លោក​ សម​ រង្សី​ថា ​អំពើ​ពុក​រលួយ​នៅក្នុងរង្វង់​រដ្ឋាភិបាល​ទេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​



 kem sokha and sam raingsy leading the rallies image
រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា​ការ​ធ្វើ​បាតុកម្ម​របស់​របស់​គណបក្ស​សង្រ្គោះជាតិ​ហួស​ដែន​កំណត់​មិន​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​ ហើយ​​បាន​ជិះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​មុខមាត់​កម្ពុជា​លើឆាក​អន្តរជាតិ​។ ​ប៉ុន្តែ​មេដឹកនាំ​គណបក្សប្រឆាំង​បាន​ច្រានចោល​ការ​លើកឡើង​ខាង​លើ​ ហើយ​ថា​អំពើ​ពុករលួយ​​នៅក្នុងរង្វង់​​រដ្ឋាភិបាល​កម្ពុជា​​កន្លង​មក​ទៅ​វិញទេ​ ដែល​ធ្វើឲ្យ​ប៉ះពាល់ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា​។
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ច្រាន​ចោល​ការ​លើកឡើង​ដែល​ថា​ ការ​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​របស់ ​គណបក្ស​សង្គ្រោះជាតិ​ថាបាន​នឹង​កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាពមិនប្រក្រតី​គ្រប់ផ្នែក​នៃ​ជីវភាព​សង្គម ​និង​ភាព​ថ្លៃថ្នូរ​បស់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។
លោក​ សម ​រង្សី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែងថា​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​អ្វី​ដល់​សង្គម​កម្ពុជា​ ឬ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ​។ លោក​បន្ថែមថា​អំពើ​ពុករលួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កន្លង​មក​ទៅវិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ និង​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​។
«គឺ​ត្រូវ​បាន​គេចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​។ហើយ​ឈ្មោះ​យើង​អាក្រក់​ទៀត​ដោយសារ​រដ្ឋភិបាល​សព្វថ្ងៃ​បាន​នាំ​ក្រុមហ៊ុន​ខិលខួច​មក​កាប់​បំផ្លាញ​ព្រៃឈើ​ យកដី​ធ្លី​ប្រជាពលរដ្ឋ​ មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។»
ប្រត្តិកម្ម​បែបនេះ​ធ្វើ​ឡើងបន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​អំពាវនាវ​ដោយ​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ​ជា​រឿយ​ៗ​មិនស្រប​ទៅ​តាម​គោលការណ៍​ លទ្ធិ​ប្រជាធិបតេយ្យ ​នីតិរដ្ឋ​ហើយ​បាន​កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​សង្គម និង​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា​លើឆាក​អន្តរជាតិ​។​
ក្នុង​លិខិត​ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹកមិញ​ក៏​បានអំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ និង​អ្នកចូលរួម​បាតុកម្ម​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​​សិទ្ធិសេរីភាព​ និង​ករណីកិច្ច​របស់​ប្រជាពលរដ្ឋ​ដូចមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ​អត្ថន័យផ្សេង​ៗ ​ក៏​បាន​បញ្ជាក់​ផង​ដែរថា​ប្រជា​ពលរដ្ឋខ្មែរ​មាន​សិទ្ធិស្មើគ្នា​ចំពោះ​មុខច្បាប់​ ការ​ប្រើប្រាស់​សិទ្ធិ​របស់​បុគ្គលម្នាក់​ៗ​មិនត្រូវឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​​ឡើយ​។
ក៏​ប៉ុន្តែ​លោក​ សម ​រង្សី ​មាន​ប្រសាសន៍ថា​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មាន​វិន័យ និង​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​ ហើយ​ការ​លើកឡើងនៃ​​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើបាតុកម្ម​ជា​ការ​សម្តែង​មតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​។​
«ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដឹងថា​គេត្រូវការ​ឲ្យមាន​ការផ្លាស់​ប្តូរ​ន​យោបាយ​។​ នយោបាយ​បែបហ្នឹង​វាហិនហោច​ប្រទេស​ជាតិ​យើង​។ ហ្នឹង​ហើយ​ជាសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​»
គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​ ២០​ខែ​ធ្នូ​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​នឹង​កំពុង​បន្តការ​ធ្វើបាតុកម្មរ​បស់​ខ្លួន​ឈាន​ដល់​ថ្ងៃ​ទី​ ៦​ ហើយ​។ ​គណបក្ស​សង្គ្រោះជាតិ​នៅ​បន្ត​ទាត់​ចោល​លទ្ធិផល​នៃ​ការ​បោះឆ្នោត​ ដែល​គណបក្ស​មួយនេះ​ចាត់ទុកថា​មានភាព​មិនប្រក្រតី​ធ្ងន់ធ្ងរ​។ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បានប្រកាស​ធ្វើ​បាតុកម្មរយៈ​ពេល​យូរ​គ្មាន​ការ​កំណត់​ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​សាឡើងវិញ​ក្នុង​អំឡុង​ពេល​ ៣​ខែ​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors