ក្រុមប្រជាពលរដ្ឋ និងយោធិនពិការបានអះអាងថាការផ្តល់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលប្រមាណជាង៣០០០ហិចតា នៅឃុំបឹងប្រាំស្រុកបវេលខេត្តបាត់ដំបង ធ្វើឲ្យវិបត្តិដីធ្លីនៅតំបន់នោះ
មានសភាពធ្ងន់ធ្ងរ ដោះស្រាយមិនចេះចប់។ ស្ថានភាពនេះដោយសារតែការផ្តល់ដីសម្បទានសង្គមកិច្ចនោះបានជាន់លើដីប្រជាពលរដ្ឋ ដែលកាន់កាប់ច្រើនឆ្នាំ។ យោធិនពិការ ដែលទទួលបានដីសម្បទានសង្គមកិច្ច ភាគច្រើនបានតែប្លង់ឬវិញ្ញាបនបត្រកាន់កាប់ដី តែពុំទទួលបានដី។
ប្រជាពលរដ្ឋ លោក អ៊ុល យ៉ាន បានថ្លែងថាប្រជាពលរដ្ឋប្រមាណ២៥០គ្រួសាររស់នៅ៥ភូមិមានភូមិ បួជុំ, ស្ថាពពីរ, បឹងសង្កែ, ភូមិបឹងពពូល នៅក្នុងឃុំអំពិលប្រាំដើម និង ភូមិបឹងជំនីងឃុំព្រៃខ្ពស់ស្រុកបវេល។
លោកថារដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចប្រមាណ៣៦៣៨ហិចតា ដល់យោធិនពិការ និង ប្រជាពលរដ្ឋក្រីក្រ កាលពីឆ្នាំ២០១២ បានជាន់លើដីប្រជាពលរដ្ឋ ដែលរស់នៅចាស់ក្នុងតំបន់នោះ។
(សំឡេង លោក អ៊ុល យ៉ាន)
លោក មាស សំណាង មន្រ្តីសាលាខេត្តបន្ទាយមានជ័យ ដែលលោកនិងសាច់ញាតិមានដី តំបន់នោះប្រមាណ៨០ហិចតា ដែលកាន់កាប់ដោយ១២គ្រួសារដែរនោះ បានថ្លែងថាក្រោយពីរដ្ឋាភិបាល ផ្តល់ដីសម្បទានសង្គមកិច្ច នៅឃុំបឹងប្រាំ គឺកើតមានអំពើហិង្សាជាបន្តបន្ទាប់ ដោយសារតែដីសម្បទាននោះបានជាន់លើដីប្រជាពលរដ្ឋដែលរស់នៅចាស់។ លោកថាកន្លងទៅប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារបានដាក់ពាក្យបណ្តឹងដល់គណៈកម្មាធិការជាតិដោះស្រាយដីធ្លី និង ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែរ តែនៅមិនទាន់ដោះស្រាយចប់ ។ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋប្រមាណ២៥០បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីដោះស្រាយជូនពួកគាត់។
យោធិនពិការលោក ហាច សំណាង បានអះអាងថាយោធិនពិការទាំង២៥០គ្រួសារ ទទួលបានផ្ទះពីរដ្ឋាភិបាលស្ទើរអស់ហើយ តែចំណែកដីសម្បទានសង្គមកិច្ច ដែលផ្តល់ឲ្យម្នាក់មួយហិចតានោះ គឺទទួលបានតែប្លង់ដីប៉ុណ្ណោះ ចំណែកដីគឺត្រូវបានប្រជាជនកាន់កាប់ ដោយសារតែប្លង់ដីនោះ ជាន់លើដីប្រជាពលរដ្ឋដែលរស់នៅចាស់ ។
ទាក់ទងបញ្ហានេះ លោក ឈាន នី មេឃុំបឹងប្រាំ បានថ្លែងថាក្នុងការបែងចែក និងវាស់វែងដីកន្លងមកអាជ្ញាធរបានអនុវត្តតាមសារាចរណ៍01របស់រដ្ឋាភិបាលផង និង តាមគោលការណ៍ដីសម្បទាន សង្គមកិច្ចផង។ លោកថាដីសម្បទានសង្គមកិច្ចជាង៣៦០០ហិចតាបានរៀបចំ បែងចែកដល់យោធិនពិការ២៥០គ្រួសារ ដោយមួយគ្រួសារទទួលបានដីកសិកម្ម១ហិចតានិងដីលំនៅដ្ឋាន៣០ម៉ែត្រគុណនឹង៤០ម៉ែត្រ។ ប្រជាពលរដ្ឋស៊ីវិល១២៩៩គ្រួសារ មួយគ្រួសារទទួលបានដីលំនៅដ្ឋានមួយរ៉ៃ និងដីកសិកម្មបីរ៉ៃ និង សល់ប៉ុន្មានប្រជាជនរស់នៅជាក់ស្តែងដោយអនុវត្តតាមសារាចរណ៍01។
លោក ឈាន នី បានថ្លែងថា បើទោះជាមានការបែងចែកដី និងចេញប្លង់កាន់កាប់ស្របច្បាប់ ហើយក៏ដោយ ប្រជាពលរដ្ឋប្រមាណ១២៩៩គ្រួសារ និងយោធិនពិការ២៥០គ្រួសារ អាស័្រយផលលើដីនោះបានតិចតួចប៉ុណ្ណោះ ដោយសារតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើង ចេះតែមកអះអាងថាជាដីរបស់គេ។
(សំឡេង លោក ឈាន នី)
ទាក់ទងបញ្ហានេះ លោក បាជ្ញ ច័ន្ទ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាប្រជាពលរដ្ឋនិងយោធិនដែលទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ត្រូវតែទទួលបានដីចំណែក រីឯប្រជាពលរដ្ឋផ្សេងដែលចេះតែមកអះអាង អាចប្រឈមនឹងផ្លូវច្បាប់៕
ប្រភព ABC Radio Australia
