Pages

Monday, December 2, 2013

គណ​បក្ស​ប្រជា​ជន​កម្ពុជា​រម្លឹក​ខួប​រណសិរ្ស​២ធ្នូ​ នៅ​ក្រចេះ​ និង​ភ្នំពេញ​

ដោយ លាង ដឺលុច
ព្រឹត្តិការ​ណ៍​ធំ​២​ ត្រូវគណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ធ្វើ​ដើម្បី​រម្លឹក​ខួប​ឆ្នាំទី​៣៥ នៃ​ការ​បង្កើត​ចលនា​រណសិរ្ស​២​ធ្នូ។ នៅ​ថ្ងៃ​អាទិត្យ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ានី​​ បាន​រៀប​ចំ​ពិធី​តាំង​ពិ​ពណ៌​ និង​រៀបចំ​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក។ នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​
២​ធ្នូ​វិញ លោក​ហេង​ សំរិន​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជាជនកម្ពុជានឹង​សម្ពោធវិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។ «ខ្ញុំ​មាន​អាយុ​៣៥​ឆ្នាំ»។ នេះ​ជា​ឈ្មោះ​នៃ​ព្រឹត្តិការណ៍​រម្លឹក​ខួប​អនុ​ស្សាវរីយ៍​នៃ​ការ​បង្កើត​រណសិរ្ស​២​ធ្នូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៧៨។ ចលនា​២​ធ្នូ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាជាធិបតេយ្យ​របស់​ប៉ុល ពត អៀង សារី ខៀវ សំផន។
 
ក្នុង​ឆ្នាំ​នេះ គណបក្ស​ប្រជាជនកម្ពុជា​បាន​រៀបចំ​ព្រឹត្តិការ​ណ៍​ធំ​២​ផ្សេង​គ្នា​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​២​ធ្នូ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អត្ថាធិប្បាយ​ថា វា​បាន​បង្កើត​អោយ​មាន​ថ្ងៃ​៧​មករា។
នៅ​ថ្ងៃ​អាទិត្យ​នេះ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ានី កូនប្រុស​មួយ​រូប​របស់​លោក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​រៀបចំ​ព្រឹត្តិការណ៍​តាំងពិពណ៌ និង​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​មួយ​នៅ​ក្នុង​ទីធ្លា​នៃ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក។
 
នៅឯ​ស្រុក​ស្នួល ក្នុង​ខេត្ត​ក្រចេះ​ឯណោះ​វិញ សមាជិក​នៃអតីត​​ចលនា​រណសិរ្ស​ សាមគ្គី​ សង្គ្រោះជាតិ​កម្ពុជា និង​សមាជិក​រដ្ឋសភា នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ​ដ៏​ធំ និង​ថ្មី​សន្លាង​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​នេះ។ ពិធី​សម្ពោធ​ដែល​ត្រូវ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ ​លោក​ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា។
 
លោក​ញ៉ែម ថ្ថាវី សមាជិក​រដ្ឋសភា និង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​១៩៧៨ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​អត្ថន័យ​មួយ​របស់​ប្រទេស​កម្ពុជា និង​របស់​គណបក្ស​ប្រជាជនកម្ពុជា។ តំណាងរាស្ត្រ​មណ្ឌលខេត្ត​កំពង់ធំ​រូប​នេះ​បញ្ជាក់ថា គេ​មិន​អាច​បំភ្លេច​ចំនុច​ប្រត្តិសាស្ត្រ​២​ធ្នូ ដែល​បាន​បង្កើត​អោយ​មាន​អ្វី​ៗ​ទាំងអស់​នៅពេល​នេះ​បាន​នោះទេ។
 
​២ធ្នូ​១៩៧៨​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»​​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥​ដល់​១៩៧៩ ក្រោម​ការ​ជួយ​គាំទ្រ​ពី កងទ័ព​វៀតណាម។
 
នៅ​កម្ពុជា អ្នកនយោបាយ​ដែល​ខុសនិន្នាការ​គ្នា បាន​ផ្តល់​តម្លៃ​ទៅ​លើ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​គ្នា។ ខណៈ​ដែល​​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទទួល​ស្គាល់​តែ​​​​ថ្ងៃ​ទី​២៣​តុលា១៩៩១ ថា​​ជា​ថ្ងៃនាំ​សន្តិភាព​អោយ​ដល់​កម្ពុជា​នោះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​អោយ​តម្លៃ​ទៅ​លើ​ថ្ងៃ​២​ធ្នូ​១៩៧៨​នេះ។ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោ​ក​ហ៊ុន សែន​ធ្លាប់​បាន​និយាយថា បើគ្មាន​២​ធ្នូ​១៩៧៨ ក៏​មាន​ថ្ងៃ​៧​មករា១៩៧៩ ហើយ​ក៏​គ្មាន​ជំនួប​ សីហនុ-ហ៊ុន​ សែន ឆ្នាំ​១៩៨៧ ហើយ​ក៏​គ្មាន​២៣​តុលា ១៩៩១​ដែរ៕