Pages

Monday, December 2, 2013

តុលាការ​ខេត្ត​បន្ទាយមានជ័យ​ចោទ​ប្រកាន់​គ្រូពេទ្យ​ព្យាបាល​ស្ត្រី​សម្រាល​កូន​ស្លាប់

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា តំណាង​អយ្យការ​បាន​បើក​ការ​ចោទ​ប្រកាន់​លើ​ករណី​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ព្យាបាល​ស្ត្រី​នៅ​ពេល​សម្រាល​កូន​បណ្ដាល​ស្លាប់​នោះ​ហើយ។ សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ កំពុង​ឋិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​​លោក​ចៅក្រម​ស៊ើបសួរ។
លោក ផាន់ វណ្ណរ័ត្ន ជា​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា តំណាង​អយ្យការ​ពុំ​បាន​ផ្អឹប​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ដែល​ស្លាប់​នៅ​ក្រោយ​ការ​សម្រាល​កូន​ដូច​ការ​ចោទ​កាន់​របស់​ក្រុម​គ្រួសារ​ជន​ស្ត្រី​រងគ្រោះ​នោះ​ឡើយ។
តំណាង​អយ្យការ​បាន​បើក​ការ​ចោទ​ប្រកាន់​លើ​គ្រូ​ពេទ្យ​នៅ​គ្លីនិក ប្រសិទ្ធិ នៅ​ក្រុង​ប៉ោយប៉ែត​ ហើយ​បញ្ជូន​សំណុំ​រឿង​នោះ​ទៅ​ឲ្យ​ក្រម​ស៊ើបសួរ​អស់​រយៈ​ជិត​ពីរ​ខែ​មក​ហើយ។
ការ​ថ្លែង​បញ្ជាក់​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ ដែល​បាន​រិះ​គន់​ថា តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រូពេទ្យ​បម្រើការ​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​​ក្រុង​ប៉ោយប៉ែត​ ដែល​បាន​ព្យាបាល​ស្ត្រី​សម្រាល​កូន​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់។
លោក ផាន់ វណ្ណរ័ត្ន៖ «ការ​ពិត​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​សំណុំ​រឿង​មក​ បាន​ស៊ើប​បឋម​រហូត​សួរ​តាំង​ពី​នៅ​ប៉ោយប៉ែត នៅ​គ្លីនិក​ឯកជន។ មនុស្ស​ដែល​នៅ​ក្នុង​ហ្នឹង ទាំង​ដើម​បណ្ដឹង ទាំង​ជន​រងគ្រោះ ទាំង​អ្នក​ធ្វើ​ការ​នៅ​ហ្នឹង​ផង​ អ៊ីចឹង​ការ​ស៊ើប​អង្កេត​អាច​ថា រាង​យូរ​បន្តិច ប៉ុន្តែ​ខ្ញុំ​បាន​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​ហើយ បាន​ចំណាត់​ការ​ទៅ​ដល់​ចៅក្រម​ស៊ើបសួរ​ ហើយ​តាំង​ពី​ជិត​ពីរ​ខែ​ហើយ យើង​បាន​បើក​ការ​ចោទ​ប្រកាន់​ហ្នឹង»។
​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​គ្រួសារ​ជន​រង​គ្រោះ​ចោទ​ថា ​ តុលាការ​ខេត្ត​បាន​ផ្អឹប​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ការ​សម្រាល​កូន​ម្នាក់​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ នៅ​ពុំ​ទាន់​បាន​បើក​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​ច្បាប់​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។
ប្អូន​ថ្លៃ​ស្ត្រី​រង​គ្រោះ​ គឺ​លោក អ៊ិន តាំងស្រួ អាយុ ៤៣​ឆ្នាំ​ រស់​នៅ​ភូមិ​ក្បាលស្ពាន​​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ថា ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣​ រូប​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ។ ស្ត្រី​​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្រោយ​ការ​សម្រាល​កូន​នោះ​ មាន​ឈ្មោះ ​ហួង ស្រីភួង អាយុ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ឫស្សី​លើ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ​ មាន​កម្មវត្ថុ​ ប្ដឹង​ឈ្មោះ តែ ដាវី ភេទ​ស្រី​ ជា​គ្រូពេទ្យ​ មាន​ទីលំនៅ​ នៅ​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​ព្យាបាល​ស្ត្រី​ជា​ម្ដាយ​ឆ្លង​ទន្លេ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​បាន​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ម៉ឺន​ដុល្លារ​ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​គ្រូពេទ្យ​ឈ្មោះ ​តែ ដាវី ទៅ​តាម​ច្បាប់៕
ប្រភព៖RFA