Pages

Monday, December 2, 2013

អ្នក​រៀប​ចំ​ធម្មយាត្រាប្រាប់​ថា​អ្នក​គាំទ្រ​គណបក្ស​គ្រប់​និន្នាការ​អាច​ចូលរួម​បាន​

អ្នក​រៀបចំ​ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ឆ្នាំ​២០១៣ បាន​ប្រាប់​ថា​ អ្នក​គាំទ្រ​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​នៅ​ប្រទេស​កម្ពុជា ​អាច​ដើរ​ហែ​ជាមួយ​អ្នក​លើក​ស្ទួយ​សិទ្ធិមនុស្ស​បាន។ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២​ធ្នូ​នេះ ពោល​គឺ​ត្រូវ​ជា​ថ្ងៃទី​ពីរ​នៃ​ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា និង​ចំ​ពេល​ដែល​មាន​ក្តី​បារម្ភ​ថា ​គណបក្ស​សង្គ្រោះជាតិ​ឆ្លៀត​យក​ឱកាស​នេះ​មក​បម្រើ​គោលបំណង​នយោបាយ​​របស់​ខ្លួន។
លោក យ៉េង វី​រៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បានឱ្យដឹងថា ក្បួន​ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា ដែលមាន​គោលបំណង​លោក​ស្ទួយ​យុត្តិធម៌ ​និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា គ្រប់​និន្នាការ​នយោបាយ និង​គ្មាន​ការរើសអើង​ឡើយ។
សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​បាន​ដឹកនាំ​ក្បួន​ហែ​ចេញពី​ឃុំ​អម​លាំង ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ម្សិលមិញ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​មកជួប​ជុំគ្នា​ជាមួយ​ក្រុមផ្សេងៗទៀត មកពី​ខេត្តស្វាយរៀង កំពត ពោធិ៍សាត់ និង​កំពង់ធំ នៅ​ថ្ងៃទី១០ ធ្នូ។ លោក យ៉េ​ង វី​រៈ បាន​បញ្ជាក់ថា «បើ​មាន​អ្នក​ឈរ​កាន់​លេខ៤ នៅ​អម​នឹង​អ្នក​ឈរ​កាន់​លេខ៧ក៏​មិន​អី​ដែរ»។ លោក​និយាយ​សំដៅទៅ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។

ការអះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បាន​ធ្វើឡើង​នៅពេល​ដែលមាន​សេចក្តី​ព្រួយបារម្ភ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឆ្លៀត​យក​ធម្ម​យាត្រា ​និង​សិទ្ធ​យាត្រា​នេះ​មក​បម្រើ​គោលបំណង​នយោបាយ​របស់​ខ្លួន។ គណបក្សនយោបាយ ដែល​បានគ្រោង​ធ្វើ​មហា​បាតុកម្ម​នៅ​ចំ​ថ្ងៃទី១០ ធ្នូ​ដែរ​នេះ បាន​អំពាវនាវ​កាលពី​ថ្ងៃទី៣០ វិច្ឆិកា ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ចូលរួម​ដើរ​ដង្ហែ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥។

ប៉ុន្តែ​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​របស់​អង្គការ​លីកាដូ បាន​គូសបញ្ជាក់ថា ក្បួន​ធម្មយាត្រា​មក​ពី​ខេត្តនីមួយៗ មាន​គណៈកម្មការ​ចាត់​ចែងរៀងៗខ្លួន ដែលមាន​តួនាទី​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុងពេល​ហែ។ លោក​បាន​សង្កត់ធ្ងន់ថា គណៈកម្មការ​នេះ​នឹង​ធ្វើឱ្យ​ប្រាកដថា អ្នកចូលរួម​ទាំងអស់​យល់​អំពី​គោលបំណង​នៃ​សកម្មភាព​របស់​អង្គការ សមាគម សហគមន៍ សហព័ន្ធ និង​សហជីព ដែល​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​សន្តិភាព នៅ​កម្ពុជា៕