក​ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាក្រុម​អាវលឿង​បាន​ឡើង​កាន់អំណាច​វិញ​នោះ ទំនាក់ទំនង​កម្ពុជា​និង​ថៃ​បាន​រង្គោះ​រង្គើ​យ៉ាងខ្លាំង​ក្នុង​អំឡុង​ពេលនោះ៕