ក្រុមអ្នកវិភាគសង្គមឯករាជ្យលើកឡើងថារដ្ឋាភិបាលកម្ពុជាទំនងជាអាចសន្សំប្រាក់គ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ២លានរៀលស្មើនឹង ៥០០ ដុល្លារអាម៉េរិក។ ប្រសិនបើរដ្ឋាភិបាលធ្វើកំណែទម្រង់ ទំនើបកម្ម លើប្រព័ន្ធប្រមូលពន្ធដារ និងកាត់បន្ថយការចំណាយថវិការដ្ឋខ្ជះខ្ជាយលើមន្ត្រីរាជការ ដែលមានតែឈ្មោះ ឬគេនិយមហៅថាមន្ត្រីខ្មោច។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យថ្លែងថា មន្រ្តីរាជ្យការសរុបក្នុងប្រទេសកម្ពុជាមានចំនួនប្រហែលពី ១៥ ទៅ ២០ម៉ឺននាក់។ លោកបន្តថា បើប្រៀបធៀប នឹងចំនួនថវិកាជាតិសរុបក្នុងឆ្នាំ ២០១៤ ដែលមានជាង ៣,៥ពាន់លានដុល្លារ គេមិនអាចធ្វើការដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការជាពិសេសគ្រូបង្រៀនឲ្យបានរហូតដល់ ២លានរៀល ស្មើនឹង ៥០០ ដុល្លារអាម៉េរិកបានឡើយ។
ក៏ប៉ុន្តែអ្នកវិភាគសង្គមដដែលបន្ថែមថា រដ្ឋាភិបាលកម្ពុជាអាចធ្វើការប្រមូលប្រាក់ឲ្យគ្រប់សម្រាប់បើកប្រាក់ខែដល់មន្រ្តីរាជការបានក្នុងចំនួនយ៉ាងតិច ៥០០ ដុល្លារ ឬ ២លានរៀលបានតាមរយៈការធ្វើកំណែទម្រង់ទំនើបកម្មការប្រមូលពន្ធដា និងកាត់បន្ថយប្រាក់ដែលរដ្ឋាភិបាលបានចំណាយលើមន្ត្រីរាជការខ្មោច។
(សំឡេង លោក កែម ឡី)
យោងតាមរបាយការណ៍របស់សមាគមន៍គ្រូបង្រៀនឯករាជ្យបានឲ្យដឹងថាចំនួនគ្រូបង្រៀនសរុបនៅកម្ពុជាមានជាង ១១ ម៉ឺននាក់។ ក្នុងនោះប្រាក់ខែក្នុង ១ខែសម្រាប់គ្រូបង្រៀនថា្នក់បឋមសិក្សាគឺ ៣២ ម៉ឺនរៀល ស្មើនឹង ៨០ដុល្លារអាម៉េរិក។ គ្រូមធ្យមសិក្សាវិញទទួលបានប្រាក់ខែ ៤០ ម៉ឺនរៀលក្នុង១ខែ ស្មើនឹង ១០០ដុល្លារអាម៉េរិក។
ប្រាក់ខែមន្ត្រីរាជការជាពិសេសប្រាក់ខែគ្រូបង្រៀននៅកម្ពុជានៅតែជារឿងមួយដែលរសើបនៅឡើយ។ ហើយកន្លងមក ទាំងមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានដាក់ការសន្យារៀងៗខ្លួនថានឹងព្យាយាមដំឡើងប្រាក់ខែដល់មន្ត្រីរាជការក្នុងយុទ្ធសាស្ត្រ នយោបាយ ដើម្បីស្រូបយកការគាំទ្រ។
មន្ត្រីគណបក្សសង្គ្រោះជាតិថា ការសន្យារបស់គណបក្សថានឹងដំឡើងប្រាក់ខែឲ្យមន្រ្តីរាជ្យការនៅកម្ពុជាឲ្យបានយ៉ាងតិច ១លានរៀល ឬ ២៥០ដុល្លារអាម៉េរិកនោះគឺជាចំនុចចាប់ផ្តើម។
លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិថ្លែងថាលោកយល់ស្របនឹងការលើកឡើងរបស់ក្រុមអ្នកវិភាគសង្គម ដោយហេតុថា គណបក្សសង្គ្រោះជាតិបានរកឃើញការបាត់បង់ប្រាក់យ៉ាងច្រើន ដែលចាយវាយដោយគណបក្សកាន់អំណាច។
(សំឡេងលោក យ៉ែម បុញ្ញារិទ្ធិ)
ទោះបីជាយ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្លែងថាការលើកឡើងខាងលើមិនស្របទៅនឹងស្ថានភាពជាក់ស្តែង ឬលក្ខណៈវិទ្យាសាស្រ្តក្នុងប្រទេសកម្ពុជា។
(សំឡេងលោក ផៃ ស៊ីផាន)
ប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យនៅកម្ពុជានិយាយថា ដើម្បីអាចដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការនៅកម្ពុជាបានអាស្រ័យលើឆន្ទៈរបស់មេដឹកនាំ និងការប្រមូលប្រាក់ពន្ធដាឲ្យបានត្រឹមត្រូវ៕