លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖ «ការធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាមិនទាន់បានស៊ីជម្រៅទៅដល់ថ្នាក់គោលនយោបាយឬក៏ការជជែកតតាំងគ្នាពីគោលគំនិតដើម្បីដោះស្រាយបញ្ហាជាតិនៅឡើយទេ ច្រើនតែហាក់ដូចជាមានលក្ខណៈបុគ្គលច្រើនជាងហើយកន្លែងខ្លះគ្រាន់តែជាលក្ខណៈតតាំងសារនយោបាយដើម្បីទាក់ទាញការគាំទ្រតែប៉ុណ្ណោះ»។
លោកវីរៈ បានបញ្ជាក់បន្ថែមថានៅសហរដ្ឋអាមេរិកដោយសារតែការចូលរួមរបស់បណ្តាញព័ត៌មាននិងក្រុមអង្គការសង្គមស៊ីវិលដែលមានយ៉ាងច្រើន បូករួមទាំងចំណេះដឹងខ្ពង់ខ្ពស់របស់អ្នកបោះឆ្នោតនាំឱ្យអ្វីដែលអ្នកនយោបាយបានសន្យាក្នុងយុទ្ធនាការបោះឆ្នោតពិបាកនឹងគេចផុតពីការអង្កេតមើលនិងដាក់ឱ្យទទួលខុសត្រូវណាស់។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈ ស្វាគមន៍ដោយប្រយ័ត្នប្រយែងចំពោះនិន្នាការថ្មីដែលអ្នកដឹកនាំកំពុងតែប្រើប្រាស់នៅក្រោយពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដា នោះគឺការបណ្តុះបណ្តាលមនុស្សជំនាន់ថ្មីសម្រាប់បន្តវេនក្នុងនយោបាយកម្ពុជា។
នៅក្នុងរដ្ឋាភិបាលថ្មីនេះ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានតែងតាំងមន្ត្រីក្មេងៗឱ្យកាន់តំណែងខ្ពស់ៗជាច្រើនដែលមានរហូតដល់ថ្នាក់រដ្ឋមន្ត្រី នៅក្រោយពីគណបក្សនេះបានឈ្នះគណបក្សប្រឆាំងទាំងប្រផិតប្រផើយនៅក្នុងការបោះឆ្នោតមួយដែលប្រកបទៅដោយរឿងចម្រូងចម្រាស។
ប៉ុន្តែលោករិះគន់ថាការដំឡើងឋានៈនេះមានលក្ខណៈជាគ្រួសារនិយមច្រើនជាងផ្អែកលើស្នាដៃនិងស្របតាមគោលការណ៍ប្រជាធិបតេយ្យក្នុងបក្ស។
«បើយើងមើលមែនទែន យើងឃើញថាគណបក្សប្រជាជនកម្ពុជាកំពុងតែរៀបចំកូនចៅរបស់ខ្លួន...បានន័យថាគណបក្សនេះបានរៀបចំរួចហើយគឺការបន្តវេនរបៀបគ្រួសារ»។
រដ្ឋមន្ត្រីថ្មីនៅក្រសួងបរិស្ថានគឺលោក សាយ សំអាល់ គឺជាកូនប្រុសរបស់លោកសាយ ឈុំ អគ្គលេខាធិការនៃគណបក្សនិងជាអនុប្រធានព្រឹទ្ធសភា។
លោកផៃ ស៊ីផានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងការពារចំពោះការតែងតាំងនេះ។
«មន្ត្រីដែលទទួលបន្ទុកធំជារដ្ឋមន្ត្រី ជាអ្វីៗហ្នឹងគឺត្រូវតែមានមូលដ្ឋានដែលជាមរតកនយោបាយ។ នេះមិនខុសគ្នាពីសហរដ្ឋអាមេរិក ដូចជាត្រកូលកេណឺឌី ដែលយើងឃើញ ដូចជានៅក្នុងតំបន់គឺកូនលោក លី ក្វាន់យូ ក៏ ដូចជានៅ ឥណ្ឌូនេស៊ីគឺកូនឯកឧត្តម ស៊ូកាណូ។ នេះគឺជាមរតកនយោបាយ»។
លោកបានបញ្ជាក់ថាការដែលកូនចៅរបស់អ្នកដឹកនាំទាំងនោះ មើលឃើញនូវរបៀបធ្វើការងាររបស់ឱពុកនិងទទួលបានចំណេះដឹងខ្ពង់ខ្ពស់ពីក្រៅប្រទេសគឺអាចជួយគេឱ្យស្ថាបនាខ្លួនក្លាយជាអ្នកដឹកនាំបាន។
ទាំងលោកផៃ ស៊ីផាននិងលោកអ៊ូ វីរៈយល់ស្របគ្នាថាការចាកចេញរបស់មន្ត្រី ចាស់ៗដែលធ្វើការយូរហើយមកកាន់តំណែងកិត្តិយសជាទីប្រឹក្សា អាចនឹងជួយជំរុញអ្នកដែលកាន់តំណែងថ្មីរីកចម្រើនបានល្អនិងលឿនជាជាងការដែលគណបក្សត្រូវធ្វើការកែទម្រង់ដោយសារតែគ្មានជម្រើសនិងដើរមកដល់ផ្លូវទាល់ច្រក៕
VOA