Pages

Monday, December 2, 2013

កម្ពុជា​រំ​ពឹង​ថា​នឹង​ទទួលបាន​​ភ្ញៀវ​ទេសចរ​​​ចិន​កាន់​តែ​ច្រើន​ឡើង

ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍​កម្ពុជា​​​ ​​មាន​ប្រ​សាសន៍​ថា ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ ប្រ​ទេស​កម្ពុជា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាជន​ជាតិចិន​កាន់​តែ​ច្រើនៗ​​ថែម​ទៀត ​ប្រសិន​បើ​គ្រប់​សេវាកម្ម​​ទេសចរណ៍​​ទាំង​អស់​នៅ​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ប្រកប​ទៅដោយ​គុណ​ភាព និង មាន​តម្លៃ​សម​ស្រប។

លោក ​ថោង ខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍ ​បាន​មាន​ប្រ​សាសន៍​ថា ការ​ហោះ​ហើរ​ត្រង់​​ដោយ​យន្ត​ហោះ​ Air China ពី​ទីក្រុង​ប៉េកាំង​ប្រ​ទេសចិន ឆ្ពោះ​មក​ខេត្ត​សៀម​រាប ជា​លើក​ទី​មួយ​កាល​ពី​យប់​​ថ្ងៃ​ទី​០១​ ខែ​ធ្នូ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រ​ជា​ពល​រដ្ឋ​​ចិន​នឹង​មាន​គម្រោង​មក​ធ្វើ​ទស្សនា​កំសាន្ត​​នៅ​​ក្នុង​ប្រ​ទេស​កម្ពុជា​ ជា​ពិសេស​នៅ​ខេត្ត​សៀម​រាប​នេះ​ កាន់​តែ​ច្រើន​ឡើង​ហើយ ប៉ុន្តែ​ដើម្បី​ទាក់​ទាញ​​ចំ​ណាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់​តែ​ខ្លាំង​នោះ ក្រៅ​ពី​តំបន់​​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប្រការ​សំ​ខាន់​​​គឺ​គ្រប់​សេវាកម្ម​​ទេសចរណ៍​ទាំង​អស់​ ត្រូវ​ប្រកប​​ដោយ​គុណ​ភាព និង​មាន​តម្លៃ​សម​ស្រប ក្នុង​ខណៈ​ពេល​ដែល​កន្លងមក​ នៅ​ខេត្ត​សៀម​រាប​នេះ មាន​ភាព​មិន​ប្រក្រ​តី​ទៅ​លើ​ទំនិញ​គ្មាន​គុណ​ភាព។
(សំ​ឡេង លោក ​ថោង ខុន)
លោក ​ថោង ខុន ​ក៏​បាន​លើក​ឡើង​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​នៅ​ក្នុង​ប្រ​ទេស​ថៃ កាល​ពី​ឆ្នាំ​២០០៣ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​ចិន បញ្ឈប់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​ថៃ។
(សំ​ឡេង លោក ​ថោង ខុន)
លោករដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍ ​បាន​​បញ្ជាក់​ទៀត​ថា មូល​ហេតុ​ ​​ដែល​ប្រតិបត្តិករទេសចរ​ទាំង​អស់​ត្រូវ​យកចិត្ត​ទុក​ដាក់​ចំ​​ពោះភ្ញៀវ​ទេសចរ​​​ចិននោះ ​គឺ​​ដោយ​សារ​ប្រ​ជា​ប្រជាពល​រដ្ឋ​​ចិន​មាន​គម្រោង​​​ផែន​ការធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​ក្រៅ​ប្រ​ទេស​​ ដែល​នឹង​មាន​ចំនួន​ជាង​២០០លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា មិន​មាន​ការ​រើស​អើង​ចំពោះ​អ្នក​ទេស​ចរ​នោះ​ទេ។
(សំ​ឡេង លោក​ ថោង ខុន)
ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មគ្គទេសក៍​​ទេសចរណ៍​ជា​ច្រើន​នាក់​នៅ​ខេត្ត​សៀម​រាប បាន​ប្រាប់​Radio Australia ថា ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​​គុណ​ភាព​លើ​សេវាកម្ម​ទេស​ចរ​នេះ គឺ​ជា​រឿង​ចាំ​បាច់​បំ​ផុត ​ដែល​មិន​អាច​មើលរំលង​បាន​ឡើយ​ ជា​ពិសេស​គឺ​តម្លៃ​ឲ្យ​បាន​សមរម្យ ហើយ​​​ក៏​រំពឹង​ទុក​ដែរ​ថា ភ្ញៀវ​ទេសចរ​​ចិន​នឹង​មាន​ការ​កើន​ឡើង​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​តទៅ។
សូម​បញ្ជាក់​ថា  ក្នុង​ចំ​ណោម​ភ្ញៀវ​ទេសចរ​បរទេស​​ចំ​នួន​ជាង១លាន​៦សែន​នាក់ ដែល​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​សៀម​រាប ក្នុង​រយៈពេល​១០​ខែឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរ​​​ជន​ជាតិចិន មាន​ចំនួន​ជាង​២២​ម៉ឺន​នាក់ ឈរ​នៅ​លំ​ដាប់​លេខ​២ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​កូរ៉េ ​ដែល​មាន​ចំនួន​ជាង​២៨​ម៉ឺន​នាក់៕