Pages

Sunday, December 1, 2013

ប៉ូលិស​ឃុំ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​ធ្វើ​ទារុណកម្ម​លើ​អ្នក​ភូមិ

 មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ទារុណកម្ម​ វាយ​ដំ​ទៅ​លើ​បុរស​ជា​អ្នក​ភូមិ​ម្នាក់​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់។ បន្ទាប់​ពី​ការ​វាយ​ដំ​ពួកគេ​បាន​​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ថែម​ទៀត។មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ករណី​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ហើយ​បាន​ស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​ទៅ​ផ្លូវ​ច្បាប់។
ជន​រង​គ្រោះ​ដោយ​អំពើ​ទារុណកម្ម​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​ ឲ្យ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ពី​ករណី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ បាន​ចាប់​រូប​គាត់​យក​ទៅ​វាយ​ដំ និង​ជំរិត​ទារ​ប្រាក់​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់។ ជន​រង​គ្រោះ​មាន​ឈ្មោះ ភឿន ថេន ​អាយុ ៣៤​ឆ្នាំ​ បញ្ជាក់​កាល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា នគរបាល​ឈ្មោះ គឹម ស៊ីដេត បាន​ចាប់​រូប​គាត់​យក​ទៅ​ទីស្នាក់ការ ទាត់​ធាក់​និង​វាយ​បី​ទៅ​បួន​ដៃ។
បន្ទាប់​មក​មាន​នគរបាល​ឈ្មោះ ​ម៉ូត ចំរើន ម្នាក់​ទៀត​​ស្ទុះ​ទៅ​វាយ​បន្ថែម​ជា​ច្រើន​ដៃ​ទៀត​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ បណ្ដាល​ឲ្យ​មាន​របួស ហើម​មុខ​និង​ហើម​ដៃ​ឆ្វេង៖ «មុន​ដំបូង​ខ្ញុំ​នៅ​អង្គុយ​បង់​ត្រី ស្រាប់​តែ​មាន​ប៉ូលិស​ពីរ​នាក់​បាន​ទៅ​ហៅ​ខ្ញុំ ហើយ​ក៏​ចាប់​ដៃ​ខ្ញុំ​បង្ខំ​ឲ្យ​ឡើង​ម៉ូតូ​ជាមួយ ហើយ​ខ្ញុំ​សួរ​ថា តើ​ខ្ញុំ​ខុស​អី? គេ​ថា មិន​ចាំ​បាច់​មាន​ខុស​ទេ ឡើង​ម៉ូតូ​ទៅ ហើយ​ខ្ញុំ​ក៏​ឡើង​ម៉ូតូ​ទៅ ស្រាប់​តែ​ទៅ​ដល់​ប៉ុស្តិ៍​អង្គុយ​បាន​មួយ​សន្ទុះ​ ស្រាប់​តែ​ប៉ូលិស​ស្ទុះ​មក​ទាត់​ខ្ញុំ វាយ​ខ្ញុំ​យក​តែ​ម្ដង ហើយ​ប្រាប់​ថា នេះ​ជា​ប៉ុស្តិ៍​ប៉ូលិស​ណា។ គេ​អត់​មាន​ប្រាប់​ពី​មូលហេតុ​អី​ផង»។
លោក​បន្ត​ថា ក្រោយ​ពី​ការ​វាយ​ដំ​ប្រពន្ធ​របស់​គាត់​បាន​ទៅ​ដល់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ។ ក្រុម​នគរបាល​នៅ​ទី​នោះ​ បាន​ទារ​ប្រាក់​ពី​គាត់​ចំនួន ១៥​ម៉ឺន​រៀល។ ក្រោយ​មក ចុះ​មក​នៅ​ត្រឹម ៥​ម៉ឺន​រៀល ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​ឆ្លើយ​ថា អត់​មាន​ប្រាក់។ នគរបាល​បាន​បង្ខំ​ឲ្យ​ប្រពន្ធ​គាត់​ទៅ​រក​ខ្ចី​លុយ​គេ​ទៅ​បង់។ ដោយ​មើល​ថា​ ជន​រង​គ្រោះ​ពុំ​អាច​មាន​លទ្ធភាព​ក្នុង​ការ​រក​លុយ​បង់​ឲ្យ​ខ្លួន​បាន ពួកគេ​បែរ​ជា​​និយាយ​ល្អ​វិញ​ថា៖ «បើ​តាម​ទឹក​ចិត្ត​បង​ឯង​អោយ​ប៉ូលិស​ប៉ុន្មាន? ជន​រងគ្រោះ​ឆ្លើយ​ថា មាន​តែ ២​ម៉ឺន​ ហើយ​ប៉ូលិស​ក៏​ព្រម​ទទួល​យក​លុយ​នោះ​ទៅ»។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​លីកាដូ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ជន​រង​គ្រោះ​ឈ្មោះ ភឿត ថេន អាយុ ៣៤​ឆ្នាំ ​រស់​នៅ​ភូមិ​អូរឫស្សី ឃុំ​បឹងប្រាំ ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង សុំ​ប្ដឹង​នគរបាល​ ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ពុំ​មាន​មូលហេតុ។ ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ មាន​នគរបាល​ពីរ​នាក់ ម្នាក់​ឈ្មោះ គឹម ស៊ីដេត និង​នគរបាល​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ទៅ​ចាប់​រូប​គាត់​ដែល​កំពុង​បង់​សំណាញ់​​នៅ​ភូមិ​អូរឫស្សី យក​ទៅ​ទីស្នាក់ការ​របស់​ខ្លួន។
