ឥណ្ឌា​ចាត់​វិធានការ​សងសឹក​អាមេរិក​ដែលបាន​ឃាត់ខ្លួន​ស្ត្រីការទូត​ឥណ្ឌា​នៅ​ក្រុងញូវយក​



ស្ត្រីការទូត​​ឥណ្ឌា លោកស្រី Devyani Khobragade
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​អង្គារនេះ ​ឥណ្ឌា​បាន​ចាត់វិធានការ​តបត​ទៅរដ្ឋាភិបាល​​អាមេរិក​ ដើម្បី​សងសឹក​នឹង​ការ​ដែល​អាមេរិក​បាន​ឃាត់ខ្លួន និង​ឆែកឆេរ​ខ្លួន​ស្ត្រី​ការទូត​ឥណ្ឌា​មួយរូប នៅ​ទីក្រុង​ញូវយក​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន។ រដ្ឋាភិបាល​ឥណ្ឌា ​បាន​បញ្ជា​អោយ​ដកហូត​​អត្តសញ្ញាណ​បណ្ណ​ដែល​ក្រសួងការបរទេស​​ឥណ្ឌា​ធ្លាប់​បាន​ផ្តល់​អោយ​មន្ត្រី​តំណាង​អាមេរិក​​ នៅ​ឥណ្ឌា​។
យោងតាម​ប្រភព​ព័ត៌មាន​​​មិន​បញ្ចេញ​អត្តសញ្ញាណ ដែល​សារព័ត៌មាន​​បារាំង អាអេហ្វប៉េ AFP ទទួលបានពី​ក្រសួងការបរទេស​ឥណ្ឌា ​នៅថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ចេញបញ្ជា​ដក​ហូត​យក​អត្តសញ្ញាណបណ្ណ​ដែល​ក្រសួងការបរទេស​ឥណ្ឌា​បានប្រគល់​ទៅអោយ​​មន្ត្រី​តំណាង​សហរដ្ឋអាមេរិក​នានា ដែល​កំពុង​រស់​នៅ​​ឥណ្ឌា។

អត្តសញ្ញាណ​បណ្ណ​នេះ អាចអោយ​មន្ត្រី​អាមេរិកកាំង​ទាំងនេះ មានអាទិភាព​​ឆាប់​ត្រូវ​​​បានគេ​​​​ត្រួតពិនិត្យ​​​នៅ​អាកាសយានដ្ឋាន​​​ឥណ្ឌា និង​នៅ​តាមទីកន្លែង​សាធារណៈ​ផ្សេងទៀត។ ជាការ​សងសឹក​ រដ្ឋាភិបាល​ឥណ្ឌា​ក៏​នឹង​​​​បង្កក​ការ​នាំចូល​នូវ​ទ្រព្យសម្បត្តិ​​​​​បែប​​សាសនា​រឺ​​អរូបិយ​ ដែល​ត្រូវ​​បញ្ជូន​ទៅ​​អោយ​ស្ថានទូត​អាមេរិក​ នៅ​ឥណ្ឌា​​ផងដែរ។

ប៉ូលិស​​ឥណ្ឌា​​បាន​ដកយក​ចេញ​​របាំងសន្តិសុខ ដែល​ដាក់នៅ​ជិត​​​​​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ក្រុង​ញូវដេល្លី។

វិធានការទាំង​អស់​នេះ គឺ​ជា​ការសងសឹក​ចំពោះ​អាជ្ញាធរ​អាមេរិក ដែល​បាន​ឃាត់ខ្លួន​ស្ត្រីការទូត​ឥណ្ឌា​មួយរូប នៅទីក្រុង​ញូវយក។ ស្ត្រី​ការទូត​រូបនោះ​ ​ឈ្មោះ​ ដេវយ៉ានី ខូប្រាហ្កាដេ ​Devyani Khobragade ជា​អនុប្រធាន​កុងស៊ុល​របស់​ឥណ្ឌា។ លោកស្រី​ខូប្រាហ្កាដេ ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន កាលពី​ថ្ងៃ​​ព្រហស្បតិ៍ នៅពេល​លោកស្រី​កំពុង​​ជូនកូនៗ​លោកស្រី​ទៅសាលារៀន។ លោកស្រី​ ខូប្រាហ្កាដេ ជាប់ចោទ​​ពីបទ​​​ធ្វើ​សេចក្តី​បញ្ជាក់​ក្លែងក្លាយ​ទាក់ទង​នឹង​ទិដ្ឋាការ​អ្នកបំរើការ​ក្នុង​ផ្ទះ​របស់​លោកស្រី។ អាជ្ញាធរ​អាមេរិក​បាន​ដាក់ខ្នោះ​ និងបាន​ឆែកឆេរ​រាងកាយ​គាត់​​ ហើយ​ថែម​ទាំង​បាន​ឃុំ​ខ្លួន​គាត់​​ អោយ​នៅ​ជាមួយ​អ្នកជក់​គ្រឿងញៀន​​ទៀតផង។ ​ប៉ុន្តែ អាជ្ញាធរ​អាមេរិក​បាន​ដោះលែង​លោកស្រី​ ខូប្រាហ្កាដេ មកវិញ​ ក្រោយពី​បាន​ឃាត់ខ្លួនគាត់​បាន​ប៉ុន្មាន​ម៉ោង​រួចមក។

រដ្ឋាភិបាល​ឥណ្ឌា​មានការ​ខឹងសម្បារ​ខ្លាំង​ និង​បាន​ប្រាប់ថា ទង្វើ​អាមេរិក​បែបនេះ​មិនអាច​ទទួល​យកបាន​នោះទេ។ ​​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ សាលម៉ាន ខឺរស្ហ៊ីត Salman Khurshid ធ្លាប់បាន ប្រកាស​​រួច​មកហើយ​​ថា នឹង​ចាត់វិធានការ​​​​​​​តបត​ទៅ​នឹង​អាមេរិក​ក្នុង​រឿងនេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors