ឥឡូវនេះម្ចាស់ជំនួយសំខាន់ៗដែលផ្តល់ថវិកាសម្រាប់កម្ពុជា បានលើកឡើងថាមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការមូលនិធិពិភពលោក ហើយរកឃើញថា មានអំពើពុករលួយនៅក្នុងក្រសួងសុខាភិបាលនោះត្រូវធ្វើការស៊ើបអង្កេតនិងនាំយកទៅកាត់ទោសតាមច្បាប់។ អំពើពុករលួយត្រូវបានរកឃើញក្នុងរយៈពេលជាង២ឆ្នាំ ដែលបង្ហាញនូវប្រព័ន្ធ
ស៊ីសំណូកសូកប៉ាន់និងការឧបត្ថម្ភពីអ្នកផ្គត់ផ្គង់មុងជ្រលក់ថ្នាំជាថ្នូរនឹងកិច្ចសន្យាធ្វើឱ្យខាត់បង់ថវិកាយ៉ាងច្រើន។ ក្រុមម្ចាស់ជំនួយដូចជាប្រតិភូសហគមន៍អឺរ៉ុប ស្ថានទូតស៊ុយអែត អាល្លឺម៉ង់ និងអង់គ្លេស បានគាំទ្រជំហររឹងមាំរបស់អង្គការមូលនិធិពិភពលោកប្រឆាំងនឹងអំពើពុករលួយ។ ពួកគេបាននិយាយថាទឹកប្រាក់ដែលបាត់បង់ត្រូវតែទាមទារយកមកវិញឱ្យបាន រីឯបុគ្គលដែលជាប់ពាក់ព័ន្ធត្រូវនាំយកទៅផ្តន្ទាទោស។
ទាក់ទងនឹងបញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយក្រោមការដឹកនាំរបស់លោក ឱម យ៉ិនទៀង បានបញ្ជាក់ថាស្ថាប័ននេះបានស៊ើបអង្កេតលើការរកឃើញនៅក្នុងរបាយការណ៍របស់អង្គការមូលនិធិពិភពលោកប៉ុន្តែមិនទាន់កំណត់បានថាតើអតីតមន្ត្រីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ ជំងឺសើស្បែក កាមរោគ និងមេឌីខេម មានពិរុទ្ធពុករលួយឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណាអ្នកនាំពាក្យស្ថានទូតអាមេរិកលោក ចន ស៊ីម៉ុន បានថ្លែងថារដ្ឋាភិបាលអាមេរិកកំពុងឃ្លាំមើលដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោក ចន ស៊ីម៉ុន បានបញ្ជាក់ថា “យើងកំពុងបន្តលើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយឱ្យធ្វើការស៊ើបអង្កេតឱ្យបានពេញលេញនិងមានតម្លាភាព។ រដ្ឋាភិបាលអាមេរិកមានការប្រុងប្រយ័ត្នណាស់លើការប្រើប្រាស់មូលនិធិជំនួយអភិវឌ្ឍន៍ដែលខុសឆ្គងទោះជាប្រទេសណាក៏ដោយ ហើយកម្មវិធីជំនួយជាច្រើននៅកម្ពុជាត្រូវបានដាក់ឱ្យអនុវត្តន៍ដោយសង្គមស៊ីវិល និងដោយវិស័យឯកជន”។
ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងថាទំនុកចិត្តរបស់ម្ចាស់ជំនួយនិងការជំរុញផ្អែកលើកិច្ចសហប្រតិបត្តិការដែលគ្មានអំពើពុករលួយនិងការក្លែងបន្លំ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បញ្ជាក់ថាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចាត់ការលើករណីនេះនឹងជាសញ្ញាសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ។ ជាមួយគ្នានេះលេខាទី១ ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានលើកឡើងដែរថាមូលនិធិពិភពលោកមានការទទួលខុសត្រូវធានាថាអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត ហើយបារាំងនឹងបន្តតាមដានស្ថានការណ៍យ៉ាងហ្មត់ចត់។ ការលើកឡើងរបស់មន្ត្រីស្ថានទូតនៃបណ្តាប្រទេសម្ចាស់ជំនួយប្រចាំកម្ពុជាបែបនេះមានន័យថាជាការជំរុញឱ្យស៊ើបអង្កេតនិងវែកមុខជនប្រព្រឹត្តអំពើពុករលួយយកទៅផ្តន្ទាទោសតាមច្បាប់។
ក្រោយពេលរឿងអាស្រូវនៃអំពើពុករលួយនៅក្នុងក្រសួងសុខាភិបាលត្រូវបានបែកធ្លាយគេឃើញអង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើរបាយការណ៍ទៅក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយរួចហើយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែវិច្ឆិកានោះ អង្គភាពប្រឆាំងអំពើពុករលួយនិងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សាលើរបៀបវារៈស្តីពីរបាយការណ៍របស់មូលនិធិពិភពលោក។ រឿងអាស្រូវពុករលួយកិបកេងថវិកាជំនួយអស់យ៉ាងច្រើននោះគឺជារឿងដែលធ្វើឱ្យអាប់ឱនយ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាដូច្នេះគេរង់ចាំមើលថាតើរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវចាត់វិធានការបែបណាទៅលើក្រុមមន្ត្រីពុករលួយ។ នៅក្នុងរបាយការណ៍របស់មូលនិធិពិភពលោកបានបញ្ជាក់រួចមកហើយអំពីអត្តសញ្ញាណរបស់មន្ត្រីនិងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធដូច្នេះអ្វីៗគឺវាអាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការអនុវត្តច្បាប់។