នៅ​ពេល​ទៅ​ដល់​បាន​ប្រហែល ១០​នាទី​ នគរបាល​ឈ្មោះ គឹម ស៊ីដេត ធាក់​និង​វាយ​បី​ទៅ​បួន​ដៃ។ បន្ទាប់​មក​នគរបាល​ឈ្មោះ ​ម៉ូត ចំរើន បាន​ស្ទុះ​ទៅ​វាយ​បន្ថែម​ជា​ច្រើន​ដៃ​ទៀត​ផ្ទប់​ទៅ​នឹង​ជញ្ជាំង។
ទាក់ទិន​បញ្ហា​នេះ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បវេល លោក ឆេង ​ឡាយ ថ្លែង​ថា ជន​រង​គ្រោះ​ឈ្មោះ ​ភឿន ថេន ជា​បណ្ដាញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ភូមិ។ ប៉ូលិស​បាន​វាយ​ដំ​ទៅ​លើ​ជន​រងគ្រោះ​នេះ​ លោក​យល់​ថា ជា​អំពើ​ខុស​ច្បាប់ ​ព្រោះ​ជនរងគ្រោះ​ពុំ​មាន​ទោស​កំហុស​ទេ៖ «វា​អត់​ត្រូវ​ទាល់​តែ​សោះ! បើ​ថា អ្នក​ឯង​លេង​បៀរ ក៏​ត្រូវ​អាជ្ញាធរ​ភូមិ​ឃុំ​ហៅ​ទៅ​ព្រមាន​កុំ​ឲ្យ​លេង​មួយ​ដង ជា​ពីរ​ដង​អី​អ៊ីចឹង​ទៅ បើ​ថា ​គាត់​មិន​រាងចាល ថ្ងៃ​ក្រោយ​ហៅ​មក​ប៉ុស្តិ៍​ប៉ូលិស​ដាក់​ទោសទណ្ឌ​ទៅ មិន​ត្រូវ​វ៉ៃ ព្រោះ​នេះ​ជា​ការ​បំបាក់​ស្មារតី​ក្នុង​នាម​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ»។
វិទ្យុ​អាស៊ីសេរី​ ពុំ​អាច​ទាក់ទង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ដើម្បី​បញ្ជាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ បាន​ទេ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ​ហេង ​សាយហុង ដែល​ចុះ​ស៊ើប​អង្កេត​ដល់​ផ្ទះ​ជនរងគ្រោះ​បញ្ជាក់​ថា មន្ត្រី​នគរបាល​បាន​វាយដំ​ទៅ​លើ​ជន​រងគ្រោះ​ដោយ​​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់។ រឿង​នេះ​ លោក​ចាត់​ទុក​ថា ជា​អំពើ​ឃោរឃៅ​មួយ​ខុស​ច្បាប់។
លោក ហេង សាយហុង៖ «អត់​មាន​រឿង​អី​កំណត់​ហេតុ​អី​ច្បាស់​លាស់ ចោទ​គេ​ពី​រឿង​អី ហៅ​គេ​ទៅ​វាយ​រហូត​ដល់​ចាប់​គេ​ជំរិត​ទារ​ប្រាក់​វា​ជា​រឿង​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ណាស់។ តាម​ផ្លូវ​ច្បាប់ ធ្ងន់ធ្ងរ​ណាស់!បើ​សិន​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ បញ្ហា​ហ្នឹង​វា​នឹង​ធ្ងន់ធ្ងរ គេ​នឹង​លើក​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​ការ​ជំរិត​ទារ​ប្រាក់​ ព្រោះ​យើង​ហៅ​គាត់​ទៅ​វាយ​ដំ​អត់​មាន​រឿង​អី​សោះ»។
អង្គការ​​លីកាដូ យល់​ថា ការ​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស ​ឃុំ​បឹងប្រាំ​ បាន​​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​ទូទៅ​ ដែល​ពួកគេ​ខំប្រឹង​ធ្វើ​ការ​កែ​ទម្រង់​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​​​ប្រើ​អំពើ​ហិង្សា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។
អង្គការ​លីកាដូ ​អះអាង​ថា នឹង​​អន្តរាគមន៍​ជួយ​​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ព្រោះ​រឿង​នេះ​ជា អំពើ​មួយ​ដែល​​បង្ហាញ​ឲ្យ​​ឃើញ​ថា​ នគរបាល​នៅ​តែ​ប្រើ​អំណាច​វាយ​ដំ​ទៅ​លើ​ជន​ស្លូត​ត្រង់ ហើយ​ទង្វើ​នេះ​ បាន​​​បង្ក​ផល​ប៉ះពាល់​ដល់​មុខ​មាត់​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​ច្រើន​នាក់​ផ្សេង​ទៀត៕