អាវុធគីមីមួយផ្នែករបស់ប្រទេសស៊ីរី ដែលគេចាត់ទុកជាគ្រោះថ្នាក់ខ្លាំងបំផុត និងអាទិភាព នឹងត្រូវគេបំផ្លាញនៅលើកប៉ាល់របស់អាមេរិក នៅក្នុងពេលខាងមុខនេះ។ នេះបើតាមការប្រកាសកាលពីថ្ងៃសៅរ៍ ម្សិលមិញ របស់អង្គការហាមឃាត់អាវុធគីមី ដែលទទួលបន្ទុកបំផ្លាញអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី។
អង្គការហាមឃាត់អាវុធគីមីដែលមានទីតាំងនៅទីក្រុងឡាអេបានអនុម័តផែនទីចង្អុលផ្លូវមួយស្តីពីការបំផ្លាញអាវុធគីមីស៊ីរី ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១៤។ នៅក្នុងផែនការកម្ទេចអាវុធនោះ គេបានចែងលម្អិតពីវិធីសាស្រ្តបំផ្លាញអាវុធគីមី និងប្រតិបត្តិការ ដែលត្រូវធ្វើឡើងនៅលើដី ឬនៅលើទឹក គឺធ្វើយ៉ាងម៉េច ឲ្យស្ថិតនៅក្រៅប្រទេសដែលកំពុងជួបសង្រ្គាម ដូចជាស៊ីរី។
ប៉ុន្តែ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយ យល់ព្រមផ្តល់ទឹកដីរបស់ខ្លួន សម្រាប់ទទួលបំផ្លាញអាវុធគីមីរបស់ស៊ីរីទេ។ ប្រទេសអាល់បានី និងបែលហ្ស៊ិកធ្លាប់បានចេញមុខ ជំទាស់នឹងផែនការនេះ។ ក្នុងលក្ខខណ្ឌបែបនេះ អាវុធគីមី ដែលគេផ្តល់អាទិភាពថាត្រូវបំផ្លាញមុនគេនោះ នឹងត្រូវដឹកយកទៅកម្ទេចចោលនៅលើកប៉ាល់របស់អាមេរិក នៅក្នុងសមុទ្រ ដែលអង្គការហាមឃាត់អាវុធគីមីបានបដិសេធ មិនបង្ហាញឈ្មោះ។
►សូមអាន៖ផែនការលម្អិតនៃការកម្ទេចអាវុធគីមីស៊ីរី
តាមអង្គការហាមឃាត់អាវុធគីមី ដើម្បីបំផ្លាញអាវុធគីមីដែលគ្រោះថ្នាក់ជាងគេ ដូចជាឧស្ម័ន Moutard គេនឹងប្រើបច្ចេកទេសឧទកកម្ម គឺញែកធាតុដោយទឹក។ បន្ទាប់ពីនោះ កាកសំណល់ជាតិពុលដែលគេញែកបានពីឧស្ម័នពុល នឹងត្រូវគេបំផ្លាញចោល។ ចំណែកអាវុធគីមីផ្សេងទៀត ដូចជាឧស្ម័នសេរ៉ាំងដែលមានលក្ខណៈមិនសូវស្មុគស្មាញនឹងត្រូវគេបំផ្លាញដោយការដុតបំផ្លាញ។
តាមផែនការ ប្រតិបត្តិការគ្រប់គ្រង និងបំផ្លាញអាវុធគីមីរបស់ស៊ីរី ដើម្បីកុំឲ្យគេយកទៅប្រើការបានតទៅទៀត ត្រូវធ្វើឲ្យចប់មុនថ្ងៃទី ៣០មិថុនា ឆ្នាំ ២០១៤។ ប៉ុន្តែ ការបំផ្លាញចោលទាំងស្រុង អាវុធគីមី នឹងត្រូវបន្តធ្វើរហូតដល់ចុងឆ្នាំ ២០១៤។ បច្ចុប្បន្ននេះ អង្គការហាមឃាត់អាវុធកំពុងដាក់ដេញថ្លៃ ស្វែងរកក្រុមហ៊ុនឯកជន ដែលនឹងទទួលបន្ទុកបំផ្លាញកាកសំណល់ជាតិពុល ដែលគេញែកបានចេញពីឧស្ម័នគីមីពុលទាំងនោះ។
ប្រទេសស៊ីរីដែលរងការគំរាមវាយប្រហារពីអាមេរិក បានយល់ព្រមសហការ ប្រគល់អាវុធគីមី របស់ខ្លួន ប្រមាណ១២៩០តោន ទៅឲ្យអង្គការសហប្រជាជាតិបំផ្លាញ។ តាមកិច្ចព្រមព្រៀងស្តីពីអាវុធគីមី ដែលអាមេរិក និងរុស្ស៊ីបានបង្កើតឡើង របបស៊ីរីត្រូវយល់ព្រមឲ្យគេបំផ្លាញទីតាំងផលិតអាវុធគីមី ទាំងអស់ នៅក្នុងប្រទេស៕