លោក ជាម យៀប គួរតែ​ទទួលទោស​ចំពោះមុខ​ច្បាប់​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​



សំណុំរឿង​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​និង​ជា​សមាជិកសភា​បក្ស​ប្រជា​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើករថយន្ត​រត់គេច​មិន​ទទួលខុសត្រូវ កំពុង​ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហើយ​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​។ ឥឡូវនេះ​សំណុំ​រឿង​​គ្រោះថ្នាក់​
ចរាចរណ៍​បង្កឡើង​ដោយ​លោក ជាម យៀប មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ ព្រោះ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​បញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក ហើយ​រត់​បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ និង​ប្តី​រងរបួស​ធ្ងន់​នៅក្នុង​ស្រុក​កៀនស្វាយ​ទៅកាន់​សាលាដំបូង​ខេត្ត​។ អាច​និយាយបានថា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់លោក ជាម យៀប សមាជិកសភា​គណបក្ស​ប្រជាជន​កំពុង​ដំ​ណើរ​ការ​នៅក្នុង​តុលាការ​ថ្វីដ្បិតតែ​គាត់​មានការ​ផ្តល់​សំណង​និង​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ​ក្នុង​បំណង​បញ្ចប់រឿង​យ៉ាង​ណាក៏​ដោយ​។​
ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​លោក ជាម យៀប បាន​អះអាង​ពី​ការមិន​ប្តឹងផ្តល់​លោក ជាម យៀប នោះឡើយ ហើយ​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការមិន​ប្តឹងផ្តល់​នោះទេ​។ គេ​មិនដឹងថា​ជនរងគ្រោះ​ឈ្មោះ មឿ​ន ថា អាយុ ២៦​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​កាល់​ម៉ែត្រ​ទទួលយក​លក្ខខណ្ឌ​ពី​លោក ជាម យៀប តាម​វិធី​ណា​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​សំណុំ​រឿងនេះ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​រួចហើយ​។ គេ​ចាំ​មើលថា​តើ​តុលាការ​ខេត្តកណ្តាល​ចាត់វិធានការ​យ៉ាងណា​ចំពោះ​អ្នកធ្វើច្បាប់​តែ​មិន​គោរព​ច្បាប់​ដូចជា​លោក ជាម យៀប ហើយ​មើលស្រាល​លើ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ហួសហេតុ​។ ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​សង្ឃឹម​ថា​តុលាការ​ខេត្តកណ្តាល​នឹង​រក​យុត្តិធម៌​ជូន​រងគ្រោះ​តាមផ្លូវ​ច្បាប់​ព្រោះ​អី​ការផ្តល់​សំណង​គឺជា​រឿង​ផ្សេង ឯ​បទល្មើស​ធ្វើឱ្យ​មនុស្ស​ស្លាប់​ជា​រឿង​ដែល​មិនអាច​មានការ​លើកលែង​បានឡើយ​។​
​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់លោក ជាម យៀប បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យ​បុរស​ឈ្មោះ មឿ​ន ថា អាយុ​២៦​ឆ្នាំ ជា​ប្តី​រងរបួស​ធ្ងន់ រីឯ​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ​​ពីរ​ខែ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ នៅពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក ជាម យៀប មិន​ចុះមក​ដោះស្រាយ​ភ្លាមៗ​ទេ ហើយ​ព្យាយាម​បើករថយន្ត​គេច​ចូលមក​រាជធានី​ភ្នំពេញ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​។ ទង្វើ​របស់លោក ជាម យៀប ត្រូវ​ប្រឈម​នឹង​ការរិះគន់​សព្វបែបយ៉ាង​ព្រោះ​គាត់​ជា​មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកធ្វើច្បាប់​បែរជា​ខ្លួនឯង​មិន​គោរព​ច្បាប់​ទាល់តែសោះ​។​​
ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា​ចាប់ពី​ថ្ងៃ​មាន​គ្រោះថ្នាក់​រហូតមក​តំណាង​របស់លោក ជាម យៀប បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​ថ្លៃ​មន្ទីរពេទ្យ ថ្លៃ​ដឹកជញ្ជូន​និង​ធ្វើបុណ្យ​២៣០០​ដុល្លារ​។ ចំណែក​អ្នករងរបួស​នៅក្នុង​មន្ទីរពេទ្យ​គឺ​ចេញថ្លៃ​ព្យាបាល​ចំនួន​១១​៥​០​ដុល្លារ ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​អំពាវនាវ​ឱ្យ​លោក ជាម យៀប ជួយ​ចេញថ្លៃ​ព្យាបាល​បន្តទៀត​រហូតដល់​ជា​។ ទាក់ទង​បញ្ហា​នេះ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់ថា​លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ដើម្បី​ធ្វើការ​ស៊ើបអង្កេត​និង​ចាត់វិធានការ​បន្ត​។ ក៏ប៉ុន្តែ​អ្វីដែល​មិន​សមរម្យ​នោះ​គឺ​លោក អ៊ា​វ ចំរើន បាន​និយាយថា​ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​អ្នកបើក​ម៉ូតូ​ជិះ​លឿន ជិះ​ខុសច្បាប់​ចរាចរណ៍ ហើយ​ទៅបុក​រថយន្ត​របស់លោក ជាម យៀប ទៅវិញ​។ ការអះអាង​បែបនេះ​ហាក់ដូចជា​ចង់​ជួយ​សម្រាល​ទោសកំហុសរ​ប​ស់លោក ជាម យៀប ដែលជា​មន្ត្រី​មានអំណាច​របស់​គណបក្ស​ប្រជាជន​យ៉ាងច្បាស់​ក្រឡែត​។​
​ប្រភព​ក្រៅផ្លូវការ​បានឱ្យដឹងថា​នៅក្នុង​ថ្ងៃកើតហេតុ​គឺ​លោក ជាម យៀប បាន​ទៅលេង​ស្រុកកំណើត​នៅឯ​ខេត្តព្រៃវែង ប៉ុន្តែ​នៅក្នុង​ភូមិកំ​ណើត​​របស់​លោក គឺ​ប្រជាពលរដ្ឋ​មិន​ស្វាគមន៍​លោក​នោះទេ ថែមទាំង​ប្រើពាក្យ​សំដី​រិះគន់​ធ្ងន់ៗ​ទៀតផង​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​លោក ជាម យៀប ទទួលរង​នូវ​ភាពអាម៉ាស់​ងើបមុខ​មិន​រួច ហើយ​វិល​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​និង​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវស្លាប់​និង​រងរបួស​គួរឱ្យ​អាណិតអាសូរ​។ ប្រភពពី​សាក្សី​មួយចំនួន​បានឱ្យដឹងថា​អ្នកបើកបរ​រថយន្តរ​ប​ស់លោក ជាម យៀប បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​របស់​ជនរងគ្រោះ​មិនមែន​ជនរងគ្រោះ​បើក​ម៉ូតូ​លឿន​ដូច​អ្វីដែល​ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក អ៊ា​វ ចំរើន អះអាង​នោះទេ​។​
​សូមបញ្ជាក់ថា​កន្លងមក​លោក​ជាម យៀប ធ្លាប់​បានដាក់​ទំនាយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅពេល​ធ្វើដំណើរ​ទៅ​បរទេស​ហើយ​សំដី​របស់ ជាម យៀប ត្រូវបាន​រាស្ត្រ​ខ្មែរ​ឮ​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​ជា​កម្មផល​គឺ​លោក ជាម យៀប បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​ឱ្យ​អ្នកបើករថយន្ត​របស់​គាត់​បើក​រត់គេច​ខ្វះ​ការទទួលខុសត្រូវ​។ បញ្ហា​នេះ​លោក ជាម យៀប គួរតែ​មានការ​ភ្ញាក់រលឹក​ខ្លះៗ​ផង​ថា​ទង្វើ​អាក្រក់​របស់ខ្លួន​ត្រូវ​ទទួលផល​បែបណា ព្រោះ​សូម្បីតែ​ទេវតា​ក៏​បរាមុខ​មនុស្ស​អាក្រក់​ដែរ មិន​ទុកឱ្យ​មនុស្ស​អាក្រក់​មាន​សេចក្តីសុខ​ជេរប្រមាថ​គេឯង​យ៉ាង​អសីលធម៌​គ្រប់ពេលវេលា​តាម​អំពើ​ចិត្ត​នោះទេ​៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors