Pages

Sunday, December 1, 2013

អាមេរិក​នឹង​បំផ្លាញ​អាវុធ​គីមី​ស៊ីរី នៅលើ​សមុទ្រ

ដោយ ឈាង បុប្ផា
អាវុធគីមីមួយផ្នែក​របស់​ប្រទេស​ស៊ីរី​ ដែល​គេ​ចាត់ទុកជា​គ្រោះថ្នាក់ខ្លាំង​បំផុត និងអាទិភាព នឹង​​ត្រូវ​​គេ​បំផ្លាញ​នៅលើ​កប៉ាល់​របស់​អាមេរិក នៅក្នុង​ពេល​ខាងមុខនេះ។ នេះ​បើ​តាម​ការប្រកាស​កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ របស់​អង្គការ​ហាមឃាត់​អាវុធគីមី​​ ដែល​ទទួល​បន្ទុក​បំផ្លាញ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ីរី។
អង្គការហាមឃាត់អាវុធ​គីមី​ដែល​មាន​ទីតាំង​នៅទីក្រុង​ឡាអេ​បាន​អនុម័ត​ផែនទី​ចង្អុល​ផ្លូវ​មួយ​ស្តីពីការបំផ្លាញ​អាវុធ​គីមី​ស៊ីរី ចាប់​ពីពេលនេះ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៤។ នៅក្នុង​ផែនការ​កម្ទេច​អាវុធ​នោះ គេបាន​ចែង​លម្អិត​ពី​វិធីសាស្រ្ត​បំផ្លាញ​​អាវុធ​គីមី និង​ប្រតិបត្តិការ ​ដែល​ត្រូវ​ធ្វើឡើង​នៅលើ​ដី ឬ​នៅលើ​ទឹក គឺ​ធ្វើ​យ៉ាងម៉េច ឲ្យ​ស្ថិត​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​ជួប​សង្រ្គាម ដូចជាស៊ីរី។


ប៉ុន្តែ រហូតមកដល់​ពេលនេះ គ្មាន​ប្រទេស​ណាមួយ​ យល់ព្រម​ផ្តល់ទឹកដី​របស់ខ្លួន សម្រាប់​ទទួល​បំផ្លាញ​អាវុធ​គីមី​របស់​ស៊ីរី​ទេ។ ប្រទេស​អាល់បានី និង​បែលហ្ស៊ិក​ធ្លាប់​បាន​ចេញមុខ​ ជំទាស់​នឹង​ផែនការនេះ។ ក្នុង​លក្ខខណ្ឌ​បែបនេះ អាវុធ​គីមី ដែល​គេ​ផ្តល់​អាទិភាព​ថា​ត្រូវ​បំផ្លាញ​មុនគេនោះ នឹង​ត្រូវ​ដឹកយក​ទៅកម្ទេច​ចោល​នៅលើ​កប៉ាល់​របស់​អាមេរិក នៅ​ក្នុង​​សមុទ្រ ដែល​អង្គការហាមឃាត់​អាវុធ​គីមី​បាន​បដិសេធ មិន​បង្ហាញ​ឈ្មោះ។ ​

 ►សូមអាន៖ផែនការ​លម្អិត​នៃ​ការកម្ទេច​អាវុធ​គីមី​ស៊ីរី​ 

តាម​អង្គការ​ហាមឃាត់​អាវុធ​គីមី ដើម្បី​បំផ្លាញ​អាវុធ​គីមី​ដែល​គ្រោះថ្នាក់​ជាងគេ ដូចជា​ឧស្ម័ន Moutard គេ​នឹង​ប្រើ​បច្ចេកទេស​ឧទកកម្ម គឺ​ញែកធាតុ​ដោយ​ទឹក។ បន្ទាប់ពីនោះ កាកសំណល់​ជាតិ​ពុល​ដែល​គេ​ញែក​បានពី​ឧស្ម័នពុល​ នឹងត្រូវ​គេ​បំផ្លាញចោល​។ ចំណែក​អាវុធ​គីមី​ផ្សេងទៀត ដូចជា​ឧស្ម័ន​សេរ៉ាំង​ដែល​មាន​លក្ខណៈ​មិន​សូវ​ស្មុគស្មាញ​នឹង​ត្រូវ​គេ​បំផ្លាញ​ដោយ​ការដុតបំផ្លាញ។

តាម​ផែនការ ប្រតិបត្តិការ​គ្រប់គ្រង​ និង​បំផ្លាញ​អាវុធ​គីមី​របស់​ស៊ីរី ដើម្បី​កុំ​ឲ្យ​គេ​យកទៅ​ប្រើការបាន​តទៅទៀត ត្រូវ​ធ្វើ​ឲ្យ​ចប់​មុន​ថ្ងៃ​ទី ៣០​មិថុនា ឆ្នាំ ២០១៤។ ប៉ុន្តែ ការបំផ្លាញ​ចោល​ទាំងស្រុង អាវុធ​គីមី​​​ នឹង​ត្រូវ​បន្ត​ធ្វើ​រហូត​ដល់​ចុងឆ្នាំ ២០១៤។ បច្ចុប្បន្ននេះ អង្គការ​ហាមឃាត់​អាវុធ​កំពុង​ដាក់​ដេញថ្លៃ ស្វែងរក​ក្រុមហ៊ុន​ឯកជន ដែល​នឹង​​ទទួល​បន្ទុក​បំផ្លាញ​កាកសំណល់​ជាតិ​ពុល ដែល​គេ​ញែក​បាន​ចេញ​ពី​ឧស្ម័នគីមី​ពុល​ទាំងនោះ។​ ​

ប្រទេស​ស៊ីរី​ដែល​រងការគំរាម​វាយប្រហារ​ពី​អាមេរិក បាន​យល់ព្រម​សហការ​ ប្រគល់​អាវុធ​គីមី របស់​ខ្លួន ប្រមាណ​១២៩០​តោន​ ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​បំផ្លាញ។ តាម​កិច្ច​ព្រមព្រៀង​​ស្តីពី​អាវុធ​គីមី​ ដែល​​អាមេរិក និង​រុស្ស៊ីបាន​បង្កើតឡើង របបស៊ីរី​ត្រូវ​យល់ព្រម​ឲ្យ​គេ​បំផ្លាញ​ទីតាំង​​ផលិត​អាវុធ​គីមី ទាំងអស់ នៅក្នុង​ប្រទេស៕