
មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា អាកាសធាតុបានចុះត្រជាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដោយអាកាសធាតុត្រជាក់នេះចុះត្រជាក់ពី ៣១ឬ៣២ អង្សាសេ
ចុះមកដល់ ១៤ ឬ១៥ អង្សាសេ។ មានពលរដ្ឋខ្លះបានពាក់អាវរងារ និងពលរដ្ឋខ្លះទៀតបានបំពក់ភ្លើងអាំងដើម្បីបំបាត់ភាពរងារជាដើម។
ដោយឡែកពលរដ្ឋរស់នៅខេត្តកំពតបានឲ្យដឹងថា ទឹកភ្លៀងបានធ្លាក់ច្រើនតាំងពីយប់ថ្ងៃទី១៦ ខែធ្នូ មកដល់ថ្ងៃអង្គារ៍នេះមិនទាន់រាំងនៅឡើយទេ។ ប្រជាពលរដ្ឋបន្តថា ទឹកភ្លៀងនេះបានជនលិចស្រូវទុំរដូវវស្សា ដែលមិនទាន់បានប្រមូល ឬជនលិចស្រូវទុំក្នុងស្រែអស់គ្មានសល់។
បញ្ហានេះមន្ត្រីក្រសួងធនធានទឹកឲ្យដឹងថា អាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់រាយប៉ាយ តាមរាជធានី-ខេត្តភាគច្រើននៅទូទាំងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ទឹកភ្លៀង នៅបន្តធ្លាក់រហូតមកដល់ម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃអង្គារ៍នេះ មិនទាន់ឈប់ទេ។ ហើយផ្ទៃមេឃមានខ្យល់បក់ខ្លាំង មេឃមានពពកច្រើន មានរលឹម និងភ្លៀងជាបន្តបន្ទាប់៕
