Pages

Monday, December 2, 2013

ចំនួនអ្នកឆ្លងមេរោគអេដស៍​ថ្មី​ថយចុះ ប៉ុន្តែ ​ថ្នាំ​ពន្យារជីវិត​នៅតែ​ខ្វះខាត

ដោយ ឈាង បុប្ផា
ដូចជារៀងរាល់ឆ្នាំ ទិវាប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍ នៅថ្ងៃទី ១​ធ្នូ​ជាឱកាស​បង្ហាញដំណឹង​ល្អ​ផង និង​មិន​ល្អផង។ បច្ចុប្បន្ន​នេះ អ្នកជម្ងឺ និង​ផ្ទុកមេរោគអេដស៍​ទាំងអស់​សុទ្ធតែដឹងថា ពិភពលោក​មួយ​គ្មាន​ជម្ងឺ​អេដស៍​ពិតជាអាចកើតមាន។ ប៉ុន្តែ យ៉ាងណាក៏ដោយ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​
បង្ហាញថា នៅឆ្នាំ២០១២​មនុស្ស​យ៉ាងហោច​២​លាន​នាក់​បាន​ធ្លាក់​ខ្លួន ​ជាអ្នកឆ្លងមេរោគថ្មី​ នៅពេល​ដែល​អ្នកជម្ងឺ​ច្រើន​ជាង​មួយ​លាន​កន្លះ​បាន​ស្លាប់​ដោយ​សារ​មេរោគអេដស៍។នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍ អង្គការ សមាគម​នានា​បាន​ឯកភាព​គ្នា​ទទួល​ស្គាល់ថា មាន​​លទ្ធផល​ជា​វិជ្ជមាន​ច្រើន នៅក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​អេដស៍។ តួលេខ​ប្រចាំឆ្នាំ​ ​ដែល​គួរ​ឲ្យ​លើកទឹកចិត្ត បាន​បង្ហាញ​ថា ចំនួន​អ្នកឆ្លងមេរោគ​អេដស៍​ថ្មីមាន​ប្រមាណ​២​លាននាក់ គឺ​​បាន​ថយចុះ ​៣សែន​នាក់ បើប្រៀបធៀប​នឹង​ឆ្នាំ ២០១២។ ចំណែក​ចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺអេដស៍​ក៏​បាន​ថយចុះ​ដូចគ្នាដែរ គឺ ពី​១លាន ៦​សែន​នាក់ នៅឆ្នាំ មកនៅ​ត្រឹម​១​លាន ៥សែននាក់ នៅឆ្នាំនេះ។


យ៉ាងណា​ក៏ដោយ​សមាគម​ អង្គការ​ធ្វើការ​ខាង​ជម្ងឺអេដស៍​នៅ​មិន​ទាន់​ពេញចិត្ត​ទាំងស្រុង​ទេ ដោយសារ​តែ​អ្នកជម្ងឺ នៅ​តែមាន​ច្រើន ហើយ ពួកគេ​ភាគច្រើន​នៅ​មិន​ទាន់​ទទួល​បាន​ការព្យាបាលពេញលេញ ឬ​បាន​ធ្វើតេស្ត​ឈាម​រក​មេរោគអេដស៍។

សម្រាប់​អង្គការ​ សង្គមស៊ីវិល ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍​មាន​ការរីកចម្រើន​ពិតមែន ប៉ុន្តែ ជាមួយគ្នានោះ វា​ក៏​បាន​បង្កើត​គម្លាត​យ៉ាងធំ រវាង​ប្រទេស​នៅ​ភាគខាងជើង និង​ភាគខាងត្បូង​នៃ​ផែនដី។ តាម​ប្រធាន​អង្គការ​សហប្រជាជាតិ​​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍ ចំនួន​អ្នកឆ្លងមេរោគ​អេដស៍​ថ្មី​នៅ​អាហ្រ្វិក​មាន​ការធ្លាក់ចុះ ប៉ុន្តែ ការព្យាបាល អ្នកជម្ងឺ​នៅ​អាហ្រ្វិក​នៅតែ​​មាន​ការខ្វះខាត​ច្រើន នោះបើទោះបី​ជា​រដ្ឋាភិបាល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ និង​មាន​ការសន្យា​ផ្តល់​ជំនួយ​ពី​ប្រទេស​អ្នកមាន។ ជាក់ស្តែង កាលពី​ឆ្នាំ ២០០១ មាន​ប្រជាជន​អាហ្វ្រិក​៥ម៉ឺននាក់​ត្រូវការ​ការព្យាបាល ប៉ុន្តែ បច្ចុប្បន្ននេះ មាន​មនុស្ស​មិន​តិច​ជាង​៧​លាន​នាក់​នៅ​អាហ្រ្វិក​ដែល​ត្រូវការ​ថ្នាំ​ពន្យារជីវិត។ គេ​ប៉ាន់​ប្រមាណ​ថា គេ​ត្រូវការ​ទឹកប្រាក់​យ៉ាងតិច មួយ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ការរីករាលដាល​នៃ​មេរោគអេដស៍ នៅ​អាហ្រ្វិក។

តាម​អង្គកា​ពលកម្ម​អន្តរជាតិ ការទទួល​បាន​ការព្យាបាល​​មាន​ពាក់ព័ន្ធ​នឹង​ការអត់ការងារធ្វើ​របស់​អ្នកជម្ងឺអេដស៍។ ​របាយការណ៍​ដែល​ចុះផ្សាយ នៅ​ឱកាស​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍ បាន​បង្ហាញថា អ្នកដែល​ផ្ទុក​មេរោគអេដស៍​ដែល​មាន​ការងារ​ធ្វើ មាន​ឱកាស បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត ដល់​ទៅ ៣៦ភាគរយ ច្រើន​ជាងអ្នក​ដែល​គ្មាន​ការងារ​ធ្វើ។

នៅទីក្រុង​ម៉ែលប៊ន ក្នុង​ប្រទេស​អូស្រា្តលី ជាទី​ដែល​គេ​ប្រារព្ធ​ ទិវា​ ជម្ងឺអេដស៍ ១​ធ្នូ អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍​បាន​ប្រកាស​យក​ថ្ងៃ​ទី ១ មីនា​ឆ្នាំ​ក្រោយ ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង​ទៅលើ​អ្នកដែល​ផ្ទុកមេរោគអេដស៍៕