អ្នក​វិភាគ​សង្គម៖ រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​អាច​ផ្តល់​ប្រាក់ខែ​យ៉ាង​តិច ៥០០ ដុល្លារ​ដល់​មន្ត្រី​រាជការ



ប្រសិន​បើ​រដ្ឋាភិបាល​អាច​ធ្វើ​​កំណែ​ទម្រង់​លើ​ការប្រមូល​ពន្ធដារ​ និង​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំ​បាច់​នោះ រដ្ឋាភិបាល​កម្ពុជា​អាច​នឹងមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំឡើង​​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​នៅកម្ពុជា​ឲ្យបាន​យ៉ាងតិច ៥០០ ដុល្លារ​អាម៉េរិក។ នេះបើ​យោង​តាមការ​ឲ្យដឹង​របស់​ក្រុម​អ្នកវិភាគ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា។

ក្រុម​អ្នក​វិភាគ​សង្គម​ឯករាជ្យ​លើកឡើង​ថារដ្ឋា​ភិបាលកម្ពុជា​ទំនង​ជាអាច​សន្សំ​ប្រាក់​គ្រប់គ្រាន់ សម្រាប់​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងតិច ២លានរៀល​ស្មើនឹង ៥០០ ដុល្លារអាម៉េរិក។ ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើកំណែ​ទម្រង់ ទំនើបកម្ម លើប្រព័ន្ធ​ប្រមូល​ពន្ធដារ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​រដ្ឋខ្ជះខ្ជាយ​លើមន្ត្រី​រាជការ​ ដែល​មានតែ​ឈ្មោះ ឬ​គេនិយម​ហៅ​ថា​មន្ត្រី​ខ្មោច។
លោក កែម ឡី អ្នកវិភាគ​សង្គម​ឯករាជ្យ​ថ្លែងថា ​មន្រ្តីរាជ្យការ​សរុប​​ក្នុង​ប្រទេស​​កម្ពុជា​មាន​ចំនួន​​ប្រហែល​ពី ១៥ ទៅ ២០ម៉ឺននាក់។ លោកបន្តថា​ បើប្រៀបធៀប​ នឹង​ចំនួនថវិកា​ជាតិ​សរុប​ក្នុងឆ្នាំ ២០១៤ ដែល​មាន​ជាង ៣,៥ពាន់លានដុល្លារ គេមិនអាច​ធ្វើការ​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ​ជាពិសេស​គ្រូបង្រៀន​ឲ្យបាន​រហូត​ដល់ ២លានរៀល ស្មើនឹង ៥០០ ដុល្លារ​អាម៉េរិក​បាន​ឡើយ។ 
ក៏ប៉ុន្តែ​អ្នកវិភាគ​សង្គម​ដដែល​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​ការប្រមូល​ប្រាក់ឲ្យ​គ្រប់​សម្រាប់​បើក​ប្រាក់​ខែ​ដល់​មន្រ្តីរាជការ​បាន​ក្នុងចំនួន​យ៉ាងតិច ៥០០ ដុល្លារ ឬ ២លានរៀល​បាន​តាម​រយៈ​ការធ្វើ​កំណែ​ទម្រង់​ទំនើប​កម្ម​ការ​ប្រមូល​ពន្ធដា និង​កាត់បន្ថយ​ប្រាក់​ដែល​រដ្ឋា​ភិបាល​បាន​ចំណាយ​លើ​មន្ត្រី​រាជការ​ខ្មោច។  
(សំឡេង លោក​ កែម ឡី)
យោងតាម​​របាយការណ៍​របស់​សមាគមន៍​គ្រូបង្រៀន​ឯករាជ្យ​បានឲ្យដឹងថា​ចំនួន​គ្រូបង្រៀន​សរុប​នៅកម្ពុជា​មានជាង ១១ ម៉ឺននាក់។ ក្នុងនោះ​ប្រាក់​ខែ​ក្នុង ១ខែ​សម្រាប់​គ្រូបង្រៀន​ថា្នក់​បឋម​សិក្សា​គឺ ៣២ ម៉ឺនរៀល ស្មើនឹង ៨០ដុល្លារអាម៉េរិក។ គ្រូ​មធ្យម​សិក្សា​វិញ​ទទួល​បាន​ប្រាក់​ខែ ៤០ ម៉ឺន​រៀល​​ក្នុង១ខែ ស្មើនឹង ១០០​ដុល្លារអាម៉េរិក។
ប្រាក់ខែ​មន្ត្រី​រាជការ​ជាពិសេស​ប្រាក់ខែ​គ្រូបង្រៀន​នៅកម្ពុជា​នៅតែ​ជារឿង​មួយដែល​រសើប​នៅ​ឡើយ។​ ហើយ​កន្លងមក​ ទាំង​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​បានដាក់​ការសន្យា​រៀងៗ​ខ្លួន​ថា​នឹង​ព្យាយាម​ដំឡើង​ប្រាក់ខែ​ដល់មន្ត្រី​រាជការ​ក្នុងយុទ្ធសាស្ត្រ​ នយោបាយ​ ដើម្បី​ស្រូប​យក​ការគាំទ្រ។​
មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ថា ការសន្យា​របស់​គណបក្ស​ថា​នឹងដំឡើង​ប្រាក់ខែ​ឲ្យ​មន្រ្តី​រាជ្យការ​នៅ​កម្ពុជា​ឲ្យ​បាន​យ៉ាងតិច ១លានរៀល ឬ ២៥០ដុល្លារអាម៉េរិក​នោះ​គឺជា​ចំនុច​ចាប់ផ្តើម។
លោក យ៉ែម បុញ្ញារិទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ថា​លោក​យល់​ស្រប​នឹង​ការលើក​ឡើង​​របស់​ក្រុម​អ្នកវិភាគ​សង្គម ដោយហេតុថា គណបក្ស​សង្គ្រោះ​ជាតិ​បានរក​ឃើញការបាត់បង់​ប្រាក់​យ៉ាងច្រើន​ ដែល​ចាយ​វាយ​ដោយ​គណបក្ស​កាន់អំណាច។​
(សំឡេងលោក យ៉ែម បុញ្ញារិទ្ធិ)
ទោះបីជាយ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​នៃទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​ថ្លែងថា​ការលើកឡើង​ខាងលើ​មិនស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ឬ​លក្ខណៈ​វិទ្យាសាស្រ្ត​ក្នុង​ប្រទេស​កម្ពុជា។
(សំឡេងលោក ផៃ ស៊ីផាន)
ប្រធាន​សមាគមន៍​គ្រូបង្រៀន​ឯករាជ្យ​នៅកម្ពុជា​និយាយថា ​ដើម្បី​អាចដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ​នៅកម្ពុជា​បាន​អាស្រ័យ​លើឆន្ទៈ​របស់​មេដឹកនាំ និង​ការប្រមូល​ប្រាក់ពន្ធដា​ឲ្យ​បាន​ត្រឹមត្រូវ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors