ភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលរកឃើញនៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតគឺគ្រប់គ្រាន់ធ្វើឲ្យការបោះឆ្នោតកាលពីថ្ងៃទី ២៨ខែកក្កដា បាត់បង់ជំនឿទុកចិត្ត និងទំនោរនៃការបោះឆ្នោត។ នេះបើយោងតាមរបាយការណ៍របស់សម្ព័ន្ធអង្គការកំណែទម្រង់ការបោះឆ្នោត Election Reform Alliance (ERA) ដែលទើបដាក់បង្ហាញនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ។
របាយការណ៍នេះជាការរួមបញ្ចូលគ្នារវាងការអង្កេតការបោះឆ្នោត តាមបែបស្ថិតិ
សវនកម្មវិទ្យាសាស្ថ្រនិងស្ទៀបស្ទង់មតិលើការបោះឆ្នោត បញ្ជីឈ្មោះអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោត ដោយរួមបញ្ចូលគ្នារវាងការរកឃើញរបស់ក្រុមអង្គការជាង ២០ ដែលធ្វើការស៊ើបអង្កេតការបោះឆ្នោត។ របកគំហើញឲ្យដឹងថាការបោះឆ្នោតនៅឆ្នាំ ២០១៣នេះមានការថយចុះនូវអំពើហិង្សា និងការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ចែករំលែកព័ត៌មាននយោបាយខុសពីអាណត្តិមុន។
ក៏ប៉ុន្តែបញ្ហាប្រឈមជាច្រើនត្រូវបានរកឃើញផងដែរ។ បញ្ហាទាំងនោះបានធ្វើឲ្យដំណើរការបោះឆ្នោតមិនសូវមានទំនុកចិត្ត។ ជាពិសេស មុនពេលបោះឆ្នោតអ្នកអង្កេតការបានរកឃើញថាភាពមិនប្រក្រតីដូចជាការបដិសេធប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតពីបញ្ជីបោះឆ្នោត
ការដាក់បញ្ជូលអ្នកគ្មានសិទ្ធិបោះឆ្នោត ឬអ្នកមានឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោត ការចែកឯកសារបញ្ជាក់អត្តសញ្ញាណឲ្យអ្នកបោះឆ្នោតជាច្រើន។
យោងតាមសវនកម្មរបស់អង្គការ NICFEC-NDI បានបង្ហាញថា ១០,៨% នៃមនុស្សដែលគិតថាខ្លួនបានចុះឈ្មោះបោះឆ្នោតរួច តែមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ដោយឡែកអង្គការ COMFREL បានរកឃើញដែរថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជិត ១, ២៥លាននាក់បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោត។ ផ្ទុយពីការរកឃើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានតែ ៣% បញ្ជាក់ថាឈ្មោះខ្លួនដែលរកឃើញបន្ថែម មិនត្រឹមត្រូវ។
លោក គល់ បញ្ញា នាយកប្រត្តិបត្តិនៃអង្គការ COMFREL លើកឡើងថា គ.ជ.ប ហាក់មិនបានបង្ហាញជំហរក្នុងការធ្វើការសហការជាមួយបណ្តាអង្គការសង្គម ហើយក៏មិនយកចិត្តទុកដាក់លើអនុសាសន៍ដែលផ្តល់ដោយសង្គមស៊ីវិលជាតិនិងអន្តរជាតិដែរ។
(សំឡេងលោក គល់ បញ្ញា)
លោកស្រី Laura Thornton នាយកប្រតិបត្តិរបស់អង្គការ NDI បានថ្លែងថា ភាពមិនប្រក្រតីនៃការបោះឆ្នោតច្រើនត្រូវបានរកឃើញ។ អ្នកស្រីបន្ថែមថារបាយការណ៍រួមគ្នារបស់អង្គការ ២០នេះនឹងផ្តល់ជាអនុសាសន៍ផ្សេងៗទៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានាដើម្បីជម្រុញ ឲ្យមានការបោះឆ្នោតត្រឹមត្រូវ។
(សំឡេងលោកស្រី Laura Thornton)
ទោះបីជាយ៉ាងនេះក្តីលោក ទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាជារឿងច្រំដែល និងបានបដិសេធការលើកឡើង និងការរកឃើញរបស់របាយការណ៍ខាងលើ។លោកបញ្ជាក់ថា គ.ជ.ប ធ្វើអ្វីៗស្របតាមគោលការណ៍ច្បាប់។
(សំឡេងលោក ទេព នីថា)
របាយការណ៍ដដែលលើកឡើងថាកំណែទម្រង់ការបោះឆ្នោតត្រូវតែជាអាទិភាពទី១ ហើយត្រូវបង្កើតឲ្យមានស្ថាប័នឯករាជ្យពិតប្រាកដមិនលំអៀង មិនចូលរួមក្នុងគណបក្សនយោបាយ មានតម្លាភាព គណនេយ្យភាព ដើម្បីធានាថាដំណើរការបោះឆ្នោតទាំងមូលដើម្បីអាចទទួលបានការជឿជាក់ពីម្ចាស់ឆ្នោត៕
ប្រភព ABC Radio Australia
Labels:
ព័ត៌មានជាតិ
Previous Article
