
កិច្ចប្រជុំសភា នៅព្រឹកនេះ ក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានឧបនាយករដ្ឋមន្ត្រី ជាច្រើនរូបទៀតបានចូលរួមប្រជុំ។
មានក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ៥ ដែលមានការតែងតាំង រដ្ឋមន្ត្រី ឬប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៅក្នុងកិច្ចប្រជុំសភាព្រឹកនេះ។ ក្នុងនោះ មានក្រសួងឧស្សាហកម្ម និងសិប្បកម្ម- ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី។
សមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវកែសម្រួល និងបំពេញបន្ថែម ដែលរដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត នៅព្រឹកនេះ រួមមាន៖ លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានរដ្ឋលេខាធិការក្រសួង ៦ រូបទៀត។ លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានរដ្ឋលេខាធិការ ៦ រូបផ្សេងទៀត។
ចំណែកថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍន៍សង្គមមួយចំនួន បានរិះគន់ កិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាជិករដ្ឋាភិបាលបន្ថែមរបស់រដ្ឋសភាពេលនេះ៕
