មានប្រសាសន៍ប្រាប់ Radio Australia បងប្រុសឈ្មោះ ចាន់ ថា ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានអះអាងថា ការចាប់ខ្លួនមន្ត្រីម្នាក់នៅអង្គភាពសាខាពន្ធដាខេត្តសៀមរាប បានបញ្ជាក់ឲ្យឃើញថា នេះជាការកែទម្រង់ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៥ ក្នុងការលុបបំបាត់អំពើពុករលួយ ដែលបញ្ហានេះធ្លាប់បានកើតមានឡើងជាយូរណាស់មកហើយ។
( សំឡេង បងប្រុស ចាន់ ថា )
បងប្រុសក៏បានបញ្ជាក់ទៀតថា អ្វីដែលបងបានដឹងនារយៈកាលកន្លងមកនោះ មានមន្ត្រីនៃស្ថាប័នរដ្ឋមួយចំនួន ក៏ធ្លាប់បានចុះទៅទារលុយនៅតាមភោជនីយដ្ឋានជាញឹកញាប់ផងដែរ។
( សំឡេង បងប្រុស ចាន់ ថា )
បងប្រុស ចាន់ ថា ក៏បានមានប្រសាសន៍ទៀតថា ដោយសារមន្ត្រីមួយចំនួនប្រព្រឹត្តនូវអំពើពុករលួយនេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលក្នុងអណត្តិទី៤ ពុំសូវទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ដូច្នេះប្រសិនបើនៅមិនធ្វើការកែទម្រង់ទៀតទេនោះ ការគាំទ្រពីប្រជាពលរដ្ឋនឹងកាន់តែមានចំនួនតិចជាងអណត្តិនេះមិនខាន។
( សំឡេង បងប្រុស ចាន់ ថា )
ពាក់ព័ន្ធនឹងបញ្ហានេះ បងប្រុសឈ្មោះ លី ហ៊ាង ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះ បានអះអាងយ៉ាងដូច្នេះ។
( សំឡេង បងប្រុសឈ្មោះ លី ហ៊ាង )
គួររំលឹកថា តាមលិខិតព័ត៌មានដែលផ្តល់ដោយអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៣នេះ លោក លីវ ប៊ុនថន ប្រធានផ្នែកគ្រប់គ្រងអ្នកជាប់ពន្ធមធ្យម នៃអង្គភាពសាខាពន្ធដាខេត្តសៀមរាប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន និង នាំទៅតុលាការ ដោយសារតែមន្ត្រីរូបនេះធ្វើឯកសារកំណត់ពន្ធឡើងវិញ ដោយបំប៉ោងតួលេខឲ្យខ្ពស់ ដើម្បីទារឲ្យម្ចាស់សណ្ឋាគារ ម្ចាស់ក្រុមហ៊ុនកម្រិតមធ្យមភ័យខ្លាច ត្រូវបង់លុយនៅក្រោមតុរបស់ខ្លួន ហើយក្នុងករណីម្ចាស់សណ្ឋាគារ ម្ចាស់ក្រុមហ៊ុនកម្រិតមធ្យម មិនព្រមដោះស្រាយនឹងត្រូវរងការបង់ពន្ធយ៉ាងខ្ពស់។
លិខិតដដែលបានលើកជាឧទាហរណ៍ថា សណ្ឋាគារធុនមធ្យមត្រូវបង់ពន្ធកំណត់ឡើងវិញត្រឹមតែ២០០ដុល្លារអាម៉េរិក ឬ៥០០ដុល្លារអាម៉េរិក ប៉ុន្តែលោក លីវ ប៊ុនថន ធ្វើបែបបទដើម្បីឲ្យសាខាពន្ធដាខេត្តសៀមរាប ទារ៧ពាន់ដុល្លារអាម៉េរិក ឬមួយម៉ឺនដុល្លារអាម៉េរិក ហើយបើម្ចាស់សណ្ឋាគារធុនមធ្យមទាំងនោះព្រមបង់លុយឲ្យគាត់មួយពាន់ទៅបីពាន់ដុល្លារអាម៉េរិក ទើបសណ្ឋាគារនោះ អាចបង់ពន្ធត្រឹមត្រូវតាមកំណត់គឺ ២០០ដុល្លារអាម៉េរិក ឬ៥០០ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា នេះជាលើកទីមួយ ដែលមន្ត្រីរដ្ឋាភិបាលនៅខេត្តសៀមរាប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ចាប់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តអំពើពុករលួយ៕
Labels:
ព័ត៌មានជាតិ
Previous Article
