Pages

Monday, December 2, 2013

ជប៉ុននឹង​និយាយ​ជាមួយ​អាមេរិក​​ពី​រឿង​ចិន​បង្កើត​តំបន់​ការពារ​ដែនអាកាស

ដោយ ឈាង បុប្ផា
លោកអនុប្រធានាធិបតី​អាមេរិក ចូ បាយឌិន​នឹង​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​តូក្យូ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២ ធ្នូ។ នៅ​ជប៉ុន​ វត្តមាន​របស់​លោកបាយឌិន​ត្រូវ​គេ​រំពឹង​ថា នឹង​ផ្តោត​សំខាន់​​ទៅលើ​ភាពតានតឹង​នៅ​សមុទ្រ​ចិន​ខាងកើត បន្ទាប់ពី​ចិន​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាសថ្មី​ ដែល​បាន​​រំលោភ​ពី​លើ​ដែន​អាកាស​​របស់​ជប៉ុន និង​រួមបញ្ចូល​ទាំង​ដែន​អាកាស​ដែល​គ្របដណ្តប់​ពី​លើ​ប្រជុំកោះ​ដ៏​ចម្រូងចម្រាស​សេនកាគូ។
នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ បាន​និយាយ​ កាលពី​ថ្ងៃ​អាទិត្យថា លោក​នឹង​លើក​យក​រឿង​តំបន់​ការពារ​ដែន​អាកាស​របស់​ចិន​ទៅនិយាយ​ជាមួយ​លោក​អនុ​ប្រធានាធិបតី អាមេរិក​ដែល​នឹង​មាន​វត្តមាន​រយៈពេល​៣៤​ម៉ោង នៅ​ទីក្រុង​តូក្យូ។ “យើង​នឹង​ពិភាក្សា​ជាមួយ​លោកអនុប្រធានាធិបតី​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ការសហការ​មាន​កាន់​តែ​ជិតស្និទ​រវាង​អាមេរិក និង​ជប៉ុន” ​។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន អាបេ​បាន​និយាយ​យ៉ាងដូច្នេះ​បា្រប់​ទៅ​អ្នកកាសែត។


ទាំង​លោកនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ទំនង​ព្យាយាម​រំងាប់​មន្ទិល​សង្ស័យ​ទៅលើ​ទំនាក់ទំនង​ជប៉ុន និង​អាមេរិក បន្ទាប់ពី​អាមេរិក​ប្តូរ​ជំហរ​ខុស​ពី​ជប៉ុន ដោយ​បាន​ប្រកាស​ កាលពី​ថ្ងៃ​សុក្រ ឲ្យ​​​យន្តហោះ​​ស៊ីវិល​​របស់​អាមេរិក​គោរព​​តាម​បទបញ្ជា​របស់​អាជ្ញាធរ​ចិន នៅពេល​ហោះ​ចូល​តំបន់​ការពារដែន​អាកាសរបស់​ចិន។ កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ហោះហើរ​របស់​ជប៉ុន​ឈប់​​ផ្តល់​ព័ត៌មាន នៅ​ពេល​ហោះ​ទៅក្នុងដែន​អាកាស​ដែល​ចិន​ទើប​បង្កើត​ថ្មី។ ជប៉ុន​បាន​សំដែង​ការ​ប្រឆាំង​ដាច់ខាត នឹង​តំបន់​ការពារ​ដែនអាកាស​របស់​ចិន ដោយសារ​ជប៉ុន​វាយតម្លៃ​ថា​ បាន​រំលោភ​លើ​ដែន​អាកាស​របស់​ជប៉ុន និង​រួមបញ្ចូល​ទាំង​ដែន​អាកាស​ដែល​ស្ថិតនៅ​ពីលើ​ប្រជុំកោះ​សេនកាគូ​របស់​​ជប៉ុន។

 ►សូមអាន៖ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ​ប្រកាស​ត្រៀមខ្លួន​បន្តឹង​ជំហរ​ទល់​នឹង​ចិន

តាម​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន អាមេរិក​ និង​ជប៉ុន​មាន​ជំហរ​ដូចគ្នា នៅចំពោះ​មុខ​ការ​បង្កើត​តំបន់​ការពារ​ដែនអាកាសរបស់​ចិន។ អាមេរិក​ផ្ទាល់​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ផែនការ​ចិន មុន​ជប៉ុន​ទៅទៀត ដោយ​កាលពី​ថ្ងៃ​អង្គារ យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន បេ ៥២ ពីរគ្រឿង​បាន​ហោះ​ចូល​ទៅក្នុង​តំបន់​ការពារ​ដែន​អាកាស​ថ្មី​របស់​ចិន ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​តាម​ការទាមទារ​របស់​ទីក្រុង​ប៉េកាំង។

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​Chuck Hagel ធ្លាប់​បាន​បញ្ជាក់ថា អាមេរិក​ត្រៀម​ខ្លួន​រួចហើយ ដើម្បី​ជួយ​ជប៉ុន នៅពេល​ជប៉ុន​ទទួល​រងការវាយប្រហារ។ អាមេរិក និង​ជប៉ុន​បាន​ចង​សម្ព័ន្ធភាព​យោធា​ជាមួយ​គ្នា នៅក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ និង​បាន​ចូល​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៦០។ នៅក្នុង​កិច្ចព្រមព្រៀង អាមេរិក​បាន​ទទួល​សិទ្ធិ​បោះមូលដ្ឋាន​ទ័ព​លើ​ទឹកដី​ជប៉ុន។ ប៉ុន្តែ ជាថ្នូរវិញ ជប៉ុន​ត្រូវ​បាន​អាមេរិក​សន្យា​ជួយ​ការពារ ក្នុង​ករណី​ដែល​មាន​ការវាយ​ប្រហារ​ពី​ខាងក្រៅ។