Pages

Sunday, December 1, 2013

សកម្មជនបក្ស​ប្រឆាំងថៃ​​ចង់​ក្រសោប​វិមាន​រដ្ឋាភិបាល

ដោយ អៀង សុខម៉ិញ
បាតុករ​ប្រមាណ​ពីរ​ពាន់​នាក់ ជា​និស្សិត​ បាន​សាក​ល្បង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​​កម្លាំង​ប៉ូលិស​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ដោយ​នាំ​គ្នា​បន្តុក​បាវ​ខ្សាច់​ឱ្យ​ខ្ពស់​ឡើង​ ដើម្បី​ងាយ​ឆ្លង​របង​លួស ។ ប៉ុន្តែ​ជា​ចម្លើយ​តប​នឹង​ការ​ប៉ុន​ប៉ង​វាយ​លុក​​រនាំង​លួស​ និង​កម្លាំងរក្សា​​សន្តិសុខ ប៉ូលិស​បាន​ប្រើ​វិធី​សាស្ត្រ​ចរចា ដើម្បីការពារ​
វិមាន​រដ្ឋាភិបាល​ដែល​ជា​ទីស្នាក់​ការ​អំណាច​ប្រតិបត្តិ។ អ្នកនាំ​ពាក្យ​ប៉ូលិស ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា មាន​​​ផ្ទុះ​អំពើ​ហិង្សា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត ព្រមទាំង​មាន​ការ​បញ្ជូន​បាវ​ខ្សាច់​ឆ្ពោះ​ទៅ​វិមាន​រដ្ឋាភិបាលផង។ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ រថយន្តក្រុង​ដឹក​ក្រុម​អាវ​ក្រហម​មួយគ្រឿង បាន​រងការ​វាយ​បំផ្លាញ​ពី​សំណាក់​បាតុករ​។ ក៏​​មាន​ការ​ប៉ះទង្គិចគ្នា​ដែរ​ នៅ​ទី​លាន​ពហុកីឡាដ្ឋាន​ជាតិ​ក្រុង​បាងកក ទី​ដែល​ពួកអាវ​ក្រហម ​​អ្នក​គាំទ្រ​រដ្ឋាភិបាល​រាប់​ពាន់​កំពុង​ជួបប្រជុំ​​គ្នា។ ម្ខាងៗ​បាន​គប់​ដប​ជ័រ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្លង​របង​ស្តាត ឯប៉ូលិស​​វិញ​មិន​បាន​ធ្វើ​អន្តរាគមន៍​អ្វី​ក្នុង​ស្ថានការណ៍​នេះ និង​ក៏​គ្មាន​តុល្យការ​បញ្ជាក់​ពី​ជន​រងគ្រោះ​ដែរ។
 
ចំណែក​រដ្ឋាភិបាល​វិញ បាន​ជ្រើសរើស​ ការ​មិន​ប្រើ​ហិង្សា​ ! ទោះ​បី​ជា​ប្រមុខ​ចលនា​ដឹកនាំ​បាតុកម្ម ស៊ូថេប​ថង​ស៊ូបាន ត្រូវ​បាន​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​បាន​ចេញមុខ​ប្រកូក​ប្រកាស​ធ្វើ​បាតុកម្ម​ធំ​ផ្តួល​រដ្ឋាភិបាល​នៅ​អាទិត្យ​ទី​១​ធ្នូ​ឱ្យ​បាន​យ៉ាង​ណា​ក្តី ក៏​គ្មាន​ឃើញ​ប៉ូលិស​ណា​ចេញ​មុខ​ទៅ​ចាប់​។
 
លោកស្រី​ នាយករដ្ឋ​មន្ត្រី​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ អំពាវនាវ​ឱ្យ​បាតុករ​ត្រលប់​ទៅ​ផ្ទះ​ បញ្ឈប់​សកម្មភាព ព្រោះ​រដ្ឋាភិបាល​ ​មិន​ប្រើ​កម្លាំង​បាយ​ មិន​ដាក់​ឱសានវាទ ឬ​ធ្វើ​អ្វី​ឱ្យ​មាន​អ្នក​រង​របួស​ទេ។ លោកស្រី​យីងឡាក់ បាន​ប្រើយុទ្ធសាស្ត្រ​ស្រទន់​ ព្រោះ​មិន​ចង់​ធ្លាក់​ក្នុង​អន្ទាក់​របស់​បក្ស​ប្រឆាំង​ដូច​ឆ្នាំ​២០១០ ហើយ​ម្យ៉ាង​ទៀត លោកស្រី​ត្រូវ​ទ្រាំ​អត់​ធ្មត់​ឱ្យ​បាន​ដល់​ថ្ងៃ​ទី​៥​ធ្នូ​ ដែល​ទំនង​ជា​អាច​ជួយ​បំបែក​ហ្វូង​បាតុករ​បាន ព្រោះ​ប្រជារាស្ត្រ​ថៃ​ដែល​គោរព​ព្រះ​មហាក្សត្រ​ដូច​ព្រះ មិន​មើល​រំលង​ ថ្ងៃ​ខួប​កំណើត​ព្រះ​មហាក្សត្រ​ទេ៕