ថ្មីៗកន្លងទៅនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានខំប្រឹងគេចវេះពីការទទួលខុសត្រូវចំពោះអំពើពុករលួយដែលត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍របស់អង្គការមូលនិធិពិភពលោក។ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនបានលើកឡើងថាលោក ម៉ម ប៊ុនហេង មិនអាចឆ្លើយយករួចខ្លួនចំពោះអំពើពុករលួយរបស់មន្ត្រីក្រោមឱវាទនោះទេ ព្រោះបើគ្មានការបើកដៃពីថ្នាក់លើ គឺមន្ត្រីថ្នាក់ក្រោមមិនហា៊នធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតលោក ម៉ម ប៊ុនហេង កំពុងត្រូវបានមន្ត្រីក្នុងក្រសួងសុខាភិបាលបើកកកាយពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងពេញបន្ទុក ហើយភរិយារបស់គាត់បានលូកដៃយ៉ាងជ្រៅចូលក្នុងកិច្ចការរបស់ក្រសួងសុខាភិបាល។ អំពើពុករលួយនៅក្នុងក្រសួងសុខាភិបាលគឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយលោក ម៉ម ប៊ុនហេងនិងប្រពន្ធរបស់គាត់ គឺជាអ្នកទទួលខុសត្រូវធំជាងគេជុំវិញរឿងអាស្រូវពុករលួយនោះ។
មន្ត្រីនៅក្នុងក្រសួងសុខាភិបាលបានលាតត្រដាងជាបន្តបន្ទាប់ជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ម ប៊ុនហេង និងភរិយា ដែលជាកត្តាធ្វើឱ្យវិស័យសុខាភិបាលគ្មានគុណភាពហើយ ត្រូវប្រឈមនឹងការរិះគន់យ៉ាងពេញបន្ទុក។ ការដេញថ្លៃនានានៅក្នុងក្រសួងសុខាភិបាលកើតមាននូវអំពើពុករលួយគួរឱ្យភ័យខ្លាច ព្រោះមន្ត្រីពុករលួយឃុបឃិតគ្នាបំផ្លាញថវិកាជាតិស្រេចតែអំពើចិត្ត។ ដូច្នេះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃគណបក្សចាញ់ឆ្នោតត្រូវចាត់វិធានការលើមន្ត្រីពុករលួយក្នុងក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីកុំឱ្យរាលដាលយ៉ាងពេញបន្ទុកតទៅទៀតពីព្រោះកន្លងមកលោក ម៉ម ប៊ុនហេង និងបក្ខពួកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតាមគ្រប់រូបភាព។ សូម្បីតែជំនួយអន្តរជាតិដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏ត្រូវក្រុមមន្ត្រីពុករលួយឃុបឃិតគ្នាកេងប្រវ័ញ្ចដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាឡើយ។
អង្គការតម្លាភាពអន្តរជាតិគ្រោងនឹងបង្ហាញរបាយការណ៍សន្ទស្សន៍ ចំណាត់ថ្នាក់អំពើពុករលួយនៅសប្តាហ៍ក្រោយបន្ទាប់ពីរកឃើញកាលពីពេលថ្មីៗនេះទៅលើប្រទេសជាច្រើនដែលជាសមាជិក។ ប្រទេសកម្ពុជារងការចោទប្រកាន់ជាញឹកញាប់ពីការប្រព្រឹត្តអំពើពុករលួយកន្លងមក ក៏ជាគោលដៅនៃការកំណត់ចំណាត់ថ្នាក់ដែលនឹងត្រូវលាតត្រដាងក្នុងរបាយការណ៍ផ្សព្វផ្សាយនៅសប្តាហ៍ក្រោយផងដែរ។ ក្រៅពីអំពើពុករលួយសកល អង្គការតម្លាភាពអន្តរជាតិនឹងធ្វើការប្រកាសផងដែរអំពីស្ថានភាពពុករលួយនៅក្នុងប្រទេសកម្ពុជាព្រោះរឿងអាស្រូវពុករលួយត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ។ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាបានវាយតម្លៃថាកម្ពុជាមិនអាចមានចំណាត់ថ្នាក់ប្រសើរជាងមុនទាក់ទងទៅនឹងអំពើពុករលួយនោះទេ ព្រោះបច្ចុប្បន្នអំពើពុករលួយក្នុងប្រទេសកម្ពុជារាលដាលតាំងពីលើរហូតដល់ក្រោម ហើយស្ថាប័នសំខាន់ៗសុទ្ធតែញាំញីដោយអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថាអំពើពុករលួយក្នុងស្ថាប័នគយនិងរដ្ឋាករក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារកំពុងធ្វើឱ្យបាត់បង់ប្រាក់ចំណូលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់និងធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្តែងអង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការលើមន្ត្រីពុករលួយតាមបណ្តាស្ថាប័ននានាជាបន្តបន្ទាប់ ប៉ុន្តែមន្ត្រីពុករលួយធំៗដែលមានតំណែងជារដ្ឋមន្ត្រីរដ្ឋលេខាធិការ និងជាអគ្គនាយកនៃស្ថាប័នរដ្ឋនានាគឺអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានប៉ះពាល់ពួកគេឡើយ។ ប្រការនេះហើយដែលធ្វើឱ្យអំពើពុករលួយរាលដាលកាន់តែធ្ងន់ធ្ងរ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយគ្មានអំណាចអ្វីទាំងអស់៕